ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចាត់ទុកការនាំមនុស្សឆ្លងដែនខុសច្បាប់ពីសំណាក់មេខ្យល់ គឺជាការរត់ពន្ធមនុស្ស ខណៈដែលកម្លាំងអាជ្ញាធរមានសមត្ថកិច្ចនៅតាមបណ្តោយព្រំដែនពង្រឹងការទប់ស្កាត់ការឆ្លងដែនខុសច្បាប់ និងស្រាវជ្រាវរកមេខ្យល់ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។
សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា មេខ្យល់ដែលនាំមនុស្សឆ្លងដែនខុសច្បាប់ គឺប្រឈមមុខនឹងច្បាប់ពាក់ព័ន្ធការរត់ពន្ធមនុស្សខុសច្បាប់ បើសិនជាសមត្ថកិច្ចរកឃើញមានភស្តុតាងច្បាស់លាស់។
សម្តេចក្រឡាហោមបញ្ជាក់ថា សមត្ថកិច្ចនៅតែបន្តធ្វើតទៅទៀតចំពោះការទប់ស្កាត់ប្រជាពលរដ្ឋឆ្លងដែន និងការស្វែងរកមេខ្យល់ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។ ហើយមេខ្យល់នាំប្រជាពលរដ្ឋឆ្លងដែន គឺមិនគោរពគោលការណ៍របស់រដ្ឋាភិបាល និងក្រសួងសុខាភិបាល ទាក់ទងការការពារទប់ស្កាត់ជំងឺកូវីដ១៩ និងថែមលើពីការគេចវេសមិនទៅតាមច្បាប់ មិនទៅតាមក្រុមហ៊ុនស្របច្បាប់ គឺចាត់ទុកថា ជាការរត់ពន្ធមនុស្ស អាចចាត់ទុកថា ជាការរត់ពន្ធមនុស្ស។
មន្ត្រីជាន់ខ្ពស់អគ្គស្នងការដ្ឋាននគរបាលជាតិបានប្រាប់ CEN ថា មេខ្យល់ដែលនាំមនុស្សឆ្លងកាត់ព្រំដែនខុសច្បាប់ គឺព្រំដែនកម្ពុជា-ថៃ និងព្រំដែនកម្ពុជា-វៀតណាម ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបានចំនួន ៣៥នាក់ គិតចាប់ពីថ្ងៃទី១៣-១៨ ខែកុម្ភៈ ឆ្នាំ២០២១ មេខ្យល់នាំប្រជាពលរដ្ឋឆ្លងដែនខុសច្បាប់ដែលសមត្ថកិច្ចចាប់ខ្លួនមានដូចជាៈ ខេត្តបន្ទាយមានជ័យ បាត់ដំបង ឧត្តរមានជ័យ ប៉ៃលិន កំពត ស្វាយរៀង តាកែវ និងខេត្តកោះកុង។ មេខ្យល់បានប្រើល្បិចថ្មីដោយនាំមនុស្សឆ្លងដែនខុសច្បាប់ប្រើរូបភាពបន្លំភ្នែកសមត្ថកិច្ច ដោយបានដាក់បង្កប់មនុស្សនៅក្នុងរថយន្តដឹកផ្លែឈើ…៕ រក្សាសិទ្ធិដោយៈ ចេស្តារ