Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួង​សាធារណការ សំណូមពរ​ដល់​ក្រុមហ៊ុន​ដឹកជញ្ជូន កុំ​កែច្នៃ​យានយន្ត​ខុស​លក្ខណៈ​បច្ចេកទេស នាំ​ឲ្យ​គ្រោះថ្នាក់​ចរាចរណ៍ និង​សូមកុំ​ដឹកទំនិញ​លើស​ទម្ងន់​កម្រិត​កំណត់ ដោយ​ច្បាប់ ធ្វើឱ្យ​ផ្លូវ​ឆាប់​ខូច​

​ភ្នំពេញ ៖ នៅ​ថ្ងៃ​អង្គារ ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​ទីស្តីការក្រសួង ឯកឧត្តម ស៊ុន ចាន់ថុលទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ ជា​អធិបតី​ក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២០ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ ២០២១ ដោយមាន​ការអញ្ជើញ​ចូលរួម​ដោយផ្ទាល់​ចំនួន​៣២០​នាក់ នៅក្នុង​សាលប្រជុំ​ធំ និង​ចូលរួម​តាម ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ​ចំនួន​៥០០​នាក់ ក្នុងនោះ​ចំនួន​២៣៥​នាក់​នៅក្នុង​សាលប្រជុំ​នានា​នៅ​ទីស្តីការក្រសួង និង​២៦៥​នាក់ មកពី​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន សរុប​ទាំងអស់​ចំនួន​៨២០​នាក់​។

​សន្និបាត​ឆ្នាំនេះ បានរៀបចំ​ឡើង​ក្រោម​ប្រធានបទ​៖ “​លើកកម្ពស់​ការអភិវឌ្ឍ​ធនធានមនុស្ស វិទ្យាសាស្ត្រ បច្ចេកទេស ដើម្បី​ពង្រឹងគុណភាព ប្រសិទ្ធភាព ក្នុង​វិស័យ​សាធារណការ និង​ដឹកជញ្ជូន និង​ភស្តុភា​រកម្ម​” ក្នុង​គោល បំណង​ពិនិត្យមើល​វឌ្ឍនភាព​ការងារ ការពិភាក្សា​ផ្លាស់ប្ដូរ​យោបល់ និង​ដកស្រង់​បទពិសោធន៍ ល្អៗ ការ អនុវត្តតាម​អនុសាសន៍​ដ៏​ល្អ​ប្រពៃ មានតម្លៃ និង​ប្រកបដោយ​គតិបណ្ឌិត​រប​ស់​ប្រមុខ​រាជ​រដ្ឋា ភិ​បាល ដើម្បី ជា​ត្រីវិស័យ និង​ជា​ផែនទី​បង្ហាញផ្លូវ​ដោះស្រាយ បំពេញបន្ថែម និង​កែលម្អ​ចំណុច​ខ្វះខាត នានា ដែលមាន​កន្លងមក និង​ដើម្បី​ឈានទៅ​អនុវត្ដ​ទិសដៅ​និង​ការងារ​ថ្មីៗ នៅ​បណ្ដា​ឆ្នាំ​ខាង​មុខជា ពិសេស​ឆ្នាំ​២០២១ និង​ឆ្នាំ​បន្ត​បន្តា​ប់ ឱ្យសម្រេចបាន​ជោគជ័យ​ដ៏​ត្រចះត្រចង់​។​

​ថ្លែង​ទៅកាន់​ពិធី​បើក​សន្និបាត​នាឱកាស​នោះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ពី​សមិទ្ធផល​សំខាន់ៗ ក្នុង​វិស័យ​សាធារណការ និង​ដឹកជញ្ជូន​ដែល​ក្នុងនោះ​មាន​៖ ការលើកកម្ពស់​គុណភាព​ផ្លូវ ពី​ប្រភេទ​កៅស៊ូ​ពីរ​ស្រទាប់​ស្ដើង​ទៅជា​បេ​តុ​កៅស៊ូ ការពង្រីក​ផ្លូវ​និង​ស្ថាបនា​ផ្លូវ​ថ្មី ការសាងសង់​ផ្លូវ​ល្បឿន​លឿន ស្ពាន ការងារ​ផ្លូវដែក ការងារ​កំពង់ផែ ការងារ​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ ការងារ​ដឹកជញ្ជូន ការដឹក ជញ្ជូន​សាធារណៈ ការងារ​ដឹកជញ្ជូន​តា​ម​ផ្លូវទឹក​និង​ផ្លូវ​សមុទ្រ ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ការងារ​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ ការងារ​ភស្តុភា​កម្ម ការងារ​ព័ត៌មានវិទ្យា ការងារ​កំណែទម្រង់ ស្ថាប័ន​និង​ការអភិវឌ្ឍ​ធនធានមនុស្ស ការងារ​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្តិ​ផងដែរ​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ក៏បាន​ធ្វើ​បច្ចុប្បន្នភាព​ជូន​អង្គសន្និបាត​ផងដែរ អំពី​គម្រោង​ស្ថាបនា​ហេ​ដ្ឋា​រចនា សម្ព័ន្ធ​ផ្លូវ​ចំនួន​៣៨​ខ្សែ នៅក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប (​ថវិកាជាតិ​) គិត​រហូត​មកទល់ពេលនេះ សម្រេចបាន​១១,៦៨% គម្រោង​ស្ថាបនា​ផ្លូវ​ចំនួន​១១​ខ្សែ​សម្រេចបាន ៣១,១៥% ព្រមទាំង​ការងារ ស្តារ​អូរ​ប្រឡាយ​ធម្មជាតិ​ចំនួន​៥​ខ្សែ​ប្រវែង​សរុប​២៧,៥៤៧​គីឡូម៉ែត្រ​សម្រេចបាន​៩៦,៦២% នៅ​ខេត្ត ព្រះសីហនុ​ក្នុង​ក្របខណ្ឌ​នៃ​កញ្ចប់​ថវិកា​សន្សំ​របស់​ជាតិ គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​រាជធានី​ភ្នំពេញ​ទៅដល់​ខេត្ត​ព្រះសីហនុ ក្រោម​លក្ខខណ្ឌ​កិច្ចសន្យា​សាងសង់​-​អាជីវកម្ម​-​ផ្ទេរ​(BOT) សម្រេចបាន ៣១,១៩% គម្រោង​សាងសង់​ស្ពាន​ឆ្លងទន្លេ​មេគង្គ (​ក្រូចឆ្មារ​-​ស្ទឹងត្រង់​) ប្រវែង ១ ១៣១​ម៉ែត្រ សម្រេច បាន ៩៦,៤៩%​។​

​បន្ថែម​ពីលើ​នេះ គម្រោង​សាង់សង់​ផ្លូវជាតិ​លេខ​៣ រាជធានី​ភ្នំពេញ​-​បែក​គូស (៤ គន្លង​ផ្លូវ​) និង​បែក​គូស -​ខេត្តកំពត ពង្រីក​ដល់​១២​ម៉ែត្រ​សម្រេចបាន​៨៧% គម្រោង​សាងសង់​ផ្លូវជាតិ​លេខ​៥ ព្រែក​ក្តាម​-​ក្រុង ប៉ោយ ប៉ែត ពង្រីក​ជា ៤​គន្លង​ផ្លូវ ក្នុងនោះ ១-(​ព្រែក​ក្តាម​-​ធ្លា​ម្អម​) ប្រវែង ១៣៥,២៥​គ​.​ម សម្រេចបាន ៣៥,៦២% ២-(​បាត់ដំបង​-​សិរីសោភ័ណ​) ប្រវែង ៨៤,៧៤​គ​.​ម សម្រេចបាន ៨៩,៧៥% និង ៣-(​ធ្លា​ម្អម​-​បាត់ដំបង​)​ប្រវែង ១៣៤,២៥​គ​.​ម សម្រេចបាន ២៣,០២% និង (​សិរីសោភ័ណ​-​ប៉ោយប៉ែត​) ប្រវែង ៣៤,៤​គ​.​ម កំពុង​ជ្រើសរើស​ក្រុមហ៊ុន​ម៉ៅការ​សាងសង់​។

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ជម្រាបជូន​អង្គសន្និបាត​ផងដែរ​ថា​៖ ក្រសួង​បាន​ទិញ​គ្រឿងចក្រ​ចំនួន ២២២​គ្រឿង​សម្រាប់​ផ្តល់ជូន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​២៥ រាជធានី​-​ខេត្ត និង​អគ្គនាយកដ្ឋាន ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ និង​បានទទួល​ជំនួយឥតសំណង​ជា​គ្រឿងចក្រ​សម្រាប់​កែច្នៃ​គ្រឹះ​ផ្លូវ​ឡើងវិញ (Stabilizer) ចំនួន ១៥​គ្រឿង​ពី​រដ្ឋាភិបាល​ជប៉ុន​តាម​រយៈ​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​របស់​JICA​។​
​ជាមួយគ្នានេះ​ផងដែរ ក្រសួង​បានទទួល​គ្រឿងចក្រ​សម្រាប់​ផលិត​បេតុង​កៅស៊ូ និង​ការងារ​អ៊ុត​កៅស៊ូ​ចំនួន​២ ឈុត (​ចំនួន​១៨​គ្រឿង​)​ពី​ក្រុមហ៊ុន​សំណង់​សៀង​ហៃ​(SCG) សម្រាប់​ឆ្នាំ​២០២០ និង​២០២១ ដែល​ក្នុង នោះ​រួមមាន​៖ គ្រឿងចក្រ​ផលិត​បេតុង​កៅស៊ូ​ដែលមាន​សមត្ថភាព​អាច​ផលិត​បេតុង​ក្នុង​បរិមាណ ១២០ តោន​/​ម៉ោង ចំនួន​២​គ្រឿង និង​គ្រឿងចក្រ​សម្រាប់​ការងារ​អ៊ុត​កៅស៊ូ​ចំនួន​១៦​គ្រឿង​ផងដែរ​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​សំណូមពរ​ដល់​ក្រុមហ៊ុន​ដឹកជញ្ជូន​កុំ​កែច្នៃ​យានយន្ត​ខុស​លក្ខណៈ​បច្ចេកទេស នាំ​ឲ្យ​គ្រោះថ្នាក់​ចរាចរណ៍ និង​សូមកុំ​ដឹកទំនិញ​លើស​ទម្ងន់​កម្រិត​កំណត់ដោយ​ច្បាប់​ធ្វើឱ្យ​ផ្លូវ​ឆាប់​ខូច ដោយបាន​លើកឡើង​នូវ​រូបមន្ត​ដូចតទៅ​នេះ​៖ ឧទាហរណ៍​ច្បាប់​អនុញ្ញាត​ឲ្យ​ដឹក​៣០​តោន ប៉ុន្តែ​យើង​ដឹក ៤០​តោន លើស ១០​តោន នោះគេ​យក ១០ គុណ​នឹង ១០ ស្មើនឹង ១០០ យក ១០០ គុណ​នឹង ១០ ស្មើ ១.០០០ យក ១.០០០ គុណ​នឹង ១០ ស្មើនឹង ១០.០០០ ដូច្នេះ​ឡាន​មួយគ្រឿង​ដែល​ដឹកទំនិញ​លើស ១០​តោន ស្មើនឹង​ឡាន ១០.០០០ គ្រឿង​ដឹកទំនិញ​លើផ្លូវ​យើង​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ជម្រាបជូន​អង្គសន្និបាត​ផងដែរ​ថា​៖ ក្រសួង​នឹង​ប្រឡង​ជ្រើសរើស​និស្សិត​ចំនួន ២០០​នាក់​ឱ្យ​សិក្សា​ជំនាញ​ឯកទេស​នៅ​វិទ្យាស្ថាន​តេ​ជោ​សែន សាធារណការ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្នុងតម្លៃ​សិក្សា​ចំនួន​៦០០​ដុល្លារ​ក្នុង​ឆ្នាំ និង​ផ្តល់ឱកាស​អាហារូបករណ៍​១០០% សម្រាប់ និស្សិត​ឆ្នើម​ចំនួន​៥០​នាក់ និង​អាហារូបករណ៍​៥០%​សម្រាប់​និស្សិត​ឆ្នើម​ចំនួន​៥០​នាក់ សិក្សា​រយៈពេល ៤​ឆ្នាំ ប៉ុន្តែ​ត្រូវ​ស្ថិតក្រោម​ការវាយតម្លៃ​លទ្ធផល​សិក្សា​ប្រចាំឆ្នាំ​នីមួយៗ​។

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ស្នើឱ្យ​អង្គសន្និបាត ពិសេស​ថ្នាក់ដឹកនាំ​ក្រសួង ទីប្រឹក្សា តំណាង​មកពី​អគ្គ នាយកដ្ឋាន នាយកដ្ឋាន​និង​អង្គភាព​ជំនាញ និង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​-​ខេត្ត យក​ចិ​ត្ដ ទុកដាក់​រួមគ្នា​ពិនិត្យ​ពិភាក្សា​លើ​ចំណុចខ្លាំង ចំណុច​ខ្សាយ បញ្ហា​ប្រឈម សំណូមពរ និង​ដំណោះស្រាយ នៅក្នុង​បទ​អន្តរាគមន៍​ដែល​ធ្វើឡើង​ដោយ​តំណាង​អគ្គនាយកដ្ឋាន​ជំនាញ និង​តំណាង​អន្តរក្រសួង​ផងដែរ ដើម្បី​ជា​មូលដ្ឋាន​ក្នុងការ​បូកសរុប​វាយតម្លៃ និង​ការពិភាក្សា​សម្រាប់​សន្និបាត​ឱ្យស្រប​តាម​ប្រធានបទ ដែល​បានលើកឡើង​នៅ​ឆ្នាំនេះ​។​

​សូម​ជម្រាបជូន​ផងដែរ​ថា​៖ ក្រសួង​ក៏បាន​ដាក់ចេញ​ផែនការ​ប្រចាំឆ្នាំ តាមដាន និង​វាយតម្លៃ​ជាប្រចាំ ជា​មួលដ្ឋាន​វាស់វែង ក្នុងការ​អនុវត្ត​ផែនកា​សកម្មភាព​ទាំងឡាយ​របស់ខ្លួន ដើម្បី​ជំរុញ​ប្រសិទ្ធភាព​ការងារ ឱ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​។
​ជាទី​បញ្ចប់ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​សម្តែង​នូវ​អំណរគុណ និង​ការកោតសរសើរ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ថ្នាក់ដឹកនាំ ក៏ដូចជា​មន្ត្រីក្រោមឱវាទ​ទាំងអស់​ដែល​បាន​ខិតខំ​ប្រឹងប្រែង​បំពេញការងារ និង​សម្រេចបាន សមិទ្ធផល​ជាទី​មោទនៈ និង​លើកទឹកចិត្ត​ឱ្យ​មន្ត្រី​មានការ​សាមគ្គី សហការគ្នា និង​បន្ត​ខិតខំ​ប្រឹងប្រែង​ធ្វើ ការងារ​បន្ថែមទៀត ក្រោម​ដំបូល​នៃ​មហា​គ្រួសារ​សាធារណការ និង​ដឹកជញ្ជូន​តែមួយ​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×