ភ្នំពេញ ៖ នៅទីស្ដីការក្រសួង កាលពីថ្ងៃទី១៦ខែកុម្ភៈឆ្នាំ២០២១ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញដឹកនាំកិច្ចប្រជុំវេទិការដ្ឋ~ឯកជនលើកទី២ ស្តីពី “ការអភិវឌ្ឍនគរូបនីយកម្ម កម្ពុជា~ជប៉ុន” និង ពិធីចុះអនុស្សារណៈយោគយល់លើកិច្ចសហប្រតិបត្តិការរវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍។
ក្នុងឱកាសនោះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជាសុផារ៉ា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្ររបស់រដ្ឋាភិបាលនិងប្រជាជនជប៉ុនដល់ប្រជាជនកម្ពុជាតាមរយៈសមិទ្ធផលជាច្រើនមានដូចជាហេដ្ឋារចនាសម្ព័ន្ធផ្លូវជាតិនិងស្ពានសំខាន់ៗ ប្រព័ន្ធធារាសាស្ត្រ ប្រព័ន្ធគ្រប់គ្រងទឹកជំនន់ ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ការអភិវឌ្ឍវារីអគ្គិសនី ការជួសជុលប្រាសាទបុរាណ ការការពារបរិស្ថាន ការកម្ចាត់មីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះក៏ដូចជាការបណ្ដុះបណ្ដាលដល់មន្ត្រីរាជការនិងនិស្សិតកម្ពុជាផងដែរ។
ជាមួយនេះឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញពីការចូលរួមអបអរសាទរកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ នៃព្រះរាជាណាចក្រកម្ពុជានិងក្រសួងដីធ្លីហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននិងទេសចរណ៍នៃប្រទេសជប៉ុនតាមរយៈអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការចុះថ្ងៃទី ១០ ខែមករាឆ្នាំ ២០១៧ និងចុះថ្ងៃទី ២៦ ខែកុម្ភៈឆ្នាំ ២០១៩ និងតាមរយៈការអនុវត្តគម្រោងសហប្រតិបត្តិការរបស់អង្គការJICA ដោយរហូតមកទល់ពេលនេះបានសម្រេចសមិទ្ធផលជាច្រើនលើការងារសំណង់ ការងាររៀបចំដែនដីនិងនគរូបនីយកម្ម
ការងារលំនៅឋាននិងការងារសុរិយោដីនិងភូមិសាស្ត្រ។
ឯកឧត្តមបានឲ្យដឹងថា វេទិការដ្ឋ-ឯកជនលើកទី ២ ស្ដីពីការអភិវឌ្ឍនគរូបនីយកម្មកម្ពុជា-ជប៉ុន រៀបចំឡើង ក្នុងគោលបំណងបន្តជំរុញបង្កើតឱកាសធុរកិច្ចនិងវិនិយោគ ពីប្រទេសជប៉ុនមកប្រទេសកម្ពុជាស្ដីពីនគរូបនីយកម្មដោយផ្ដោតលើការអភិវឌ្ឍទីក្រុងឆ្លាតវៃ ដែលការរៀបចំវេទិកាលើកទី ២នេះឡើង គឺបានបង្ហាញនូវការបន្តជឿជាក់របស់អ្នកវិនិយោគជប៉ុន លើសក្ដានុពលសេដ្ឋកិច្ចកម្ពុជាហើយវេទិកានេះនឹងកាន់តែពង្រឹងបាននូវសាមគ្គីភាពនិងមិត្តភាព នៃប្រជាជាតិទាំងពីរកម្ពុជាជប៉ុន។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីជា សុផារ៉ា ជឿជាក់ថា ក្រសួងដីធ្លីហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននិងទេសចរណ៍ នៃប្រទេសជប៉ុននឹងបន្តបង្កើនសកម្មភាពជំរុញនិងពង្រឹងអនុវត្តលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរបន្តទៀត ដោយក្នុងនោះលើវិស័យសំណង់ឯកឧត្តមបានស្នើដល់ភាគីជប៉ុនឱ្យជំរុញដល់គម្រោងអភិវឌ្ឍសមត្ថភាពអនុវត្តច្បាប់ ស្ដីពីសំណង់និងវិធីសាស្ត្រធានាសុវត្ថិភាពសំណង់ជាពិសេសជំរុញគាំទ្រដល់ការអភិវឌ្ឍន៍បទប្បញ្ញត្តិបច្ចេកទេសសំណង់ ការងារត្រួតពិនិត្យនិងបញ្ជាក់សំណង់ និងការដាក់ឱ្យដំណើរការមន្ទីរពិសោធន៍ជាតិស្ដីពីសំណង់ រីឯក្នុងវិស័យរៀបចំដែនដីនិងនគរូបនីយកម្ម។
ឯកឧត្តមបានស្នើដល់ភាគីជប៉ុនឲ្យបន្តជំរុញកិច្ចសហការគាំទ្រលើការកសាងផែនការរៀបចំដែនដីថ្នាក់ជាតិ សេចក្តីព្រាងច្បាប់ស្ដីពីការរៀបចំដែនដីនិងនគរូបនីយកម្ម និងបន្តគាំទ្រគម្រោងអភិវឌ្ឍទីក្រុងឆ្លាតវៃនៅរាជធានីភ្នំពេញដែលជាលទ្ធផលនៃការរកឃើញរបស់អង្គវេទិការដ្ឋ-ឯកជនលើកទី ១ និងការអភិវឌ្ឍធនធានមនុស្ស, ចំពោះវិស័យលំនៅឋានឯកឧត្តម បានស្នើដល់ភាគីជប៉ុនឱ្យបន្តជំរុញកិច្ចសហការរៀបចំគោលនយោបាយ ច្បាប់ បច្ចេកទេសនិងវិធីសាស្ត្រ នៃការអភិវឌ្ឍលំនៅឋាន, ដោយឡែកក្នុងវិស័យសុរិយោដីនិងភូមិសាស្ត្រ ឯកឧត្តមបានស្នើដល់ភាគីជប៉ុន ឲ្យបន្តជំរុញការគាំទ្រដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទិន្នន័យភូមិសាស្ត្រជាតិនៅព្រះរាជាណាចក្រកម្ពុជាផងដែរ។
ជាការឆ្លើយតប ឯកឧត្តម អាកាបាក់ ខាហ្សឺយូស៊ិ (Akaba Kazuyoshi) រដ្ឋមន្ត្រីក្រសួងដែនដីហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននិងទេសចរណ៍នៃប្រទេសជប៉ុន បានកោតសរសើរចំពោះចំណាត់ការលើការទប់ស្កាត់ជំងឺកូវីដ១៩ ដ៏មានប្រសិទ្ធភាពរបស់ព្រះរាជាណាចក្រកម្ពុជា ដោយរហូតមកទល់ពេលនេះនៅកម្ពុជាពុំទាន់មានអ្នកស្លាប់ដោយសារជំងឺឆ្លងរាតត្បាតនេះទេ។ ចំពោះប្រទេសជប៉ុនវិញ ក៏ដូចជាបណ្តាប្រទេសលើពិភពលោកមួយចំនួនដែរ កំពុងព្យាយាមដាក់ចេញនូវវិធានការនានាដើម្បីទប់ស្កាត់ជំងឺកូវីដ ១៩ ផងនិងកំពុងព្យាយាមស្តារស្ថានភាពសេដ្ឋកិច្ចផង។ ឯកឧត្តមបានលើកឡើងថា កាលពីខែធ្នូឆ្នាំ ២០២០ កន្លងមកប្រទេសជប៉ុន បានអនុម័តយុទ្ធសាស្ត្រទិសដៅហេដ្ឋារចនាសម្ព័ន្ធធុរកិច្ចបរទេសឆ្នាំ ២០២៥ ដើម្បីជាការចូលរួមចំណែក ដល់កិច្ចសហការដោះស្រាយវិបត្តិពាក់ព័ន្ធនឹងបដិវត្តន៍ឌីជីថល និងការកាត់បន្ថយឧស្ម័នកាបូនិច។ ជាមួយនេះ ក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជាជប៉ុន ឯកឧត្តមឯកភាពបន្តអនុស្សរណៈយោគយល់ ជាមួយក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់កាលពីឆ្នាំ ២០១៧បន្ថែមទៀត ដើម្បីអនុញ្ញាតឲ្យក្រុមការងាររបស់ក្រសួងដីធ្លីហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងទេសចរណ៍នៃប្រទេសជប៉ុនអាចបំពេញការងារ ដើម្បីជាការរួមចំណែកដល់ការទប់ស្កាត់កត្តាប្រែប្រួលអាកាសធាតុ។ ឯកឧត្តម អាកាបាក់ ខាហ្សឺយូស៊ិ បានចាត់ទុកវេទិការដ្ឋឯកជនលើកទី ២ ស្តីពីការអភិវឌ្ឍន៍នគរូបនីយកម្មកម្ពុជាជប៉ុន នាពេលនេះថា ពិតជាមានសារៈសំខាន់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជានិងប្រទេសជប៉ុន។ ចំពោះវិស័យនគរូបនីយកម្មវិញភាគីជប៉ុន មានជំនឿជឿជាក់ថា និងអាចចែករំលែកបទពិសោធន៍ល្អៗដល់ប្រទេសកម្ពុជា ស្ដីពីការប្រើប្រាស់បច្ចេកទេសឌីជីថលដ៏មានប្រសិទ្ធភាព សម្រាប់បម្រើឲ្យការងាររៀបចំទីក្រុងនិងដោះស្រាយបញ្ហាប្រឈមទាំងឡាយ នៅក្នុងទីក្រុងដោយប្រទេសជប៉ុនសង្ឃឹមថា នឹងអាចចែករំលែកបទពិសោធន៍លើផ្នែកជំនួយរៀបចំអភិវឌ្ឍច្បាប់ផងនិងផ្នែកជំនួយបច្ចេកទេសផងដែរ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ