ភ្នំពេញ ៖ យុវជនម្នាក់ត្រូវបានរថយន្តស្ទួចដឹកសសរគ្រឹះមួយគ្រឿង បើកបុកហើយកិនបែកក្បាលទាំងមួកការពារសុវត្ថិភាព ស្លាប់យ៉ាងអាណោចអាធ័មនៅកន្លែង ខណៈពេលដែលជិះម៉ូតូ ម៉ាក MSX ពណ៌សលាយខ្មៅមួយគ្រឿង។
គ្រោះថ្នាក់នេះដ៍រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ១២និង៣០នាទី ត្រង់ថ្ងៃទី១៩ ខែ កុម្ភៈ ឆ្នាំ២០២១ នៅតាមបណ្តោយមហាវិថីឈ្នះឈ្នះ ចំណុចមុខវត្តកប់ស្រូវ ក្នុងភូមិកប់ស្រូវតូច សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ជនរងគ្រោះ ដែលស្លាប់បាត់បង់ជីវិតក្នុងគ្រោះថ្នាក់នេះ ឈ្មោះ ឈាន ឈឺនហឺ អាយុ ១៨ឆ្នាំ មានលំនៅ ភូមិ វិហារសួគ៌ត្បូង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលជិះម៉ូតូ ម៉ាក MSX ពណ៌សលាយខ្មៅមួយគ្រឿងពាកផ្លាកលេខ ភ្នំពេញ១GA.៣១៤៤ ។
ចំណែករថយន្តបង្ក ជារថយន្តស្ទួចដឹកសសរគ្រឹះ ម៉ាកនីសាន់ ពណ៌ខៀវពាក់ផ្លាកលេខ ភ្នំពេញ៣A.២៨៨៨ អ្នកបើកបរ បានរត់គេចខ្លួនបាត់ដោយទុករថយន្តចោល ។
តាមសាក្សី បានឲ្យដឹងថា នៅមុនពេល កើតហេតុឃើញ យុវជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងខាងលើ ក្នុងទិសដៅពីលិចទៅកើត នៅពេលមកដល់ចំណុចកើតហេតុ រថយន្តស្ទួចបានបើកចេញពីផ្លូវបេតុងមកពីទិសខាងត្បូង មកបុកនិងកិន អ្នកបើកបរ ម៉ូតូបណ្តាលអោយបែកក្បាល ស្លាប់នៅកន្លែង ។
បន្ទាប់ពីបង្កគ្រោះថ្នាក់រថយន្តបានបើកគេចទៅទិសខាងលិច រួចក៏បានបត់ចូលតាមផ្លូវលំបានប្រមាណកន្លះគីឡូម៉ែត្រ ក្នុងភូមិកប់ស្រូវធំ មានរោងការមួយកណ្តាលផ្លូវក៏បានឈប់រថយន្តរត់គេចខ្លួនបាត់។
នៅពេលកើតមានគ្រោះថ្នាក់ នគរបាលមូលដ្ឋានក៏បានចុះទៅកន្លែងកើតហេតុ សម្រួលចរាចរណ៍និងបានទាក់ទងទៅនគរបាលចរាចរណ៍ ចុះទៅវាស់វែងរួចនាំយករថយន្តនិងម៉ូតូបញ្ជូន ទៅកាន់ការិយាល័យ ដើម្បីដោះស្រាយ ។ សពត្រូវបានក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ៖សារឿន