ភ្នំពេញ ៖ យោងតាមសារព័ត៌មាន Myanmar Timesបានឱ្យដឹងថា នៅក្នុងបទសម្ភាសន៍តាមអ៊ីមែលជាមួយសារព័ត៌មានកាលពីថ្ងៃទី១៦ខែកុម្ភៈស្ថានទូតចិនប្រចាំនៅមីយ៉ាន់ម៉ា បានជំរុញឱ្យគ្រប់ភាគីនយោបាយទាំងអស់នៅក្នុងប្រទេសចូលរួមការសន្ទនាគ្នាដើម្បីដោះស្រាយការខ្វែងគំនិតគ្នានិងព្យាយាមដោះស្រាយពាក្យចចាមអារ៉ាម នៅលើបណ្តាញសង្គមដែលអះអាងថាចិនកំពុងជួយយោធាមីយ៉ាន់ម៉ា។
នេះជាការដកស្រង់ចម្លើយ ដែលផ្តល់ដោយស្ថានទូតចំពោះសំណួរពីបណ្តាញសារព័ត៌មាន ៖
– តើចិនមានទស្សនៈយ៉ាងណាចំពោះស្ថានភាពបច្ចុប្បន្ននៅមីយ៉ាន់ម៉ា?
ក្នុងនាមជាប្រទេសជិតខាងដ៏ល្អរបស់មីយ៉ាន់ម៉ា ប្រទេសចិនបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះអ្វីដែលកំពុងកើតឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ានាពេលថ្មីៗនេះ។ យើងបានកត់សម្គាល់ឃើញជម្លោះក្នុងស្រុករបស់មីយ៉ាន់ម៉ាទាក់ទងនឹងការបោះឆ្នោតមួយរយៈមកនេះ ប៉ុន្តែយើងមិនត្រូវបានគេជូនដំណឹងជាមុនអំពីការផ្លាស់ប្តូរនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ាទេ។
ទាំងគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យនិងកងទ័ពមីយ៉ាន់ម៉ារក្សាទំនាក់ទំនងមិត្តភាពជាមួយចិន។ ការវិវឌ្ឍបច្ចុប្បន្ននៅក្នុងប្រទេសមីយ៉ាន់ម៉ាមិនមែនជាអ្វីដែលចិនចង់ឃើញនោះទេ។ យើងសង្ឃឹមថាគ្រប់ភាគីទាំអស់នៅមីយ៉ាន់ម៉ាអាចដោះស្រាយការខ្វែងគំនិតគ្នាបានត្រឹមត្រូវតាមក្របខ័ណ្ឌនៃរដ្ឋធម្មនុញ្ញនិងច្បាប់ព្រមទាំងរក្សាស្ថិរភាពនយោបាយនិងសង្គម។
ថ្មីៗនេះក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីការប្រកាសស្ថានភាពអាសន្ននិងការឃុំខ្លួនទីប្រឹក្សារដ្ឋលោកស្រីអ៊ុងសានស៊ូជីនិងប្រធានាធិបតី អ៊ូ វីនមីន (U Win Myint) និងអ្នកដទៃទៀត អំពាវនាវឱ្យមានការដោះលែងជាបន្ទាន់នូវអ្នកទាំងអស់ដែលត្រូវបានឃុំខ្លួន និង លើកទឹកចិត្តដល់ការបន្តកិច្ចសន្ទនានិងការផ្សះផ្សាស្របតាមឆន្ទៈនិងផលប្រយោជន៍របស់ប្រជាជនមីយ៉ាន់ម៉ា។ ប្រទេសចិនដែលជាសមាជិកក្រុមប្រឹក្សាសន្តិសុខបានចូលរួមក្នុងកិច្ចពិភាក្សានេះហើយយើងជឿជាក់ថាគ្រប់ភាគីនៅមីយ៉ាន់ម៉ាបានដឹងអំពីបញ្ហានេះ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឆ្លុះបញ្ចាំងពីជំហររួមរបស់សហគមន៍អន្តរជាតិរួមទាំងប្រទេសចិនផងដែរ។
ចិនគាំទ្រកិច្ចខិតខំប្រឹងប្រែងស្រមុះស្រមួលដោយអាស៊ាននិងប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិស្តីពីមីយ៉ាន់ម៉ា។ ចិនក៏កំពុងដើរតួនាទីក្នុងន័យស្ថាបនាផងដែរ ដោយលើកកម្ពស់សន្តិភាពនិងការសន្ទនាជាស្នូល។
យោធានិងគ្រប់ភាគីនយោបាយទាំងអស់សុទ្ធតែជាសមាជិកនៃក្រុមគ្រួសារមីយ៉ាន់ម៉ាដែលពួកគេទាំងអស់គួរតែមានទំនួលខុសត្រូវជាប្រវត្តិសាស្ត្រក្នុងការថែរក្សាស្ថិរភាពនិងការអភិវឌ្ឍជាតិ។ អ្វីដែលមីយ៉ាន់ម៉ាត្រូវការគឺការផ្សះផ្សានិងឯកភាពគ្នា ជំនួសឱ្យការប្រឈមមុខដាក់គ្នានិងការបែងចែកគ្នា ដែលយើងជឿថាជាបំណងប្រាថ្នារួមរបស់ប្រជាជនមីយ៉ាន់ម៉ា។
យើងសង្ឃឹមថាគ្រប់ភាគីទាំងអស់នៅមីយ៉ាន់ម៉ាអាចដោះស្រាយការខ្វែងគំនិតគ្នាតាមរយៈការសន្ទនានិងការពិគ្រោះយោបល់ឱ្យបានត្រឹមត្រូវ។ សកម្មភាពរបស់សហគមន៍អន្តរជាតិគួរតែជួយសម្រួលដល់ស្ថិរភាពនយោបាយនិងសង្គមរបស់មីយ៉ាន់ម៉ា ហើយចៀសវាងបង្កើនភាពតានតឹងកាន់តែខ្លាំងឡើង។
– ក្នុងនាមជាប្រទេសជិតខាងរបស់មីយ៉ាន់ម៉ា តើប្រទេសចិនអាចដើរតួនាទីអ្វីក្នុងការដោះស្រាយបញ្ហាបច្ចុប្បន្ន?
ចិនសង្ឃឹមដោយស្មោះថាមីយ៉ាន់ម៉ានឹងមានស្ថិរភាពសង្គមនិងការអភិវឌ្ឍជាតិ។យើងជឿជាក់ថាបច្ចុប្បន្ននេះអ្វីដែលសំខាន់បំផុតសម្រាប់មីយ៉ាន់ម៉ានិងប្រជាជនរបស់ខ្លួនគឺធ្វើការរួមគ្នាដើម្បីរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាពចំពោះវិបត្តិនយោបាយក្នុងស្រុក។វាមានសារៈសំខាន់ណាស់ក្នុងការផ្សារភ្ជាប់ការខ្វែងគំនិតគ្នាតាមរយៈការប្រាស្រ័យទាក់ទងនិងការសន្ទនាគ្នាដើម្បីនាំប្រទេសដើរលើផ្លូវត្រូវវិញ។ប្រការនេះតម្រូវឱ្យយោធាមីយ៉ាន់ម៉ាគណបក្សនយោបាយនិងគ្រប់ផ្នែកទាំងអស់នៃសង្គមត្រូវចងចាំនូវផលប្រយោជន៍ជាមូលដ្ឋានរយៈពេលវែងរបស់មីយ៉ាន់ម៉ាស្វែងរកដំណោះស្រាយនយោបាយតាមរយៈការសន្ទនានយោបាយដោយគតិបណ្ឌិតនយោបាយនិងរក្សាស្ថិរភាពនយោបាយនិងសង្គម។ប្រទេសចិននឹងបន្តដើរតួនាទីក្នុងន័យស្ថាបនារហូតដល់ទីបញ្ចប់។
-សង្គមមីយ៉ាន់ម៉ាបានចាប់ផ្តើមយុទ្ធនាការមិនគោរពច្បាប់រដ្ឋហើយមានការប្រមូលផ្តុំមនុស្សយ៉ាងច្រើននៅមុខស្ថានទូតចិនប្រចាំនៅមីយ៉ាន់ម៉ាអស់រយៈពេលជាច្រើនថ្ងៃ។ តើស្ថានទូតមានអ្វីជាការអត្ថាធិប្បាយ?
យើងយល់ពីសេចក្តីប្រាថ្នារបស់ប្រជាជនហើយយើងក៏បានលើកឡើងពីការទាមទារទាំងអស់នេះដែរ នៅពេលយើងជំរុញការសន្ទនារវាងភាគីផ្សេងគ្នានៅមីយ៉ាន់ម៉ា។
នាពេលបច្ចុប្បន្ននេះមីយ៉ាន់ម៉ាប្រឈមមុខនឹងស្ថានភាពក្នុងស្រុកធ្ងន់ធ្ងរដែលក្នុងនោះការប្រឈមមុខគ្នាអាចនឹងត្រូវពង្រឹកបន្ថែមទៀត។យើងសង្ឃឹមថាគ្រប់ភាគីទាំងអស់អាចរក្សាភាពស្ងប់ស្ងៀមនិងទប់ស្កាត់និងចៀសវាងពីការធ្វើរឿងដែលអាចបង្កើនជម្លោះនិងបង្កើនភាពតានតឹង។ក្រោមស្ថានភាពបច្ចុប្បន្នអំពើហិង្សាគួរតែត្រូវចៀសវាងហើយសិទ្ធិជាមូលដ្ឋានរបស់ប្រជាជនចាំបាច់ត្រូវការពារឱ្យបាន។
– តើអ្នកមានទស្សនៈយ៉ាងណាចំពោះទំនាក់ទំនងបច្ចុប្បន្នរវាងមីយ៉ាន់ម៉ានិងចិន?
ទោះបីការផ្លាស់ប្តូរស្ថានការណ៍នយោបាយនៅមីយ៉ាន់ម៉ាគឺជាកិច្ចការផ្ទៃក្នុងរបស់ខ្លួនក៏ដោយក៏ប៉ុន្តែគ្មានអ្វីត្រូវងឿងឆ្ងល់ទេដែលថាវានឹងជះឥទ្ធិពលដល់ទំនាក់ទំនងរបស់មីយ៉ាន់ម៉ាជាមួយប្រទេសជិតខាង។យើងតែងតែគិតគូរពីផលប្រយោជន៍របស់ប្រជាជនទាំងពីរ។ឧទាហរណ៍ជាក់ស្តែងអាជ្ញាធរចិននិងអាជ្ញាធរតាមតំបន់បានជម្នះការលំបាកហើយខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យពាណិជ្ជកម្មតាមព្រំដែនមានស្ថិរភាព។
ឧទាហរណ៍មួយទៀតចិននិងមីយ៉ាន់ម៉ាបានអនុវត្តវិធានការប្រឆាំងនឹងជំងឺរាតត្បាតប្រកបដោយប្រសិទ្ធភាពហើយភាគីទាំងសងខាងកំពុងពិភាក្សាគ្នាអំពីលទ្ធកម្មវ៉ាក់សាំង ដែលមានសារៈសំខាន់សម្រាប់ប្រជាជនមីយ៉ាន់ម៉ា។
មានការកត់សម្គាល់ដ៏រំភើបមួយចំនួនអំពីចិននិងគម្រោងកិច្ចសហប្រតិបត្តិការរវាងចិននិងមីយ៉ាន់ម៉ាដែលបានផ្សព្វផ្សាយលើបណ្តាញសង្គមមីយ៉ាន់ម៉ានាពេលថ្មីៗនេះនិងសូម្បីព័ត៌មានក្លែងក្លាយមួយចំនួនក៏មានដែរ។យើងបានធ្វើការបញ្ជាក់ឱ្យបានទាន់ពេលវេលាក្នុងគោលបំណងដើម្បីជូនដំណឹងដល់សាធារណជនទូទៅអំពីស្ថានភាពជាក់ស្តែងនិងដើម្បីរក្សាចំណងមិត្តភាពរវាងប្រទេសទាំងពីរ។
យើងប្រឆាំងនឹងរាល់ការប៉ុនប៉ងប្រើប្រាស់កិច្ចការក្នុងស្រុករបស់មីយ៉ាន់ម៉ាដើម្បីធ្វើឱ្យអន្តរាយដល់កិច្ចសហប្រតិបត្តិការមិត្តភាពរវាងចិននិងមីយ៉ាន់ម៉ា ព្រោះចេតនានេះនឹងធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ផ្ទាល់របស់មីយ៉ាន់ម៉ា។
– តើអ្នកអាចដោះស្រាយពាក្យចចាមអារ៉ាមនៅលើបណ្តាញសង្គមដែលអះអាងថា ១. យន្តហោះចិនបានដឹកអ្នកបច្ចេកទេសមកមីយ៉ាន់ម៉ា, ២. ចិនកំពុងជួយកងទ័ពមីយ៉ាន់ម៉ាកសាងប្រព័ន្ធ Firewall (គ្រប់គ្រងអ៊ីនធឺណេត) និង ៣. ទាហានចិនកំពុងបង្ហាញវត្តមានតាមដងផ្លូវមីយ៉ាន់ម៉ា?
ទាំងនេះគឺជាការចោទប្រកាន់មិនសមហេតុសមផលនិងគួរឱ្យអស់សំណើច។យន្តហោះទាំងនេះគឺជាជើងហោះហើរដឹកទំនិញធម្មតារវាងចិននិងមីយ៉ាន់ម៉ាដែលជើងហោះហើរបានធ្លាក់ចុះពី១៥១៨ជើងក្នុងមួយថ្ងៃមុនពេលមានជំងឺរាតត្បាតមកនៅសល់ត្រឹមប្រហែល ៥ ជើងក្នុងមួយថ្ងៃ។ យន្តហោះទាំងនោះដឹកគ្រឿងសមុទ្រនិងការនាំចេញផ្សេងទៀតពីមីយ៉ាន់ម៉ាទៅកាន់ប្រទេសចិន។
ចិនតែងតែជាទីផ្សារនាំចេញដ៏សំខាន់សម្រាប់ផលិតផលកសិកម្មនិងជលផលរបស់មីយ៉ាន់ម៉ា។មានពាក្យចចាមអារ៉ាមថាជើងហោះហើរទាំងនោះដឹកបុគ្គលិកបច្ចេកទេសហើយបង្ហាញតាមរយៈរូបភាពកាត់តដោយចេតនា ដោយលុបចោលពាក្យថា “ជើងហោះហើរដឹកទំនិញ”។ បន្ទាប់មក មានការឃោសនាបំផ្លើសថា ជើងហោះហើរទាំងនោះបានដឹក “អាវុធ” ។
ទាំងនេះមិនមែនជាការពិតទេនិងជាការព្យាបាទ។ យើងសង្ឃឹមថាពាក្យចចាមអារ៉ាមបែបនេះនឹងមិនកើតឡើងម្តងទៀតទេ។ បើនៅតែមានពាក្យចចាមអារ៉ាមដូច្នោះទៀតវានឹងបានត្រឹមបញ្ជាក់ថាមានឧបាយកលនិងការជ្រៀតជ្រែកដោយកម្លាំងដែលមានចេតនាពីខាងក្រៅ ដែលធ្វើការនៅពីក្រោយឆាក។ ប្រជាជនចិនក៏មានការព្រួយបារម្ភអំពីពាក្យចចាមអារ៉ាមទាំងអស់នេះដែរ។ មនុស្សជាច្រើនកំពុងត្អូញត្អែរអំពីពាក្យមិនពិតទាំងនោះ។
យើងសង្ឃឹមដោយស្មោះថាប្រជាជនមីយ៉ាន់ម៉ាអាចបែងចែកអ្វីដែលខុសនិងអ្វីដែលត្រូវនិងការពារប្រឆាំងនឹងឧបាយកលនយោបាយដើម្បីចៀសវាងប៉ះពាល់ដល់មិត្តភាពរវាងប្រជាជនទាំងពីរ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ