Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន រ៉ូយ៉ាល់​គ្រុប និង​ក្រុមហ៊ុន ភី​ធី​ធី ខេ​ម​បូ​ឌា ចុះហត្ថលេខា​រួមគ្នា ជំរុញ​ប្រតិបត្តិការ​អាជីវកម្ម​នៅ​ទូទាំងប្រទេស​កម្ពុជា​

​ភ្នំពេញ ៖ ក្រុមហ៊ុន រ៉ូយ៉ាល់​គ្រុប ដែលជា​ក្រុមហ៊ុន​វិនិយោគ​និង​អភិវឌ្ឍន៍​ឈានមុខ​គេ​នៅ​កម្ពុជា បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​ក្រុមហ៊ុន ភី​ធី​ធី ដែលជា​ក្រុមហ៊ុន​អន្តរជាតិ​ផ្គត់ផ្គង់​ប្រេងឥន្ធនៈ ក្នុង​គោលបំណង​ជួយ​ជំរុញ​ប្រតិបត្តិការ​អាជីវកម្ម​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ពិធី​ចុះហត្ថលេខា​នេះ​ត្រូវបាន​ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា ក្រោម​អធិបតីភាព​របស់​អ្នកឧកញ៉ា គិត ម៉េង ប្រធាន​និង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន រ៉ូយ៉ាល់​គ្រុប និង​លោក Songpon Thepnumsommanus នាយក​គ្រប់គ្រង​ក្រុមហ៊ុន ភី​ធី​ធី ខេ​ម​បូ​ឌា លី​មី​ធី​ត​។​

​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​មកពី​ក្រុមហ៊ុន​ទាំងពីរ និង​ធុរជន​សំខាន់ៗ​ផ្សេងទៀត​បាន​ចូលរួម​ធ្វើជា​សាក្សី​ក្នុង​ពិធី​ចុះហត្ថលេខា​នេះ​។​
​នៅក្នុង​ផ្នែក​មួយ​នៃ​អនុស្សរណៈ​យោគយល់​នេះ ក្រុមហ៊ុន រ៉ូយ៉ាល់​គ្រុប និង​ក្រុមហ៊ុន ភី​ធី​ធី ខេ​ម​បូ​ឌា លី​មី​ធី​ត នឹង​ស្វែងរក​ឱកាស​ដើម្បី​សហការគ្នា​អភិវឌ្ឍ​ដំណោះស្រាយ​ទូទាត់ សេវាកម្ម​ហិរញ្ញវត្ថុ ការលក់ និង​ការធ្វើ​ទីផ្សារ​ទូទាំង​ប្រតិបត្តិការ​អាជីវកម្មរ​បស់​ក្រុមហ៊ុន ភី​ធី​ធី​។​

​អ្នកឧកញ៉ា គិត ម៉េង ប្រធាន​និង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន រ៉ូយ៉ាល់​គ្រុប បាន​មានប្រសាសន៍​ស្វាគមន៍​ចំពោះ​ការចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា និង​ទំនាក់ទំនង​ធុរកិច្ច​ដ៏​ជិតស្និទ្ធ​នាពេល​បន្តបន្ទាប់​ទៀត​។​

​អ្នកឧកញ៉ា​ក៏បាន​មានប្រសាសន៍ថា​៖ « ពិធី​ចុះហត្ថលេខា​នេះ​គឺជា​ព្រឹត្តិការណ៍​យុទ្ធសាស្ត្រ​សម្រាប់​ភាគី​ទាំងសងខាង និង​ជា​ជំហាន​ដ៏​សំខាន់​ឆ្ពោះទៅរក​កិច្ចសហការ​ធុរកិច្ច​កាន់តែ​ប្រសើរឡើង​។​»
​លោក Songpon Thepnumsommanus នាយក​គ្រប់គ្រង​ក្រុមហ៊ុន ភី​ធី​ធី ខេ​ម​បូ​ឌា លី​មី​ធី​ត បាន​មានប្រសាសន៍ថា ក្រុមហ៊ុន ភី​ធី​ធី ខេ​ម​បូ​ឌា បាន​ទន្ទឹងរង់ចាំ​ការសហការ​ជាមួយ​ក្រុមហ៊ុន រ៉ូយ៉ាល់​គ្រុប​។​

​លោក​បាន​ថ្លែងថា​៖ « ពួកយើង​ពិតជា​រីករាយ​ក្រៃលែង​ដែល​បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​នេះ​ជាមួយ​ក្រុមហ៊ុន រ៉ូយ៉ាល់​គ្រុប ហើយ​យើង​មាន​សេចក្តី​រីករាយ​ដែល​បាន​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន រ៉ូយ៉ាល់​គ្រុប ដែលជា​ក្រុមហ៊ុន​ពោរពេញ​ទៅដោយ​ជំនាញ​ដែល​នឹង​ជួយ​ពង្រីក​វត្តមាន​របស់​យើង​នៅក្នុង​ប្រទេស​បន្ថែមទៀត​។​»
​លោក​បាន​បន្តថា​៖ «​កិច្ចសហប្រតិបត្តិការ​នេះ​បាន​សបញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​របស់​ក្រុមហ៊ុន ភី​ធី​ធី ក្នុងការ​ជំរុញ​ប្រទេស​កម្ពុជា​ឲ្យ​មានការ​អភិវឌ្ឍ និង​ឈានទៅរក​យុគសម័យ​ឌីជីថល​។​»

​ក្រុមហ៊ុន រ៉ូយ៉ាល់​គ្រុប គឺជា​ក្រុមហ៊ុន​វិនិយោគ​និង​អភិវឌ្ឍ​ចម្រុះ​ដែលមាន​ក្រុមហ៊ុន​ជាង​៣០ ស្ថិតក្នុង​វិស័យ​ធនាគារ​និង​ហិរញ្ញវត្ថុ បដិសណ្ឋារកិច្ច ប្រព័ន្ធ​ផ្សព្វផ្សាយ ទូរគមនាគមន៍ ថាមពល​អគ្គិសនី និង​ការអភិវឌ្ឍ​អចលនទ្រព្យ​។​
​ក្រុមហ៊ុន ភី​ធី​ធី ខេ​ម​បូ​ឌា លីមីត​ធី​ត (​ភី​ធី​ធី​ស៊ី​អិ​ល​) គឺជា​ក្រុមហ៊ុន​ប្រេងឥន្ធនៈ​ដែលមាន​មូលដ្ឋាន​នៅ​ព្រះរាជាណាចក្រ​ថៃ ដែល​ផ្គត់ផ្គង់ ចែកចាយ និង​លក់​ប្រេង​នៅលើ​ទីផ្សារ​និង​ផលិតផល​ពាក់ព័ន្ធ​នានា​។ បន្ថែម​ពីលើ​អាជីវកម្ម​ប្រេងឥន្ធនៈ ក្រុមហ៊ុន ភី​ធី​ធី ក៏មាន​អាជីវកម្ម​ផ្សេងទៀត រួមមាន Café Amazon, Jiffy Mart, Pearly Tea, Fit Auto៕
​រក្សា​សិទ្ធិ​ដោយ​៖CEN​

×