កំពង់ស្ពឺ ៖តំណាងអយ្យការខេត្តកំពង់ស្ពឺ ខៃ សម្ផស្ស បានចេញដីកាបើកការស៊ើបលើឈ្មោះ សូយ ចាន់សឿន ហៅទេព ចាន់សឿន ហៅវ៉ា ភេទប្រុសអាយុ៤៥ឆ្នាំមុខរបរនាយរងទីចាត់ការអភិវឌ្ឍនៃអគ្ហគបញ្ជាការដ្ឋាននៃក្រសួងការពាជាតិ ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសនិងបង្ខាំងមនុស្សដោយខុសច្បាប់។
តំណាងអយ្យការបានបញ្ជាក់ក្នុងដីការចុះថ្ងៃទី១៦ខែកុម្ភៈឆ្នាំ២០២១ថា ដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការលើឈ្មោះ សូយ ចាន់សឿន ហៅ ទេព ចាន់សឿន ហៅវ៉ា អាយុ៤៥ឆ្នាំពីបទ៖ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងបង្ខាំងមនុស្សដោយខុសច្បាប់តាមបញ្ញតិមាត្រា២១៨និងមាត្រា២៥៣នៃក្រមព្រហ្មទណ្ឌ។
តំណាងអយ្យការបានបញ្ជាក់នៅក្នុងដីកាបន្ថែមទៀតថា ដាក់ឲ្យសិ្ថតនៅក្រោមការឃុំខ្លួនបណ្តោះអាលើឈ្មោះសូយ ចាន់សឿន ហៅថាទេស ចាន់សឿន ហៅវ៉ា ដើម្បីបង្ការឬបញ្ចប់បទល្មើស កុំឲ្យកើតឡើងជាថ្មី និងរក្សាជនត្រូវចោទទុកជូនតុលាការដើម្បីចាត់ការតាមនីតិវិធី។
តំណាងអយ្យការបានបញ្ជាក់ក្នុងដីកាដែលសារព័ត៌មាន ទទួលបានឲ្យដឹងថា កាលពីថ្ងៃទី២២ខែមករាឆ្នាំ២០២១ឈ្មោះ ឌួង ហេងម៉ាលីសភេទស្រី អាយុ៤១ឆ្នាំនិងឈ្មោះសូយ ចាន់សឿនភេទអាយុ៤៥ឆ្នាំ បានជិះរថយន្តជាមួយគ្នាគោលបំណងទៅកងរាជអាវុធហត្ថខេត្តកណ្តាល ពេលទៅដល់ក្រុងតាខ្មៅអ្នកទាំងពីរទាស់សំដីគ្នា ពេលនោះឈ្មោះ សូយ ចាន់សឿនបានឈប់រថយន្តបានវាយទៅលើឈ្មោះឌូង ហេងម៉ាលីស ត្រូវជាច្រើនកន្លែងព្រមទាំងគំរាមបាញ់បំបាក់ជើង និងបន្តដឹកឈ្មោះទៅដល់កំពង់ស្ពឺដាក់ក្នុងបន្ទប់ផ្ទះរបស់កូនចៅខ្លួន ក្នុងស្រុកភ្នំពេញស្រួចបង្ខាំនៅទីនោះពីម៉ោង៣រសៀល ដល់ម៉ោង៧យប់មិនឲ្យចេញពីផ្ទះ។
ទោះបីយ៉ាងណាពេលនេះជនត្រូវចោទឈ្មោះ សូយ ចាន់សឿន មិនទាន់ត្រូវបានឃាត់ខ្លួនឬឃុំខ្លួននៅឡើយទេ។ ហើយអ្នកសារព័ត៌មានក៏មិនអាចទាក់ទងសុំការពន្យល់ លើការលើកឡើងរបស់តុលាការពីលោកសូយ ចាន់សឿននៅឡើយដែរ។
សូមជម្រាបថា សំណុំរឿងនេះតុលាការបានរកឃើញថា ជនត្រូវចោទខាងលើបានប្រព្រឹត្តបទល្មើសហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងបង្ខាំងមនុស្សដោយខុសច្បាប់ប្រព្រឹត្ត ទៅនៅខេតត្តកណ្តាល និងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២២ខែមករាឆ្នាំ២០២១៕ រក្សាសិទ្ធិដោយ៖CEN