ភ្នំពេញ ៖ នាព្រឹកថ្ងៃអង្គារ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ពិធីប្រគល់រថយន្តជូនស្នងការដ្ឋាននគរបាលខេត្ត ប្រារព្ធនៅទីស្ដីការក្រសួងមហាផ្ទៃ។
ឯកឧត្តមនាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ បានធ្វើរបាយការណ៍ជូនសម្ដេចក្រឡាហោមថា រថយន្តដែលបានផ្ដល់ជូននាឱកាសនេះ គឺជាប្រភេទរថយន្តFord មានចំនួន៥០គ្រឿង ដោយបែងចែកជូនបណ្ដាអធិការដ្ឋាននគរបាលស្រុកដាច់ស្រយ៉ាលនៅតាមបណ្ដាខេត្តចំនួន១៩។
ឯកឧត្តមបន្តថាក្នុងនោះ ស្នងការនគរបាលខេត្តព្រៃវែងទទួលបាន៥គ្រឿង, បាត់ដំបង៥គ្រឿង, បន្ទាយមានជ័យ២គ្រឿង, ស្ទឹងត្រែង២គ្រឿង, ពោធិ៍សាត់២គ្រឿង, ព្រះវិហារ៣គ្រឿង, កណ្ដាល៤គ្រឿង, កំពង់ស្ពឺ៣គ្រឿង, កំពង់ឆ្នាំង២គ្រឿង, កំពង់ចាម២គ្រឿង, ត្បូងឃ្មុំ១គ្រឿង, ក្រចេះ៤គ្រឿង, តាកែវ២គ្រឿង, កំពត២គ្រឿង, ព្រះសីហនុ២គ្រឿង, កោះកុង៣គ្រឿង, កំពង់ធំ២គ្រឿង, សៀមរាប២គ្រឿង, រតនគិរី២គ្រឿង។
អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានរំលឹកថាកន្លងមក ក្រសួងមហាផ្ទៃបានផ្ដល់ជូនរថយន្តចំនួន៣លើករួចមកហើយដល់បណ្ដាស្នងការដ្ឋាន អធិការដ្ឋាន និវរៈការពារព្រំដែន ដោយបានប្រើប្រាស់ថវិកាសន្សំពីចំណែកមួយនៃថវិកាជាតិ ដែលរាជរដ្ឋាភិបាលបានផ្ដល់មកក្រសួងមហាផ្ទៃ។
សម្ដេចបន្តថា កន្លងមកថវិកាសន្សំនេះ ក្រសួងបានប្រើប្រាស់សម្រាប់ការកសាងហេដ្ឋារចនាសម្ព័ន្ធ សាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈនគរបាល រហូតមកដល់ពេលនេះ ធ្វើឱ្យសាលានគរបាលគ្រប់ភូមិភាគនៅកម្ពុជា កាន់តែមានសមត្ថភាព និងគុណភាពក្នុងការបណ្ដុះបណ្ដាលនគរបាល រហូតឈានទៅកាត់បន្ថយការបញ្ជូននគរបាលទៅសិក្សានៅក្រៅប្រទេសជាបន្តបន្ទាប់។
សម្ដេចបានមានប្រសាសន៍ថា នៅពេលនេះ នៅខ្វះរថយន្តជាង៨០គ្រឿងទៀតដែលត្រូវផ្ដល់ជូនគ្រប់អធិការដ្ឋាននគរបាល និងវរៈការពារព្រំដែន ប៉ុន្តែសម្ដេចបានប្រកាសថាក្រសួងមហាផ្ទៃ បានបញ្ជាទិញរថយន្តថ្មីបន្ថែមទៀត ដើម្បីបង្គ្រប់ចំនួននៅសេសសល់នោះហើយ ដោយរថយន្តនឹងអាចមកដល់នាមុនបំណាច់ឆមាសទី២ឆ្នាំ២០២១នេះ។
សម្ដេចក៏បានសង្កត់ធ្ងន់ដែរថា រថយន្តទាំងនេះ គឺជាទ្រព្យសម្បត្តិរបស់រដ្ឋ ដែលត្រូវចុះបញ្ជីសារពើជាទ្រព្យសម្បត្តិរដ្ឋ ដើម្បីសម្រាប់ការលើកគម្រោងប្រេងឥន្ធនៈផង និងការជួសជុលថែទាំផង។ សម្ដេចបានណែនាំឱ្យយកចិត្តទុកដាក់ថែទាំ និងប្រើប្រាស់រយន្តទាំងនេះឱ្យចំគោលដៅ ចៀសវាងបំរើឱ្យផលប្រយោជន៍បុគ្គល ឬបែរជាយកទៅធ្វើជាមធ្យោបាយប្រព្រឹត្តបទល្មើស។
សម្ដេចក្រឡាហោម ក៏បានឆ្លៀតលើកឡើងពីករណីអធិការស្រុកកំរៀង ខេត្តបាត់ដំបង ដែលមានបទពិសោធន៍មិនល្អប្រៀបបានជាកញ្ចក់សម្រាប់ថ្នាក់ដឹកនាំនគរបាលផ្សេងទៀត ដើម្បីបញ្ចៀសកំហុសឆ្គងក្នុងវិជ្ជាជីវៈ ជាហេតុនាំឱ្យទទួលការពិន័យ ឬទណ្ឌកម្ម ដកសក្ដិ និងបណ្ដេញចេញ។
សម្ដេចបានមានប្រសាសន៍ថាពេលនេះ ក្រសួងក៏កំពុងខិតខំពង្រឹងកម្លាំងអធិការដ្ឋាននគរបាល និងកម្លាំងប៉ុស្តិ៍រដ្ឋបាល ដើម្បីឱ្យមានភាពរឹងមាំ និងគុណភាព រួមទាំងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ការបំពាក់បរិក្ខារ ការដាក់វិន័យ និងលើកទឹកចិត្ត ត្បិតពួកគាត់គឺជាអ្នកក្ដាប់សភាពការណ៍សន្តិសុខ និងនៅកៀកប្រជាពលរដ្ឋក្នុងនាមជាអ្នកបំរើសេវាសាធារណៈមួយរបស់រដ្ឋ។
សម្ដេចបានបន្ថែមថា នៅតាមមូលដ្ឋានមានតួអង្គ៤ដែលថ្នាក់ដឹកនាំ ក្នុងនោះក៏មានក្រុមការងាររាជរដ្ឋាភិបាល ត្រូវគិតគូពីការលើកទឹកចិត្ត និងពង្រឹងកិច្ចការបំរើសេវាសាធារណៈរួមមានៈ ១-មេឃុំចៅសង្កាត់, ២-ស្មៀនឃុំសង្កាត់, ៣-មេប៉ុស្តិ៍នគរបាលឃុំសង្កាត់ និង៤-មេភូមិ ដោយគួរផ្ដោតលើការពង្រឹងការអនុវត្តគោលនយោបាយ ភូមិឃុំសង្កាត់មានសុវត្ថិភាព ដែលរាជរដ្ឋាភិបាលទើបបានកែសម្រួល។
នៅក្នុងឱកាសនេះដែរ សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ណែនាំឱ្យកម្លាំងនគរបាលគ្រប់អធិការដ្ឋាន ត្រៀមរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋក្នុងឱកាសប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខ និងសហការអនុវត្តវិធានការរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ឱ្យបានល្អប្រសើរ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ