ព្រះសីហនុ ៖ លោកដួង តារា ជំនួយការផ្ទាល់សម្តេចតេជោសែន និងរដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១៩ ខែកុម្ភៈនេះ បានសរសេរសារលើផេកហ្វេសប៊ុកថា កាលពីពេលថ្មីៗកន្លងទៅនេះ មានប្រជាពលរដ្ឋជាច្រើនគ្រួសារដែលមានទំនាស់ដីធ្លីជាមួយ ក្រុមហ៊ុនលោក ភឺន ផល្លា រហូតឈានដល់កើតមានអំពើហឹង្សាបណ្តាលមនុស្សមួយចំនួនរងរបួសស្នាម និងខូចខាតទ្រព្យសម្បត្តិមួយចំនួនផងដែរ។
លោក បានបញ្ជាក់ថា “ប្រជាពលរដ្ឋ និងក្រុមហ៊ុនបានស្នើសុំមកខ្ញុំឲ្យចុះទៅជួយដោះស្រាយវិវាទដ៏រោលរាលនេះ”។
លោកដួង តារា បានលើកឡើងថា ដោយមើលឃើញបងប្អូនពលរដ្ឋយើងមានទុក្ខលំបាក និងដើម្បីបញ្ចៀសរាល់អំពើហឹង្សាដែលអាចកើតមានឡើងទៀតនោះ នៅថ្ងៃទី ២៦ ធ្នូ ២០២០ ខ្ញុំបានដឹកនាំក្រុមការងារបច្ចេកទេសចុះទៅទីតាំងកើតហេតុ និងជួបដោយផ្ទាល់ជាមួយប្រជាពលរដ្ឋចំនួន ១៤២គ្រួសារ ដែលបានផ្តិតមេដៃស្នើសុំជំនួយអន្តរាគមន៍លើករណីវិវាទខាងលើ។ ខ្ញុំក៏បានចុះទៅលើកទី ២ នៅថ្ងៃទី ២៧ មករា ២០២១ និងលើកទី ៣ នៅថ្ងៃទី ២៩ មករា ២០២១ ដើម្បីសម្របសម្រួលជាមួយក្រុមហ៊ុនលោក ភឺន ផល្លា ដែលមានទំនាស់ដីធ្លីជាមួយប្រជាពលរដ្ឋនៅភូមិអូរឧកញ៉ាហេង និងភូមិអូរតាសេក ក្នុងឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់
ខេត្តព្រះសីហនុឈរលើគោលការណ៍ឈ្នះឈ្នះសម្តេចតេជោ។
ផ្អែកតាមការពិនិត្យឯកសារពាក់ព័ន្ធយ៉ាងល្អិតល្អន់ បានបង្ហាញថា លោក ភឺន ផល្លា បានចុះកិច្ចសន្យាទិញដីដែលមានប័ណ្ណកម្មសិទ្ធិចំនួន ១០៨ ប័ណ្ណដីពីឈ្មោះ ជិន យានមីង និងប្រពន្ធឈ្មោះ ចូវ ស៊ីម៉ី ដែលមានទីតាំងស្ថិតនៅភូមិអូរតាសេក និងភូមិ អូរឧកញ៉ាហេង
ហើយបច្ចុប្បន្នមានប្រជាពលរដ្ឋកំពុងរស់នៅលើដីនេះប្រមាណ ១៥% លើផ្ទៃដីសរុប។
លោកបានថ្លែងថា “ខ្ញុំបានចរចាជាមួយក្រុមហ៊ុនឲ្យមានការយោគយល់ចំពោះប្រជាពលរដ្ឋ ដែលបានកាន់កាប់ប្រើប្រាស់ដីធ្លីនៅក្នុងទីតាំងរបស់ក្រុមហ៊ុនទាំងអស់ ប្រមាណ២០០គ្រួសារ ដោយឈរលើគោលការណ៍ឈ្នះឈ្នះរបស់សម្តេចតេជោ ដើម្បីកុំឲ្យវិវាទនេះក្លាយទៅជាជំងឺរ៉ាំរ៉ៃ។ ក្រុមហ៊ុនក៏បានឯកភាពតាមការសម្របសម្រួលរបស់ខ្ញុំ ដោយសម្រេចថា បើប្រជាពលរដ្ឋណាដែលបានកាន់កាប់អាស្រ័យផលលើដីក្រុមហ៊ុនដែលមានទំហំក្រោម១ហិកតា ក្រុមហ៊ុនសម្រេចផ្តល់ជូនទីតាំងរស់នៅអាស្រ័យផលនោះទៅតាមទំហំកាន់កាប់ជាក់ស្តែង”។
ជាលទ្ធផល យើងបានចុះកំណត់ទីតាំងជាក់លាក់រួចស្រេចចំពោះគឺមានប្រជាពលរដ្ឋ ២៧គ្រួសារ ដែលក្នុងនោះមាន ២៤គ្រួសារ
បានយល់ព្រមបញ្ចប់វិវាទជាមួយក្រុមហ៊ុនភឺនផល្លា ហើយបានចុះកិច្ចសន្យាសះជានៅថ្ងៃទី ២៩ មករា និងនៅថ្ងៃទី៣១ ខែមករា
ឆ្នាំ២០២១។
ដោយឡែកប្រជាពលរដ្ឋផ្សេងទៀត នៅមានភាពស្រពេចស្រពិល មិនទាន់សម្រេចចិត្ត ដោយសារមានសកម្មភាពមួយចំនួនរារាំងមិនឲ្យប្រជាពលរដ្ឋទាំងនោះមកចូលរួមដោះស្រាយបញ្ចប់បញ្ហាវិវាទនេះ ដូចជាមានការគំរាមកំហែងប្រើអំពើហិង្សា និងសកម្មភាពផ្សព្វផ្សាយព័ត៌មានដែលបង្កើតមន្ទឹលសង្ស័យដល់ប្រជាពលរដ្ឋ ក្នុងការចូលរួមដោះស្រាយបញ្ចប់វិវាទឈរលើគោលការណ៍ឈ្នះឈ្នះសម្តេច ចំពោះប្រជាពលរដ្ឋណាដែលបបួលគ្នាមកចូលរួមដោះស្រាយបញ្ចប់វិវាទនេះ។
ហេតុនេះហើយទើបមានតែពលរដ្ឋ២៧គ្រួសារបានដោះស្រាយបញ្ចប់វិវាទ ដោយឡែកគ្រួសារផ្សេងទៀត(១១៥គ្រួសារ)
កំពុងពិចារណានឹងចូលរួមនៅពេលក្រោយ។
ជាលទ្ធផល កិច្ចសន្យាសះជានិងបញ្ចប់វិវាទដែលបានធ្វើឡើងរវាងប្រជាពលរដ្ឋនិងក្រុមហ៊ុនលោកភឺនផល្លា
គឺជាការដែលបានពន្លត់ជម្លោះដ៏រាំរ៉ៃ ហើយប្រជាពលបានបន្តកាន់កាប់ទីតាំងដីដែលខ្លួនកំពុងរស់នៅនិងអាស្រ័យផលដោយគ្មានការរករឿងប្តឹងផ្តល់ពីក្រុមហ៊ុនទៀតឡើយ។
ពួកគេនឹងអាចទទួលបានសិទ្ធិចុះបញ្ជីកាន់កាប់ដីធ្លីពីអាជ្ញាធរជំនាញ ឃុំ ស្រុក ខេត្ត នៅពេលដែលដីរបស់ភាគីទាំងពីរមានការទទួលស្គាល់ថាបានកាន់កាប់ត្រឹមត្រូវតាមច្បាប់ពីមុនមកមែន។
ខ្ញុំយល់ថាជម្លោះដីធ្លីខាងលើរវាងប្រជាពលរដ្ឋនិងក្រុមហ៊ុនគឺមានសភាពហឹង្សាស្រួចស្រាវស្លាប់រស់ដែលបានកើតឡើងនាពេលកន្លងទៅ
ថ្មីៗនេះ។ ដូច្នេះមានតែដំណោះស្រាយក្រៅប្រព័ន្ធតុលាការឈរលើគោលការណ៍ ឈ្នះឈ្នះសម្តេចទេ ទើបអាចដោះស្រាយបញ្ចប់វិវាទនានាដោយសន្តិភាពបាន។
ដំណោះស្រាយនេះ គឺនឹងបញ្ចប់វិវាទទាំងស្រុងដែលអាជ្ញាធរក៏ងាយស្រួលនឹងរៀបចំចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ
និងក្រុមហ៊ុនទៀតផង នៅពេលដែលពិនិត្យឃើញថាពួកគេមានប្រវត្តិបានកាន់កាប់រស់នៅអាស្រ័យផលត្រឹមត្រូវតាមច្បាប់ពិតប្រាកដមែននោះ។
យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ