បាត់ដំបង ៖ ដោយបានទទួលបញ្ជាពីលោកឧត្តមសេនីយ៍ទោ សាត គឹនសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១០និង០០នាទី ត្រង់ចំណុចរង្វង់មូលលោកតាដំបងគ្រញូង ស្ថិតក្នុងភូមិបែកចានថ្មី សង្កាត់ព្រែកព្រះស្ដេច ក្រុង-ខេត្តបាត់ដំបង កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយក្រុមអន្តរាគមន៍បង្ការបង្ក្រាប និងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ ឃាត់ខ្លួនបុរសម្នាក់ពីបទ រំលោភលើទំនុកចិត្ត ។
ជនត្រូវចោទឈ្មោះ កង សុធន ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅផ្ទះលេខ៥៦៦ ផ្លូវបេតុង ភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ត្រូវបានចាប់ខ្លួនតាមដីកាបង្គាប់របស់សាលាដំបូងខេត្តកណ្ដាលលេខ ០៧៥ ដកបចខ របស់ចៅក្រមជំនុំជម្រះ ប្លុង វិសាល ចុះថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ពាក់ព័ន្ធករណី រំលោភលើទំនុកចិត្ត និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន ដែលប្រព្រឹត្តទៅនៅក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីកំឡុងឆ្នាំ២០២០។
សម្ភារដកហូតរួមមាន ៖ ១. ទូរសព្ទដៃម៉ាក Samsung Galaxy S10+ ពណ៌ខ្មៅចំនួន០១ គ្រឿង, ២. ទូរសព្ទដៃម៉ាក Nokia អ៊ិនចុចពិល ពណ៌ខ្មៅចំនួន០១គ្រឿង, ៣. លុយខ្មែរចំនួន ១៦០,០០០រៀល (ដប់ប្រាំមួយម៉ឺនរៀល), ៤. កាបូបលុយពណ៌ខ្មៅ ចំនួន០១, ៥. ខោអាវ ០១កំប្លេរ។
ក្រោយអនុវត្តរួច សមត្ថកិច្ចជំនាញបានរៀបចំសំណុំរឿងបញ្ជូនទៅស្ថាប័នអយ្យការអមសាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការបន្តតាមនីតិវិធី ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ