ភ្នំពេញ ៖ ករណីនគរបាលលោក ហាក់ លី បានបង្កអំពើហិង្សាទៅលើនារីម្នាក់នៅហាងខារ៉ាអូខេនៅខេត្តព្រៃវែង នៅថ្ងៃទី១៨កុម្ភៈ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានរៀបចំសំណុំឯកសារ និងពាក្យបណ្តឹងរបស់ជនងគ្រោះ បញ្ជូនទៅតុលាការខេត្តព្រៃវែង និងរង់ចាំការសម្រេចរបស់ព្រះអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅថ្ងៃទី១៨កុម្ភៈបានចេញផ្សាយ ព័ត៌មានបន្ថែមលើករណីហិង្សារបស់លោក ហាក់ លី។
១. ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាដល់តម្រួតបទបញ្ជានៃស្នងការដ្ឋាននគរបាលរាធានីភ្នំពេញ ដើម្បីឃាត់ខ្លួនលោក ហាក់ លី កាលពីរសៀលថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២១ យកមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
២. ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានរៀបចំសំណុំឯកសារ និងពាក្យបណ្តឹងរបស់ជនងគ្រោះ បញ្ជូនទៅតុលាការខេត្តព្រៃវែង និងរង់ចាំការសម្រេចរបស់ព្រះអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង ។
៣. ការិយាល័យបុគ្គលិកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយនាយកដ្ឋានបុគ្គលិក កំពុងដំណើរការសាកសួរ និងស្រាវជ្រាវបន្ថែមលើដើមហេតុនៃករណីហិង្សានេះ និងរង់ចាំគោលការណ៍របស់ថ្នាក់ដឹកនាំ ថាតើត្រូវអនុវត្តវិន័យរបស់កងកម្លាំងកម្រិតណាចំពោះកំហុសនេះ ។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០២១ លោក ហាក់ លី ពិត ជាបានបង្កអំពើហិង្សាទៅលើនារីម្នាក់នៅហាងខារ៉ាអូខេនៅខេត្តព្រៃវែង ពេលនេះលោក ហាក់ លី ត្រូវបានតម្រួតបទបញ្ជានៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួន ម្យ៉ាងវិញទៀតស្នងការនគរបាលរាជធានីភ្នំពេញ និងអនុវត្តបន្តតាមនីតិវិធីច្បាប់ ដោយរង់ចាំការសម្រេចរបស់ព្រះអជ្ញារខេត្តព្រៃវែងជាមុនសិន ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ