Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាល​រាជធានី ចុះ​ពិនិត្យមើល​ការស្តារ​ប្រឡាយ​មេ​រំដោះ​ទឹក ក្នុង​ខណ្ឌ​៤​នៅ​ជាយក្រុង ដើម្បី​រំដោះ​ទឹក​នៅ​រដូវវស្សា​

​ភ្នំពេញ​៖ ដើម្បី​ជម្រុញ​ឲ្យ​ការងារ​ស្តារ ប្រឡាយ​ទួល​ពង្រ​ទំហំ​៨​ម៉ែត្រ ទទួលបាន​ជោគជ័យ​និង​ទាន់ពេលវេលា មុន​រដូវវស្សា​មកដល់ លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​១៨​កុម្ភៈ​នេះ បាន​ដឹកនាំ​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​ដែនដី ពិសេស​អាជ្ញាធរ​ខណ្ឌដង្កោ ខណ្ឌ​ពោធិ៍​សែន​ជ័យ ខណ្ឌ​កំបូល និង​ខណ្ឌមានជ័យ ចុះ​ពិនិត្យមើល​ស្ថានភាព​ជាក់ស្តែង​នៃ​តួ​ប្រឡាយ ស្ថានីយ​លូ​៥ សំដៅ​ធ្វើយ៉ាងណា​បើកផ្លូវ​ទឹក​ឲ្យ​ហូរ​បាន​លឿន កាត់បន្ថយ​ការលិចលង់​លំនៅដ្ឋាន​ប្រជាពលរដ្ឋ នៅក្នុង​ខណ្ឌ​ចំនួន​៤​នៅ​ជាយក្រុង​។​

ចំពោះ​សកម្មភាព​ដែល​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ចុះ​ពិនិត្យ​នេះ មានដូចជា​សកម្មភាព​កាយ​បើក​មុខទឹក​ប្រឡាយ​ទួល​ពង្រ​១ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ការពិនិត្យ​សកម្មភាព​ការស្ដារ​ប្រឡាយ​ភូមិ​ម័​រ ខណ្ឌដង្កោ និង​ការពិនិត្យ​កាយ​ប្រឡាយ​នៅ សង្កាត់​ស្ទឹងមានជ័យ​ទី​១ ខណ្ឌមានជ័យ និង​ការ​ពិនិត្យមើល​ស្ថានីយ​បូមទឹក​លូ​៥​ជាដើម ដើម្បី​ជំរុញ​ការងារ​ស្ដារ​ប្រឡាយ​នេះ​ឲ្យ​លឿន​ទាន់ពេលវេលា មុន​រដូវវស្សា​មកដល់​។​

លោក​ឃួ​ង ស្រេង បាន​មានប្រសាសន៍ថា ប្រឡាយ​ទាំង​ប៉ុន្មាន​ខាងលើនេះ ជា​ប្រឡាយ​មេ ដែលមាន​សារៈសំខាន់​បំផុត​ក្នុងការ​រំដោះ ទឹក​ពី​ផ្លូវជាតិ​លេខ​៤ ខណ្ឌ​កំបូល ខណ្ឌ​ពោធិ៍​សែន​ជ័យ ខណ្ឌដង្កោ និង​ខណ្ឌមានជ័យ​។​

លោក​បន្តទៀតថា ការស្ដារ​ប្រឡាយ​ខាងលើនេះ បានធ្វើ​ឲ្យ​ប៉ះពាល់​ដី​កម្មសិទ្ធិឯកជន​របស់​បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួន ហើយ​បងប្អូន​ប្រជាពលរដ្ឋ​ក៏បាន​ចូលរួម​បរិ​ច្ចាគដី ដែលជា​កម្មសិទ្ធិ​របស់​ខ្លួន​នោះ ជូន​មក​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ផងដែរ ។ លោក​ពិតជា​អរគុណ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​ចូលរួម​បរិ​ច្ចាគដី ដែលមាន​ទំហំ​រហូតដល់​២​ម៉ែត្រ និង​មាន​បណ្ដោយ​រហូតដល់​៥០០​ម៉ែត្រ ដើម្បី​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ មានលទ្ធភាព​ស្ដារ​ប្រឡាយ​នេះ ឲ្យ​បាន​ធំ​រហូតដល់​៨​ម៉ែត្រ​ទៅតាម​គម្រោង​។​

លោក​ឃួ​ង ស្រេង ក៏បាន​អំពី​នាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​សហការ​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ស្ដារ​ប្រឡាយ​ទាំងនេះ​ឱ្យបាន​លឿន​និង​ធំ​ទូលាយ​។​

លោក​បានបញ្ជាក់​ផងដែរ​ថា ចំពោះ​ប្រឡាយ​ដែលមាន​ស្រាប់ មាន​បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួន​បាន​រំលោភ ដោយ​សាង​សង់ផ្ទះ នៅលើ​តួ​ប្រឡាយ​តែម្តង​។ បញ្ហា​នេះ​លោក​សំណូមពរ​ឲ្យ​បងប្អូន​ប្រជាព​រដ្ឋ រុះរើ​សំណង់​នោះ​ចេញពី​តួ​ប្រឡាយ ដើម្បី​ឲ្យ​ក្រុមការងារ​មានលទ្ធភាព ស្ដារ​ប្រឡាយ​ដោះ​ទឹក​នេះ ឲ្យ​បាន​លឿន​ទៅតាម​គម្រោង​ដែល​បាន​គ្រោងទុក​។​

គួរ​បញ្ជាក់ថា ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ លោក​សាំ ពិសិដ្ឋ បានបញ្ជាក់​ឲ្យ​ដឹងថា ជា​គម្រោង​រដ្ឋបាល​រាជធានី​ភ្នំពេញ ត្រូវ​ស្តារ​ប្រឡាយ​ទួល​ពង្រ​១ ជា​ប្រឡាយ​បេតុង ឲ្យ​បាន​ទទឹង ៨​ម៉ែត្រ​បណ្ដោយ ៤៥៤៥​ម៉ែត្រ ចាប់ពី​ភូមិ​ព្រៃ​ព្រីង​ខាងត្បូង​ដល់​បុរី​ជីបម៉ុង​។ ដាក់លូ​ប្រអប់​ទំហំ ២,៦៥​ម៉ែត្រ​គុណ​នឹង​២,៦៥​ម៉ែត្រ មាន​ចំនួន​៣​ជួរ​ប្រវែង​៤៤៥​ម៉ែត្រ ចាប់ពី​បុរី​ជីពម៉ុង​ដល់​ប្រឡាយ​បឹង​ហា​។ ដាក់លូ​ប្រអប់​ស្របតាម​ផ្លូវជាតិ​លេខ​៣ ទំហំ ៦​ម៉ែត្រ​គុណ​នឹង​២​ម៉ែត្រ​ប្រវែង​១២២០​ម៉ែត្រ ចាប់ពី​បូរី​Green Vill ដល់​ដើម​ប្រឡាយ​ទួល​ពង្រ និង​ដាក់លូ​ជ្រុង​ចំណុច​ផ្លូវ​ឆ្លងកាត់​មាន​ចំនួន​៧​កន្លែង​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×