ព្រះវិហារ ៖ នារីវ័យក្មេងម្នាក់បានរត់តាមសង្សាររបស់ខ្លួន ចេញពីមណ្ឌលចត្តាឡីស័ក ស្ថិតនៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ នារីរូបនេះ ត្រូវបានមន្ត្រីមន្ទីរសុខាភិបាល តាមរកឃើញ និងយកទៅកាន់មណ្ឌលចត្តាឡីស័កវិញហើយ
ព័ត៌មានដែលបានបង្ហោះលើហ្វេសប៊ុកដោយលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឱ្យដឹងថា នារីវ័យក្មេងរូបនេះ បានរត់ចេញពីមណ្ឌលចត្តាឡីស័កកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ។ នារីរូបនេះមានឈ្មោះ ធា ជីថា អាយុ១៧ឆ្នាំ មានទីលំនៅភូមិព្រៃចង្វា ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ នារីរូបនេះ រត់តាមសង្សារឈ្មោះ ឌិន សាម៉ុយ អាយុ២០ឆ្នាំ មានទីលំនៅភូមិអង្គការអេដស៍ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានប្រាប់កាសែតក្នុងស្រុកនៅថ្ងៃទី១៦ ខែកុម្ភៈ នេះថា នារីរូបនេះត្រូវបានមន្ត្រីមន្ទីរសុខាភិបាលតាមរកឃើញ និងយកទៅកាន់មណ្ឌលចត្តាឡីស័កវិញហើយ។ នារីរូបនេះ បានតម្រូវឱ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃឡើងវិញ។ មន្ត្រីសុខាភិបាល ក៏បានតាមរកអ្នកពាក់ព័ន្ធយកមកធ្វើចត្តាឡីស័កផងដែរ។
លោកស្រី យក់ សម្បត្តិ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលត្រូវធ្វើចត្តាឡីស័កសូមចូលរួមសហការកុំរត់គេចពីកន្លែងធ្វើចត្តាឡីស័ក។ ការធ្វើបែបនេះងាយនាំឱ្យមានហានិភ័យក្នុងការចម្លងជំងឺកូវីដ១៩ ក្នុងសហគមន៍៕ រក្សាសិទ្ធិដោយ : បញ្ញាស័ក្តិ