Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ៖ ការងារ​ចាំបាច់​ដែល​យើង​ត្រូវ​រួមគ្នា​ធ្វើ​នោះ គឺ​ធ្វើយ៉ាងណា​ឱ្យ​គ្រប់​ស្ត្រី មាន​ផ្ទៃពោះ​ទាំងអស់ ទទួលបាន​ការពិនិត្យ​ថែទាំ ចាប់ពី​ពេល​ពរ​ពោះ រហូត​ដល់ពេល​សម្រាល​

​ភ្នំពេញ ៖ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​ថ្លែង​សារ​អំពាវនាវ​ដល់​សាខា​អនុសាខា​កាកបាទក្រហមកម្ពុជា និង​ក្រុមការងារ​ឥស្សរជន​ឆ្នើម​តាម​សាខា​កាកបាទក្រហមកម្ពុជា​ទាំង​២៥​រាជធានី​-​ខេត្ត បន្ត​យកចិត្តទុកដាក់​ផ្សព្វផ្សាយ​ឱ្យបាន​កាន់តែ​ទូលំទូលាយ​ដល់​ស្ត្រី​គ្រប់រូប​ឱ្យមាន​ការយល់ដឹង​ខ្ពស់​ពី​សារៈប្រយោជន៍​នៃ​ការពិនិត្យ​ផ្ទៃពោះ និង ការពិនិត្យ​សុខភាព​ក្រោយ​សម្រាល​ក្នុងអំឡុងពេល​នៃ​ការ​រាតត្បាត ជាពិសេស​ជំងឺ​កូ​វីដ​-១៩។

​សារលិខិត​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​ជា​ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ​នៃ​ផែនការ​សកម្មភាព​រួម​អគ្គលេខាធិការ​អង្គការ សហប្រជាជាតិ​ដើម្បី​សុខភាព​ស្ត្រី និង​កុមារ ផ្ញើជូន​បង​-​ប្អូន​ជនរួមជាតិ ក្នុង​ទិវា​ជាតិ​សុខភាព​មាតា ទារក និង​កុមារ​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០២១​។​

​ក្នុងនាម​កាកបាទក្រហម​កម្ពុជា និង​ក្នុងនាម​ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ​នៃ​ផែនការ​សកម្មភាព​រួម អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ដើម្បី​សុខភាព​ស្ត្រី និង​កុមារ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត មាន​ក្តី​សោមនស្ស​ជា​ពន្លឹក ដោយបាន​ចូលរួម​ជាមួយ​បង​-​ប្អូន​ជនរួមជាតិ និង​ក្មួយៗ​យុវជន​ទាំងអស់ អបអរសាទរ​ទិវា​ជាតិ​សុខ ភាព​មាតា ទារក និង​កុមារ ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០២១ នាពេលនេះ​។​

​ថ្វីត្បិតតែ​ឆ្នាំ​២០២០​កន្លងទៅ និង​រហូត​មកទល់ពេលនេះ ប្រទេស​យើង​មានការ​រំខាន​ញាំញី​ពី​មេរោគ​កូ​វីដ​-១៩ មែនពិត ក៏​ប្រជាជន​ទាំងអស់ រស់នៅ​ជាធម្មតា តាមបែប​គន្លង​ថ្មី ដោយសារ តែ​ប្រទេសជាតិ​មាន​សន្តិភាព និង​ស្ថិរភាព​នយោបាយ​។ សន្តិភាព​បាន​ផ្តល់ឱកាស​ឱ្យ​កម្ពុជា​ទទួល បាន​ភាព​សុខដុម វឌ្ឍនភាព និង​សុវត្ថិភាព​សង្គម​។ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត សូម​សំដែង​នូវ​ការដឹងគុណ​ជា​អនេក​ចំពោះ​ការ នាំមក​នូវ​សន្តិភាព​ជូន​មាតុភូមិ និង​សូម​សំដែង​នូវ​ការកោតសរសើរ​យ៉ាងខ្លាំង​ចំពោះ​រាជរដ្ឋាភិបាល ក្នុងការ​សម្រេចបាន​នូវ​សមិទ្ធផល​ធំធេង​ក្នុង​ពេលនេះ​។ ជាមួយគ្នានេះ គោលនយោបាយ​គាំពារ សង្គម​របស់​រាជរដ្ឋាភិបាល​បាន​ជួយ​ដល់​ប្រជាជន​ដែល​ងាយ​រងគ្រោះ​ឱ្យទទួល​បាន​នូវ​ការឧបត្ថម្ភ ជីវភាព​រស់នៅ ក្នុង​កាលៈទេសៈ​ដែលមាន​ការយាយី​រាតត្បាត​ដោយ​កូ​វីដ -១៩ ហើយ​គោលនយោបាយ គាំពារ​សង្គម​ក៏បាន​ពង្រឹង និង​បន្ត​ជួយ​ដល់​ក្មួយៗ​នារី​ទាំងអស់​ដែលមាន​ប័ណ្ណ​សមធម៌ កម្មការិនី ឱ្យទទួល​បាន​នូវ​អត្ថប្រយោជន៍​ក្នុងការ​ថែទាំ​សុខភាព ទទួលបាន​នូវ​ការពិគ្រោះ ពិនិត្យ ព្យាបាល​ជំងឺ ទទួល​របប​ឧបត្ថម្ភ​មាតុភាព រួមចំណែក​ជួយ​ឱ្យ​គ្រួសារ​នីមួយៗ​អាច​រស់នៅ​ជា​ប្រក្រតី​។ ការអនុវត្ត​កម្មវិធី ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កូន​អាយុ​ក្រោម​ពីរ​ឆ្នាំ​នៃ​គ្រួសារ​ដែលមាន​ប័ណ្ណ​សមធម៌​ប័ណ្ណ​អាទិភាព ជា​យុទ្ធសាស្ត្រ​សំខាន់​មួយ​របស់​កម្ពុជា​ក្នុងការ​លើកកម្ពស់​សុខ​ភាព​មាតា ទារក និង កុមារ ដើម្បី​ឈានទៅ​សម្រេច បាន​នូវ​ការ​គ្របដណ្តប់​សេវា​សុខ​ភាពជា​សកល​នៅ​កម្ពុជា​។​

​ដូចនេះ យើងទាំងអស់គ្នា​ត្រូវតែ​រួមចំណែក​ជួយ​រាជរដ្ឋាភិបាល​បន្ថែមទៀត ឆ្ពោះទៅ​អនាគត ដ៏​រុងរឿង​នាពេលខាងមុខ​។ ការងារ​ចាំបាច់​ដែល​យើង​ត្រូវ​រួមគ្នា​ធ្វើ​នោះ គឺ​ធ្វើយ៉ាងណា​ឱ្យ​គ្រប់​ស្ត្រី មាន​ផ្ទៃពោះ​ទាំងអស់​ទទួលបាន​ការ​ពិនិត្យ​ថែទាំ​ចាប់ពី​ពេល​ពរ​ពោះ​រហូត​ដល់ពេល​សម្រាល និង​បន្ទាប់ពី​សម្រាលកូន​ហើយ​ត្រូវ​បន្ត​ថែទាំ​សុខភាព​ទាំង​ម្តាយ​ទាំង​កូន​ក្នុងអំឡុងពេល​១​ខែ​កន្លះ និង​បន្ត​ថែទាំ​សុខភាព​ទារក​រហូតដល់​កូន​មាន​អាយុ​ពីរ​ឆ្នាំ​។ ការតាមដាន​សុខភាព​កូន​នេះ​មាន សារៈសំខាន់​ណាស់​។ គ្រប់​ស្ត្រី​ជា​មាតា​ទាំងអស់ ចាំបាច់​ត្រូវ​ដឹង​ច្បាស់​អំពី​ការចិញ្ចឹម​ទារក និង កុមារ​តូច ការតាមដាន​ការលូតលាស់​របស់​កូន , និង​ត្រូវ​ធ្វើការ​ពន្យារកំណើត ពី​កូន​មួយ​ទៅ​កូន​បន្ទាប់​ផង​ដើម្បីឱ្យ​មាតា​មាន​សុខភាព​រឹងមាំ​ឡើងវិញ ហើយ​កូន​អាច​ទទួលបាន​ការថែទាំ​ពេញលេញ​ពី​មាតា និង​មាន​សុខភាព​ល្អ​។ ឆ្លៀត​ក្នុងឱកាស​ទិវា​ជាតិ​សុខភាព​មាតា ទារក​និង​កុមារ​នេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត សូម​រួមចំណែក​ជូន​អនុសាសន៍ ក្នុងការ​ថែទាំ​សុខភាព​ម្តាយ​និង​កូន​ក្នុង​បរិបទ “​រស់នៅ​ធម្មតា តាមបែប​គន្លង​ថ្មី​” ដូចតទៅ ៖

– សូមឱ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ទាំងអស់​ទៅពិនិត្យ​សុខភាព ពិគ្រោះ​យោបល់​ជាមួយ​គ្រូ​ពេទ្យឆ្មប​ជំនាញ​នៅ​មណ្ឌល​សុខភាព ឬ មន្ទីរពេទ្យ​ដែល​នៅ​ជិត​ផ្ទះ​ឱ្យបាន​ទៀងទាត់​ចំនួន​៤​ដង តាម​ពេលវេលា​និង​ការណែនាំ របស់​គ្រូពេទ្យ ទទួលយក​សេវា​បង្ការ ព្យាបាល​ទាំងអស់ ពិសេស​ស្ម័គ្រចិត្ត​ធ្វើតេស្ត ឈាម រក​មេរោគ​អេដស៍​/​ស្វាយ ដើម្បី​រួមគ្នា​លុបបំបាត់​ការចម្លង​រោគ​ពី​ម្តាយ​ទៅ​កូន​។​

-​ទៅ​សម្រាលកូន​នៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​ដែលមាន​គ្រូ​ពេទ្យឆ្មប​ជំនាញ​ទទួល បានការ​បណ្តុះបណ្តាល​ត្រឹមត្រូវ​។​

-​ទៅពិនិត្យ​សុខភាព​ក្រោយពេល​សម្រាល ទាំង​មាតា ទាំង​ទារក យក​កូន​ទៅ​ទទួល​ថ្នាំ បង្ការ​ជំងឺ​១១​មុខ តាម​ពេលវេលា​កំណត់ ពិនិត្យ​តាមដាន​សុខភាព និង​ការលូតលាស់ របស់​កូន​រហូតដល់​កូន​មាន​អាយុ​ពីរ​ឆ្នាំ​។​

-​បំបៅ​ទារក​ដោយ​ទឹកដោះ​ម្តាយ​តែមួយ​មុខ​គត់ ចាប់ពី​ពេល​ទារក​កើត​ភ្លាម​រហូតដល់ ទារក​មាន​អាយុ​៦​ខែ និង​ផ្តល់​អាហារ​បន្ថែម​គ្រប់មុខ​គ្រប់​ជីវជាតិ (​បបរ​ខាប់​គ្រប់គ្រឿង​) រួមជាមួយ​ការបន្ត​បំបៅ​ទឹកដោះ​ម្តាយ​រហូតដល់​កុមារ​មាន​អាយុ​យ៉ាងតិច​២​ឆ្នាំ​។​

-​ប្រញាប់​យក​ទារក​ទៅ​មន្ទីរពេទ្យ​ភ្លាម​នៅពេល​ឃើញ​សញ្ញា​គ្រោះថ្នាក់​ណាមួយ​នៃ​ជំងឺ រលាក​ផ្លូវដង្ហើម ជំងឺរាក ឬ​ជំងឺ​ផ្សេងទៀត និង​យក​ទារក ឬ​កុមារ​តូច​ដែលមាន​រាងកាយ ស្គម ឬ​មិន​ឡើង​ទម្ងន់​សោះ ទៅ​ពិគ្រោះ​យោបល់ និង​ទទួល​ការព្យាបាល​នៅ​មន្ទីរពេទ្យ​។​

– សូមឱ្យ​ស្ត្រី​មាន​ផ្ទៃពោះ ស្ត្រី​ជា​មាតា​ទាំងអស់​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​ការពារ​ខ្លួន ដែល​បាន​ណែនាំ​ដោយ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ការណែនាំ​នានា​របស់​ក្រសួងសុខាភិបាល ដោយ​ត្រូវ ៖ ពាក់​ម៉ាស់ លាងដៃ​ញឹកញាប់ និង​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល​ពីមួយ​ម៉ែត្រ​កន្លះ​ឡើង​។ កុំទៅ​កន្លែង​មនុស្ស​ច្រើន​កុះករ​ច្រើន និង​កុំ​ប៉ះពាល់​គ្នា​នៅពេល​ជួបគ្នា កុំ​ចាប់ដៃ កុំ​នៅ​កន្លែង​បិទ​ជិត គ្មាន​ខ្យល់​ចេញចូល​ប្រើ​ម៉ាស៊ីនត្រជាក់ គ្នា កុំ​កៀក​ស្មា​គ្នា កុំ​ឱប​គ្នា​ជាដើម​។​

– សូម​សាខា​អនុសាខា​កាកបាទក្រហមកម្ពុជា និង​ក្រុមការងារ​ឥស្សរជន​ឆ្នើម​តាម​សាខា​កាកបាទក្រហមកម្ពុជា​ទាំង​២៥​រាជធានី​-​ខេត្ត បន្ត​យកចិត្តទុកដាក់​ផ្សព្វផ្សាយ​ឱ្យបាន​កាន់តែ​ទូលំទូលាយ​ដល់​ស្ត្រី​គ្រប់រូប​ឱ្យមាន​ការយល់ដឹង​ខ្ពស់​ពី​សារៈប្រយោជន៍​នៃ​ការពិនិត្យ​ផ្ទៃពោះ និង ការពិនិត្យ​សុខភាព​ក្រោយ​សម្រាល​ក្នុងអំឡុងពេល​នៃ​ការ​រាតត្បាត ជាពិសេស​ជំងឺ​កូ​វីដ​-១៩​។

​ជាមួយគ្នានេះ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​សូម​អំពាវនាវ​ចំពោះ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក​សុខាភិបាល អ្នកផ្តល់ សេវា​ទាំងអស់ ចូលរួម​គាំទ្រ​ការអនុវត្ត​គោលនយោបាយ​គាំពារ​សង្គម​របស់​រាជ​រដ្ឋាភិបាល​ឱ្យមាន ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​ឈានទៅ​សម្រេចបាន​គោលដៅ​របស់​រាជរដ្ឋាភិបាល​តាម​ការកំណត់ និង សូម​អំពាវនាវ​ដល់​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ទាំង​ជាតិ និង​អន្តរជាតិ សូមជួយ​និង​បន្ត​ជួយ​វិនិយោគ គាំទ្រ​ដល់​ការងារ​សុខភាព​មាតា ទារក និង​កុមារ​នៅ​កម្ពុជា​។​

​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​មាន​ក្តីសង្ឃឹម​និង​ជឿជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ និង​ប្រកបដោយ គតិបណ្ឌិត​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា​នឹង​បង្កើន​លទ្ធភាព​ថ្មីៗ​បន្ថែមទៀត​ក្នុងការ​ធ្វើឱ្យ​កាន់តែ​ប្រសើរឡើង​នូវ​ស្ថានភាព សុខភាព​មាតា ទារក និង​កុមារ​នៅ​កម្ពុជា​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×