បាត់ដំបង ៖ អនុវត្តតាមលិខិតលេខ ០២៨ /២១ សសរ ចុះថ្ងៃទី ០៣ ខែ កុម្ភៈ ឆ្នាំ ២០២១ របស់រដ្ឋបាលខេត្តបាត់ដំបង នាយប់ថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ ២០២១សមត្ថកិច្ចចម្រុះក្នុងគណៈកម្មការត្រួតពិនិត្យការអនុវត្ត ធ្វើតេស្តស្វែងរកសារធាតុញៀនចំពោះអ្នកបើកបរយានយន្តគ្រប់ប្រភេទ ដែលឆ្លងកាត់ផ្លូវក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ដែលមានអជ្ញាធរខេត្ត អយ្យការអមសាលាដំបូងខេត្ត កងកម្លាំងនគរបាលខេត្ត កម្លាំងកងរាជអាវុធហត្ថខេត្ត មន្ត្រីមន្ទីរសុខាភិបាលខេត្ត មន្ត្រីមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត និងអាជ្ញាធរស្រុក បានអនុវត្តត្រួតពិនិត្យលើមធ្យោបាយធ្វើដំណើរ ឆ្លងកាត់ភូមិសាស្ត្រក្រុងបាត់ដំបង ដែលមានមធ្យោបាយចំនួន១៩៩គ្រឿង ក្នុងនោះមានរថយន្តធុនធំ ចំនួន ១៨៨គ្រឿង រថយន្តធុនតូចចំនួន ១១គ្រឿងនិងម៉ូតូចំនួន០៣គ្រឿង ដោយក្នុងនោះបានឱ្យម្ចាស់យាន ទាំងនោះធ្វើតេស្តទឹកនោមផ្ទាល់ភ្លាមៗ ហើយជាលទ្ធផលបានរកឃើញអ្នកមានផ្ទុកសារធាតុញៀននៅក្នុងខ្លួនចំនួន១៦នាក់។
អ្នកមានផ្ទុកសារធាតុញៀននៅក្នុងខ្លួនចំនួន១៦នាក់ ៖ -អ្នកបើកបររថយន្តធុនធំមានចំនួន០៨នាក់-អ្នកបើកបររថយន្តធុនតូចចំនួន០៤ នាក់ -អ្នកបើកម៉ូតូនិងរួមដំណើរចំនួន០៤ នាក់។
នៅពេលពិនិត្យឃើញបែបនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនរួមទាំងមធ្យោបាយរបស់គាត់ផង នៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ហើយព្រឹកថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០២១នេះសមត្ថកិច្ចកំពុងធ្វើការសាកសួរស្រាវជ្រាវចំពោះបញ្ហាពាក់ព័ន្ធនឹង ករណីគ្រឿងញៀននេះ ។ នៅក្រោយពេលសាកសួររួច សមត្ថកិច្ចនឹងមានចំណាត់ការស្របតាមនីតិវិធីនិងច្បាប់ដែលពួកគាត់បានប្រព្រឹត្តល្មើស៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ