Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ ចុះ​ពិនិត្យ​ការស្ថាបនា​ផ្លូវ​ជនបទ ក្រាល​កៅស៊ូ​ពីរ​ជាន់ dbst នៅ​ភូមិសាស្ត្រ​ស្រុក​កំពង់រោទិ៍​

​ខេត្តស្វាយរៀង ៖ លោក​បណ្ឌិតសភា​ចា​រ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២១​នេះ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ការស្ថាបនា​ផ្លូវ​ជនបទ​ក្រាល​កៅស៊ូ​ពីរ​ជាន់ dbst ចំនួន ២​ខ្សែ នៅ​ភូមិសាស្ត្រ​ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង​។​

​អញ្ជើញ​អមដំណើរ​ជាមួយ​លោក​បណ្ឌិត​សភាចា​រ្យ រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ​នាឱកាស​នោះ​មាន​លោក​ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង លោក​រដ្ឋលេខាធិការ​ប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំ​ក្រសួង​ព្រមទាំង​មន្ត្រី​ជំនាញ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ លោក​អភិបាលស្រុក​និង​អាជ្ញាធរ​មូលដ្ឋាន​ជាច្រើនរូប​ទៀត​។​

​នៅក្នុង​ឱកាស​នោះ​លោក​បណ្ឌិត បាន​បញ្ជាក់ថា ខេត្តស្វាយរៀង គឺជា​ខេត្ត​គោលដៅ​មួយ នៃ​គម្រោង​កែលម្អ​ផ្លូវ​ជនបទ​ជំហាន​ទី​២ ក្រោម​ហិរញ្ញប្បទាន​ឥត​សំណង ពី​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដោយ​ទទួលបាន​ផ្លូវ​ជនបទ​ក្រាល​កៅស៊ូ​ចំនួន​១​ខ្សែ ប្រវែង​៨ គីឡូម៉ែត្រ និង​ផ្លូវ​ចំនួន ៤​ខ្សែ​ទៀត ដែលមាន​ប្រវែង​សរុប ៥៧.២ គីឡូម៉ែត្រ របស់​គម្រោង​កែលម្អ​ផ្លូវ​ជនបទ​ជំហាន​ទី​៣ ក្រោម​ឥណទាន​សម្បទាន​ពី​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​។​

​ផ្លូវ​ទាំងនោះ​រួមមាន​៖
* ខ្សែ​ទី​១៖ ដែល​ត​ភ្ជាប់​ពី​ភូ​មិញរ ឃុំ​ញរ ទៅ​ភូមិ​ភ្នំស្រូវ ឃុំ​រាជ្យ​មុន្ទី និង​ភូមិ​តេ​ជៈ ឃុំ​បន្ទាយ​ក្រាំង ស្រុក​កំពង់រោទិ៍ ប្រវែង​សរុប ៨ គីឡូម៉ែត្រ ក្រោម​ហិរញ្ញប្បទាន​ឥត​សំណង​ពី​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ហើយ​គ្រោង​បញ្ចប់ ១០០% នៅមុន​ខែមិថុនា ឆ្នាំ​២០២២​។​

* ខ្សែ​ទី​២៖ ដែល​ត​ភ្ជាប់​ពី​ក្រោលគោ ដល់​វត្ត​ស្វាយ​ផ្អែម ស្រុក​ស្វាយជ្រុំ ប្រវែង ១១.០៩​គីឡូម៉ែត្រ ក្រោម​ឥណទាន​សម្បទាន​ពី​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែល​គ្រោង​នឹង​បញ្ចប់ ១០០% នៅក្នុង​ខែមេសា ឆ្នាំ​២០២៣​។​

* ខ្សែ​ទី​៣៖ ដែល​ត​ភ្ជាប់​ពី​ផ្សា​រចក ដល់​ពងទឹក ស្រុក​រំដួល ប្រវែង ៩.១៦​គីឡូម៉ែត្រ ក្រោម​ឥណទាន​សម្បទាន​ពី​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែល​គ្រោង​នឹង​បញ្ចប់ ១០០% នៅក្នុង​ខែមេសា ឆ្នាំ​២០២៣​។​

* ខ្សែ​ទី​៤៖ ដែល​ត​ភ្ជាប់​ពី​ព្រៃ​គាល ដល់​កំពង់អំពិល ស្រុក​រំដួល ប្រវែង ២៤.៩៥​គីឡូម៉ែត្រ ក្រោម​ឥណទាន​សម្បទាន​ពី​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែល​គ្រោង​នឹង​បញ្ចប់ ១០០% នៅក្នុង​ខែមេសា ឆ្នាំ​២០២៣​។​

* ខ្សែ​ទី​៥៖ ដែល​ត​ភ្ជាប់​ពី​ព្រះ​ពន្លា ដល់​សំ​យោង ស្រុក​កំពង់រោទិ៍ ប្រវែង ១១.៩ គីឡូម៉ែត្រ​ក្រោម​ឥណទាន​សម្បទាន​ពី​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែល​គ្រោង​នឹង​បញ្ចប់ ១០០% នៅក្នុង​ខែមេសា ឆ្នាំ​២០២៣​។​

​លោ​កម​បណ្ឌិត​សភាចា​រ្យ​រដ្ឋមន្ដ្រី​បាន​បន្តទៀតថា ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត និង​គមនាគមន៍ គឺជា​កម្មវិធី​អាទិភាព​មួយ ក្នុង​ផែនការ​យុទ្ធសាស្ដ្រ​អភិវឌ្ឍន៍ជនបទ ដូចជា​គម្រោង​កែលម្អ​ផ្លូវ​ជនបទ​ជំហាន ទី​២ ក្រោម​ហិរញ្ញប្បទាន​ឥត​សំណង​ពី​រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​កំពុង​អនុវត្ត​នៅក្នុង​ខេត្ត​ចំនួន ៦​រួមមាន​៖ ខេត្តកំពង់ស្ពឺ​, កំពង់ឆ្នាំង​, កណ្តាល​, ព្រៃវែង និង​ខេត្តស្វាយរៀង លើ​ប្រវែង​ផ្លូវ​សរុប ១១៩.៤៦​គីឡូម៉ែត្រ និង​គម្រោង​កែលម្អ​ផ្លូវ​ជនបទ​ជំហាន​ទី​៣ ក្រោម​ឥណទាន​សប្បទាន​ពី​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែល​កំពុង​អនុវត្ត​នៅក្នុង​ខេត្ត​ចំនួន ៥ រួមមាន​៖ ខេត្តកំពង់ចាម​, ត្បូងឃ្មុំ​, ព្រៃវែង​, ស្វាយរៀង និង​ខេត្តក្រចេះ លើ​ប្រវែង​ផ្លូវ​សរុប ៣៤០.៧៦​គីឡូម៉ែត្រ​។​

​លោក​បណ្ឌិត​សភាចា​រ្យ​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ដល់​ប្រជាជន ក៏ដូចជា​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ព្រមទាំង​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែល​តែងតែ​ជួយ​ដល់​កម្ពុជា លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ និង​គមនាកមន៍​នៅ​ជនបទ និង​បាន​ក្រើនរំលឹក​ដល់​ទីប្រឹក្សាបច្ចេកទេស ក្រុមហ៊ុន​សាងសង់ និង​មន្ដ្រី​បច្ចេកទេស ត្រូវ​យកចិត្តទុកដាក់ និង​អនុវត្តន៍​ឲ្យ​បាន​ត្រឹមត្រូវ តាម​បទដ្ឋាន​បច្ចេកទេស ដើម្បី​ធានា​ដល់​ការប្រើប្រាស់​បានយូរ​អង្វែង​៕ រក្សា​សិទ្ធិ​ដោយ ៖ វ៉ៃ​កូ​

×