បាត់ដំបង ៖ នៅព្រឹកថ្ងៃអង្គារ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានជួបសំណេះសំណាលជាបងប្អូនអ្នករត់តាក់ស៊ី នៅច្រកអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង មានការអញ្ជើញចូលរួមពីកងម្លាំងចម្រុះទាំងបីប្រភេទ អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធសំខាន់មួយចំនួនទៀត ។ នៅក្នុងពិធីសំណេះសំណាលជាមួយបងប្អូនអ្នករត់តាក់ស៊ី(រថយន្តឈ្នួល) នាឱកាសនេះ ឯកឧត្តម ងួន រតនៈ បានប្រមានដល់អ្នករត់តាក់ស៊ីទាំងអស់កុំលួចលាក់ដឹកពលករ ក្នុងគោលបំណងគេចវេសពីមណ្ឌលចត្តាឡីស័ក ប្រសិនបើសមត្ថកិច្ចឃើញនឹងផ្តន្ទាទោសដោយមិនលើកលែងឡើយ ពីបទជួញដូរមនុស្សខុសច្បាប់។
ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត ក៏បានបន្តទៀតថា ការដឹកជញ្ជូនពលករ ដើម្បីគេចវេសមណ្ឌលចត្តាឡីស័ក គឺជាហនីភ័យខ្ពស់មួយប្រសិនបើពលករនោះមានផ្ទុះជំងឺកូវីដ ១៩ នឹងមានការរីករាលដល់បងប្អូនក្រុមគ្រួសារ និងឈានទៅដល់ការផ្ទុះក្នុងសហគមន៍ណាមួយជាមិនខាន។ ឯកឧត្តម ងួន រតនៈ បានសង្កត់ធ្ងន់ៗថា ប្រសិនបើសមត្ថកិច្ចណាម្នាក់ហ៊ានដោះលែង អ្នកដឹកជញ្ជូនពលករ ដើម្បីគេចវេសមណ្ឌលចត្តាឡីស័ក ដោយមនោសញ្ញចេតនាក្តី ឬដោយការសូកប៉ាន់ក្តី ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដូចគ្នា៕
រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ