ភ្នំពេញ៖ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ក្នុងនោះរួមមាន ទូរទស្សន៍ CBS និង Digital Sky នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ បានចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយទូរទស្សន៍ធំៗចំនួន២ រួមមាន ក្រុមហ៊ុន ទូរទស្សន៍បាយ័នគ្រុប និងក្រុមហ៊ុនហង្សមាសគ្រុប ដែលជាការបោះជំហានដ៏ធំមួយ ដើម្បីបង្កើតក្រុមហ៊ុនថ្នាលទូរទស្សន៍ឌីជីថលធំជាងគេនៅកម្ពុជា។
ពិធីចុះហត្ថលេខានេះ ប្រព្រឹត្តទៅ នៅសណ្ឋាគារកាំបូឌីយ៉ាណា ភ្នំពេញ ដែលមានការចូលរួមជាផ្លូវការដោយអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ដែលមានទូរទស្សន៍ CBS និង Digital Sky និងលោកឧកញ៉ា ឆាល វ៉ាន់ ទីប្រឹក្សាក្រុមហ៊ុនទូរទស្សន៍បាយ័នគ្រុប និងលោកឧកញ៉ា អ៊ឹង ឆៃងួន ប្រធានក្រុមហ៊ុនទូរទស្សន៍ហង្សមាសគ្រុប។ កម្មពិធីនេះ ក៏មានការចូលរួមផងដែរពីថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុន មន្ត្រីរាជការពាណិជ្ជករឆ្នើម និង តារាចម្រៀង និងតារាសំដែង ជាច្រើនរូប។
គោលបំណងនៃអនុស្សរណៈនេះ គឺដើម្បីបង្កើតក្រុមហ៊ុនថ្នាលទូរទស្សន៍ឌីជីថល ដែលមានឈ្មោះថា “សម្ព័ន្ធ ទូរទស្សន៍កម្ពុជា គ្រុប ខូ អិល ធី ឌី” ដែលមានការចូលរួមភាគហ៊ុនដោយ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ក្រុមហ៊ុនទូរទស្សន៍បាយ័ន និងក្រុមហ៊ុនទូរទស្សន៍ហង្សមាស។ ក្រុមហ៊ុនថ្នាលទូរទស្សន៍ឌីជីថលថ្មីមួយនេះ នឹងដាក់ឱ្យដំណើរការនូវថ្នាលទូរទស្សន៍ឌីជីថល ដែលនឹងផ្តល់ជូននូវសេវា និងជម្រើសទូរទស្សន៍ឌីជីថលដោយសម្បូរបែប ព្រមទាំងមានប៉ុស្តិ៍ច្រើនប្រភេទ សំដៅលើកស្ទួយចំណេះដឹង ការកម្សាន្ត និងទស្សនីយភាពត្រជាក់ៗ ដែលនាំមកនូវភាពសុខដុមរមនាដល់ក្រុមគ្រួសារកម្ពុជា។
ដៃគូសហការ ដែលបង្កើតបានក្រុមហ៊ុនថ្នាលទូរទស្សន៍ឌីជីថលថ្មីនេះ នឹងចូលរួមចំណែកជួយដល់ការអនុវត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញឱ្យរាល់បណ្តាញផ្សព្វផ្សាយរបស់ឯកជន និងរដ្ឋ ដើម្បីប្តូរ ការផ្សាយពី អាណាឡូក ទៅជាការផ្សាយលើថ្នាលទូរទស្សន៍ឌីជីថលវិញ។
ក្រុមហ៊ុនថ្នាលទូរទស្សន៍ឌីជីថលថ្មីនេះ មានភារកិច្ចត្រួតពិនិត្យគុណភាព រូបភាព វីដេអូ សំឡេង និងកម្មវិធីផ្សាយ នៅលើប្រព័ន្ធផ្សព្វផ្សាយតាមរយៈច្រកចេញចូលតែមួយ ហើយក៏ចូលរួមធានាបាននូវការផ្លាស់ប្តូរការផ្សាយពីប្រព័ន្ធអាណាឡូកទៅជាប្រព័ន្ធឌីជីថលដោយរលូន ឱ្យបានទាន់ពេលកំណត់មុនឆ្នាំ២០២៣ ។
ក្រុមហ៊ុននីមួយៗ បានបម្រើទស្សនីយអារម្មណ៍ ចំណេះដឹង និងការកម្សាន្ត ក្នុងវិស័យសោតទស្សន៍ ជូនប្រជាជនកម្ពុជាអស់រយៈពេល ២៥ ឆ្នាំមកហើយ រហូតមកដល់ពេលនេះ ក្រុមហ៊ុនយើងមានបទពិ សោធ ន៍ ជំនាញ និងធនធានមនុស្សយ៉ាងមុតមាំនៅក្នុងឧស្សាហកម្មសោតទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយ។
សូមជម្រាបថា ក្រុមហ៊ុនទូរទស្សន៍ CBS មានប៉ុស្តិ៍ទូរទស្សន៍ដូចជា ប៉ុស្តិ៍ CTN, CTN International, CNC, MyTV, CBS Digital, TMS, វិទ្យុភ្នំពេញ និង Legend Tiger និង Digital Sky ។ ក្រុមហ៊ុនទូរទស្សន៍ បាយ័នគ្រុប រួមមាន ប៉ុស្តិ៍ទូរទស្សន៍បាយ័ន ប៊ីធីវី កាសែតកម្ពុជាថ្មី និងវិទ្យុបាយ័ន។ និងក្រុមហ៊ុនទូរទស្សន៍ ហង្សមាសគ្រុប រួមមាន ប៉ុស្តិ៍ទូរទស្សន៍ហង្សមាស រស្មីហង្សមាស វិទ្យុហង្សមាស និង Pleng Records និងក្រុមហ៊ុនពិធីការនិងសារព័ត៌មាន២៤ម៉ោង៕ រក្សាសិទ្ធិដោយ ៖ CEN