កណ្តាល ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដឹងថា បន្ទាប់ពីបណ្តាញសារព័ត៌មានបានបង្ហោះ វីដេអូ ករណីលួច (ឆក់ទូរសព្ទ ) នៅតាមបណ្តោយផ្លូវជាតិលេខ ៤ នៅមុខរោងចក្រ ញូអាកឃីត និងនៅស្រុកព្រៃនប់មកនោះ សមត្ថកិច្ចបានស្រាវជ្រាវចាប់ខ្លួនបានចំនួន៤នាក់ នៅលើទឹកដីខេត្តព្រះសីហនុ។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាម ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងអធិការដ្ឋាននគរបាលស្រុក អង្គស្នួល សហការជាមួយកម្លាំងប៉ុស្តិ៍ ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានប្រើប្រាស់វិធានការជំនាញ ចុះទៅដល់កន្លែងកើតហេតុ ធ្វើការស៊ើបអង្កេត ស្រាវជ្រាវ តាមរយៈសាក្សីជុំវិញកន្លែងកើតហេតុ និងតាមរយៈផ្លាកលេខម៉ូតូរបស់ជនសង្ស័យធ្វើសកម្មភាព ទទួលបានលទ្ធផលឱ្យដឹងថា៖
ករណីលួចមានស្ថានទម្ងន់ទោស (ឆក់) កើតហេតុថ្ងៃទី១៣ ខែកម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១៣និង១៥នាទី នៅចំណុចលើផ្លូវជាតិលេខ៤ មុខរោងចក្រ ញូអាកឃីត ភូមិត្រពាំងភូមិ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ដែលមានជនរងគ្រោះ០២នាក់ ស្រី០១ នាក់ មិនទាន់ស្គាល់អត្តសញ្ញាណ ទាក់ទងពុំបាន។
ជនសង្ស័យចំនួន០៤នាក់ (ឃាត់ខ្លួន) នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចស្រុកព្រៃនប់ ខេត្តព្រះសីហនុ គឺ១.ឈ្មោះ រឿន ភារះ ភេទ ប្រុស អាយុ ២១ឆ្នាំមុខរបរមិនពិតប្រាកដ មានទីលំ នៅភូមិព្រៃតានប់ ឃុំ មហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ២.ឈ្មោះ ឈុំ ដារ៉ាត់ ភេទ ប្រុស អាយុ២១ឆ្នាំមុខរបរនិស្សិត មានទីលំ នៅភូមិពោធិ៍ ឃុំពោធិ៍ម្រាល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ ៣.ឈ្មោះនសុង ដានីត ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិព្រៃងោង ឃុំភារីមានជ័យ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ។ ៤.ឈ្មោះ វន សំរ៉ុង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដមមានទីលំនៅភូមិព្រៃងោង ឃុំភារីមានជ័យ ស្រុកបរសេដ្ឋ ខេត្ត កំពង់ស្ពឺ ។
មធ្យោបាយជិះធ្វើសកម្មភាពមាន៖ -ម៉ូតូ០១គ្រឿងម៉ាកហុងដា125 ពណ៌ខ្មៅ ផលិតឆ្នាំ2019 លេខតួនិងលេខម៉ាស៊ីន 5539942 ពាក់ផ្លាកលេខ កំពង់ស្ពឺ 1N-3127 ម្ចាស់កម្មសិទ្ធិឈ្មោះ អំ ធួន នៅភូមិពោធិ ឃុំពោធិ៍ម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
ស្នងការដ្ឋាននគរបាលខេត្តបានបញ្ជាក់ពីសភាពនៃរឿងហេតុ ៖ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ វេលម៉ោង១៣និង៥៦នាទីរសៀល អធិការដ្ឋាននគរបាលស្រុកអង្គស្នួល បានទទួលព័ត៌មាន តាមរយៈ គេហទំព័រហ្វេសបានបង្ហោះ វីដេអូ ករណីលួច(ឆក់ ទូរសព្ទ ) នៅតាមបណ្តោយផ្លូវជាតិលេខ ៤ នៅមុខរោងចក្រ ញូអាកឃីត ទិសដៅជនសង្ស័យជិះម៉ូតូគេចខ្លួនបាត់ទៅទិសខាងលិច។ ក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងផ្នែកជំនាញ នគរបាលយុត្តិធម៌ស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលពើក ចុះទៅដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ ស៊ើបអង្កេត ។ ពេលកម្លាំងចុះទៅដល់ ពុំបានជួបជនរងគ្រោះទេ ចំណែកជនសង្ស័យបានគេចខ្លួនបាត់ ។
ជាលទ្ធផលស្រាវជ្រាវ៖ តាមការឆែកផ្លាកលេខម៉ូតូ កំពង់ស្ពឺ 1N-3127 នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ ឃើញថា៖ ម៉ូតូម៉ាកហុងដាសេ125 ពណ៌ខ្មៅ ផលិតឆ្នាំ2019 លេខតួនិងលេខម៉ាស៊ីន 5539942 ម្ចាស់កម្មសិទ្ធិឈ្មោះ អំ ធួន នៅភូមិពោធិ៍ ឃុំពោធិ៍ម្រាល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ រហូតដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ អធិការដ្ឋានស្រុកនគរបាលស្រុកអង្គស្នួល បានទទួលព័ត៌មានថាមុខសញ្ញាត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានឃាត់ខ្លួន រួមជាមួយនិងម៉ូតូ ពាក់ព័ន្ធករណីឆក់ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ១០និង០០នាទី នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
នៅចំពោះមុខសមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពឆក់ទូរសព្ទដៃ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១៣និង១៥នាទី ចំណុចលើផ្លូវជាតិលេខ៤ មុខរោងចក្រ ញូអាកឃីត ភូមិត្រពាំងភូមិ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ប្រាកដមែន។
ចំណែកលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុ ឲ្យដឹងថា ជនសង្ស័យចំនួន៤នាក់ ដែលជាក្រុមឆក់យ៉ាងសកម្មតាមផ្លូវសាធារណៈឆ្លងខេត្ត ត្រូវបានកម្លាំង នគរបាលស្រុកព្រៃនប់ខេត្តព្រះសីហនុ បង្ក្រាបបានភ្លាមៗ ក្រោយពី ជនសង្ស័យជិះម៉ូតូ០២គ្រឿងធ្វើសកម្មភាព ឆក់កាបូបជនរង គ្រោះ ដែលកំពុងជិះម៉ូតូលើផ្លូវជាតិលេខ៤ ចំនួន០២កន្លែងផ្សេង គ្នា ក្នុងនោះ ដំបូងធ្វើសកម្មភាពឆក់នៅផ្លូវជាតិលេខ៤ ចំណុចភូមិជើងគោឃុំជើងគោ ហើយបន្តមកធ្វើសកម្មភាពឆក់មួយករណីទៀតនៅភូមិមនោរម្យ ឃុំតានៃស្រុកព្រៃនប់ ខេត្តព្រះសីហនុ វេលាម៉ោង១០ព្រឹកថ្ងៃទី១៧កុម្ភៈ២០២១ ។
លោកឧត្តមសនីយ៍ទោស្នងការបញ្ជាក់ថា ក្រុមជនសង្ស័យទាំង៤នាក់នេះ មុនបង្ក្រាបបាន ក៏ធ្លាប់ធ្វើសកម្មភាពតាមខេត្តផ្សេងៗ និងមុននេះមួយថ្ងៃក្រុមនេះ ក៏បានធ្វើសកម្មភាពឆក់តាមផ្លូវនៅឃ្លាំងលើក្រុងព្រះសីហនុ យកបានទូរសព្ទ័មួយគ្រឿង និងលុយមួយចំនួនទៀតពីជនរងគ្រោះ ហើយព្រឹកឡើងទើបចេញពីក្រុងព្រះសីហនុ មកធ្វើសកម្មភាពក្នុងស្រុកព្រៃនប់។ បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង សមត្ថកិច្ចចាត់ការ តាមនីតិវិធីដើម្បីបញ្ជូន ទៅផ្តន្ទាទោសតាមច្បាប់ ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ