Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា ត្រៀមលក្ខណៈ​ចូលរួម​ពិព័រណ៍​ពិភពលោក នៅ​ទីក្រុង​លោក​ឌុយ​បៃ សហភាព​អារ៉ាប់​រួម នា​ខែតុលា ឆ្នាំ​២០២១ ខាងមុខ​

​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២១ នេះ នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មការ​អន្តរក្រសួង ដើម្បី​រៀបចំ និង​ចូលរួម​ពិព័រណ៍​ពិភពលោក និង​ពិព័រណ៍​ពាណិជ្ជកម្ម​អន្តរជាតិ ក្រោម​ការអញ្ជើញ​ចូលរួម​របស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ជា​សមាជិក​គណៈកម្មការ​អន្តរក្រសួង តំណាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រុម​ជន​បង្គោល​តំណាង​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​មន្ត្រី​លេខាធិការដ្ឋាន​សរុប​ចំនួន ៤០ រូប​។​

​ជា​កិច្ច​ចាប់ផ្ដើម ឯកឧត្តម​រដ្ឋមន្ត្រី ក្នុងនាម​ប្រធាន​គណៈកម្មការ​អន្តរក្រសួង បាន​ជម្រាប​ពី​ស្ថានភាព​ប្រែប្រួល​នៃ​សមាសភាព​សមាជិក​គណៈ​កម្ម​ការ​អន្តរក្រសួង​ក្នុង​រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី និង​ការងារ​ប្រតិបត្តិ​មួយចំនួន​របស់ គណៈកម្មការ ក្នុងស្ថានភាព​ដ៏​លំបាក​នៃ​វិបត្តិ​កូ​វីដ​-១៩ ដើម្បី​កម្ពុជា​ត្រៀមលក្ខណៈ​ទៅ​រៀបចំ និង​ចូលរួម​ពិព័រណ៍​ពិភពលោក​នៅ​ទីក្រុង​ឌុយ​បៃ នា​អំឡុង​ខែតុលា ឆ្នាំ​២០២១​ខាងមុខ តាម​ការអញ្ជើញ​របស់​រដ្ឋាភិបាល​នៃ​សហភាព​អារ៉ាប់​រួម​។
​គោលបំណង​នៃ​កិច្ចប្រជុំ​នា​ថ្ងៃនេះ​គឺ​ដើម្បី​រាយការណ៍​ជូន​សមាជិក​គណៈកម្មកា​រ​អន្តរក្រសួង​ពី​វឌ្ឍនភាព​ការងារ​ដែល​បាន​អនុវត្តន៍​ចាប់តាំងពី​កម្ពុជា​បានបញ្ជាក់​ពី​ការចូលរួម​ក្នុង​ពិព័រណ៍​ពិភពលោក​ឌុយ​បៃ​២០២០ កាលពី​ឆ្នាំ​២០១៦​កន្លងមក​រហូតមក​ដល់​បច្ចុប្បន្ន ពិនិត្យ និង​អនុម័ត​លើ​គំរូ​ប្លង់​ពន្លា​ជាតិ និង​ជ្រើសរើស​ក្រុមហ៊ុន​ទទួល​សេវា​តុបតែង​ពន្លា​ជាតិ​កម្ពុជា ក្នុង​ពិព័រណ៍​ពិភពលោក​ឌុយ​បៃ​។​

​គួររំលឹកថា ពិព័រណ៍​ពិភពលោក​ឌុយ​បៃ ២០២០ ត្រូវបាន​លើក​ពេល​រៀបចំ​មួយឆ្នាំ ដោយសារ​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩ ដែល​កាលបរិច្ឆេទ​ថ្មី​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ​២០២១ ហើយ កាលបរិច្ឆេទ​បិទ​បញ្ចប់​នៅ​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២២ មាន​ប្រទេស និង​អង្គការ​អន្តរជាតិ​ធំៗ ចូលរួម​ប្រមាណ​ជិត ២០០ ប្រទេស​។ តាម​ការរំពឹងទុក ពិព័រណ៍​នេះ នឹងមាន​អ្នកចូលរួម​ទស្សនា​ប្រមាណ ២៥ លាន​នាក់ ក្នុងនេះ ៧០% មកពី​បរទេស​។ ប្រទេស​កម្ពុជា គ្រោង​នឹង​រៀបចំ​សាងសង់​ពន្លា​ជាតិ​នៅលើ​ផ្ទៃដី​តំ​ហំ ៣៨៤.៥ ម៉ែត្រការ៉េ មាន​កម្ពស់​២​ជាន់​។
​ដើម្បី​ទាក់ទាញ​ការចាប់អារម្មណ៍​របស់​អ្នកទស្សនា គណៈកម្មការ​នឹង​រៀបចំ​តុបតែង​លម្អ​ពី​ស្នាដៃ​ស្ថាបត្យកម្ម​ខ្មែរ​ដ៏​ល្អ​វិចិត្រ ដោយ​រួមបញ្ចូល​សម័យកាល​ចំនួន ៤ គឺ សម័យមុន​អង្គរ​, សម័យអង្គរ​, សម័យ​លង្វែក ឬ​ឧ​ត្តុ​ង្គ និង សម័យ​ចតុមុខ ឬ​សម័យ​ភ្នំពេញ​បច្ចុប្បន្ន រួមផ្សំ​ដោយ​សម្រស់​ធម្មជាតិ ប្រព័ន្ធ Ecosystem និង​វិស័យ​កសិកម្ម ដែល​នឹងធ្វើ​ឲ្យ​ពន្លា​ជាតិ​មាន​ភាព​លេចធ្លោ ស្របតាម​ប្រធានបទ​ដែល​បានជ្រើសរើស​គឺ “ ចីរភាព Sustainability “​។ គណៈកម្មការ​ក៏បាន​សម្រេច​ជ្រើស​រើសយក ក្រុមហ៊ុន PICO International Malaysia ជា​អ្នកទទួល​ការសាងសង់ រចនា​តុបតែង​ពន្លា​ជាតិ​កម្ពុជា ក្នុង​ពិព័រណ៍​ពិភពលោក​ឌុយ​បៃ​នេះ​ផងដែរ​៕
​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

×