Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​ក្រឡាហោម ស ខេង ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​ជាតិ​ដឹកនាំ​តម្រង់ទិស​ការងារ​អត្រានុកូលដ្ឋាន ស្ថិតិ​អត្រានុកូលដ្ឋាន និង​អត្តសញ្ញាណ​កម្ម​

​ភ្នំពេញៈ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​ជាតិ​ដឹកនាំ​តម្រង់ទិស​ការងារ​អត្រានុកូលដ្ឋាន​ស្ថិតិ​អត្រានុកូលដ្ឋាន និង​អត្តសញ្ញាណ​កម្ម លើក​ទី​៥ នៅ​ព្រឹក​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​។​

​សម្ដេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍ថា ការកែទម្រង់​ប្រព័ន្ធគ្រប់គ្រង​អត្តសញ្ញាណ​កម្ម​នៅតែ​ជា​កិច្ចការ​អាទិភាព​ខ្ពស់​ដដែល នៃ​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៦ ដោយសារ​ប្រព័ន្ធគ្រប់គ្រង​អត្តសញ្ញាណ​កម្ម​ជា​ឆ្អឹងខ្នង​នៃ​សេវា​ទាំងអស់ ទាំង​សារ​សាធារណៈ និង​សេវាសាធារណៈ​ឯកជន បន្ត​ពិនិត្យមើល​វឌ្ឍនភាព​បញ្ហា​នានា​ជា​បន្តទៀត​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ កង សុខន អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម បាន​លើកឡើងថា សេចក្តីព្រាងច្បាប់​ស្តីពី​អត្រានុកូលដ្ឋាន ស្ថិតិ​អត្រានុកូលដ្ឋាន និង​អត្តសញ្ញាណ​កម្ម ដោយមាន​កិច្ចសហការ​ជាមួយ​អ្នកជំនាញ​ច្បាប់​របស់​អង្គការ Vital Strategies លើ​ជំនួយ​បច្ចេកទេស ក្រុមការងារ​តាក់តែង​សេចក្តីព្រាងច្បាប់​ស្តីពី អត្រានុកូលដ្ឋាន ស្ថិតិ​អត្រានុកូលដ្ឋាន និង​អត្តសញ្ញាណ​កម្មនេះ បាន តាក់តែង​បញ្ចប់​សេចក្តីព្រាងច្បាប់​ដំបូង ដែល​រួមមាន​១២​ជំពូក ស្មើនឹង​១៦៩​មាត្រា​។ សេចក្តីព្រាងច្បាប់​នេះ បាន​ប្រជុំ​ឆ្លង​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​ក្រុមការងារ​តាក់តែង​សេចក្តី​ព្រាង​ច្បាប់​ជា​រៀងរាល់​សប្តាហ៍​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ បន្ដថា គិត​ត្រឹម​ខែធ្នូ ឆ្នាំ​២០២០ ក្រុមការងារ​អន្តរក្រសួង​ប្រជុំ​ឆ្លង​សម្រេចបាន​ចំនួន​២​ជំពូក ស្មើនឹង​១០១​មាត្រា ក្នុងនោះ​មាន ជំពូក​ទី​១៖ ស្តី​ពីបទ​ប្បញ្ញត្តិ​ទូទៅ សម្រេចបាន​ទាំងស្រុង​មាន ចំនួន​៣​មាត្រា និង​ជំពូក​ទី​២៖ ស្តីពី​ការចុះបញ្ជី​អត្រានុកូលដ្ឋាន សម្រេចបាន​ចំនួន​៩៨​មាត្រា​។ ដោយឡែក​ជំពូក​ដែល​នៅសល់ នឹង​បន្ត​ប្រជុំ​ឆ្លង​បញ្ចប់​នៅក្នុង​ឆ្នាំ​២០២១​បន្តទៀត​។​

​សូមជម្រាបថា យោងតាម​របាយការណ៍​ប្រចាំឆ្នាំ​២០២០ ស្ដីពី​វឌ្ឍនភាព​នៃ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ដ្រ​ជាតិ ស្ដីពី​អត្តសញ្ញាណ​កម្ម​ឆ្នាំ​២០១៧-២០២៦ បាន​ឲ្យ​ដឹងថា ការគ្រប់គ្រង​អត្តសញ្ញាណ​បុគ្គល​មាន​សារៈសំខាន់​ជា​គន្លឹះ និង​ជា​មូលដ្ឋាន គ្រឹះ​នៃ​កិច្ចការ​អាទិភាព​ជាច្រើន​របស់​រាជរដ្ឋាភិបាល​។ ការងារ​អត្តសញ្ញាណ​កម្មបាន​បង្កប់​នូវ​ចរិត​លក្ខណៈពិសេស​ពីរ​គឺ ៖ ការគ្រប់គ្រង​ប្រជាពលរដ្ឋ និង​ការផ្តល់សេវា​រដ្ឋបាល​ជូន​ប្រជាពលរដ្ឋ​។ ការគ្រប់គ្រង​ប្រជាពលរដ្ឋ គឺជា​ឆ្អឹងខ្នង​នៃ​ការគ្រប់គ្រង​រដ្ឋបាល​ដែនដី ថែរក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ ធានា​នូវ​សិទ្ធិ និង​ផលប្រយោជន៍​ស្របច្បាប់​ជា​មូលដ្ឋាន​របស់​បុគ្គល និង​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​។​

​ដោយឡែក​ការផ្តល់សេវា​រដ្ឋបាល​ជូន​ប្រជាពលរដ្ឋ គឺ​ការប្រើប្រាស់​ទិន្នន័យ អត្តសញ្ញាណ​បុគ្គល ដើម្បី​ផ្តល់​សេវា​នានា​ជូន​ប្រជាពលរដ្ឋ ដូចជា ការផ្តល់​សំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ សុំ​ចុះបញ្ជី​ស្នាក់នៅ សៀវភៅ​គ្រួសារ លិខិតឆ្លងដែន យានយន្ត ជាដើម​។​

​តាម​របាយការណ៍​ដដែល​នេះ បាន​បញ្ជាក់ថា ឆ្នាំ​២០២០ គឺជា​ឆ្នាំ​ទី​៤​នៃ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ជាតិ ស្តីពី​អត្តសញ្ញាណ​កម្ម​(​ឆ្នាំ​២០១៧ -២០២៦)​។ ក្នុង​ឆ្នាំ​២០២០ កម្ពុជា​ក៏ដូចជា​ប្រទេស​ជាច្រើន​នៅលើ​សកលលោក គឺ​សុទ្ធតែ​បាន​រង​នូវ​ផលប៉ះពាល់​ដោយសារ វិបត្តិ​នៃ​ជំងឺ​កូ​វីដ​១៩​។ ជាមួយគ្នានេះ សកម្មភាព​មួយចំនួន​នៃ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ក៏បាន​រង​ផលប៉ះពាល់ ដោយ​ផ្នែក​ផងដែរ​។ ទោះជា​យ៉ាងនេះ​ក្តី អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម ដែលជា​លេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​ជាតិ ដឹកនាំ​តម្រង់ទិស​ការងារ​អត្រានុកូលដ្ឋាន ស្ថិតិ​អត្រានុកូលដ្ឋាន និង​អត្តសញ្ញាណ​កម្ម បាន​ខិតខំ​បំពេញការងារ និង​សម្រេចបាន​នូវ​វឌ្ឍនភាព​ការងារ​សំខាន់ៗ ផងដែរ​៕ រក្សា​សិទ្ធិ​ដោយ : ចេស្តារ​

 

×