ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា ព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍២០កុម្ភៈ នឹងត្រូវបិទបញ្ចប់នៅអំឡុងពេល១ខែ នៅពេលប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធទាំងអស់ ចូលរួមសហការ និងអនុវត្តវិធានការទាំងអស់គ្នាដោយយកចិត្តទុកដាក់។
សម្តេចតេជោ ហ៊ុន សែន ចេញបទបញ្ជា និងអំពាវនាវឱ្យពលរដ្ឋខ្មែរចំនួន៦ចំណុច ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដូចខាងក្រោម៖
១-សម្តេចតេជោស្នើសុំការយោគយល់ពីអ្នកធុរកិច្ច និងការស្នាក់ការនៅរបស់ពលរដ្ឋ ដែលតម្រូវឱ្យមានការបិទអគារ ក្លឹបកម្សាន្តN8 និងតំបន់មួយចំនួនដែលផ្ទុះករណីកូវីដ១៩ ជាចាំបាច់ ដោយមិនអនុញ្ញាតអោយចេញ-ចូល លើកលែងតែអ្នកដែលជាម្ចាស់ផ្ទះក្នុងតំបន់នោះ គឺអោយចូល តែមិនអនុញ្ញាតអោយចេញ ។
២- បន្តយកសំណាកធ្វើតេស្តសម្រាប់អ្នកនៅក្នុងតំបន់មានផ្ទុះកូវីដ១៩ ហើយបន្ទាប់ពីធ្វើតេស្តហើយត្រូវធ្វើចត្តាឡីស័ក ១៤ថ្ងៃ ដែលចំនួននៃការធ្វើតេស្តអាចនឹងមានចំនួនច្រើន។
៣- អាជ្ញាធរត្រូវបន្តស្វែងរកអ្នកពាក់ព័ន្ធនឹងក្លឹប N8 ទោះទៅដល់ទីណាក៏ដោយ ដើម្បីស្វែងរកមកធ្វើតេស្ត នឹងការធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ។
៤- ត្រូវធ្វើចត្តាឡីស័កសម្រាប់អ្នកដែលមានការពាក់ព័ន្ធទាំងអស់ និងត្រូវយកសំណាករបស់ពួកគាត់មកធ្វើតេស្តផងដែរ
៥- សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់អ្នកពាក់ព័ន្ធនឹងក្លឹប N8 ទាំងអស់ និងពាក់ព័ន្ធនឹងអ្នកមានជំងឺកូវីដ១៩ ទាំង៣២នាក់នេះ ម្ចាស់ការមកឱ្យពិនិត្យសំណាកជាចាំបាច់បំផុត។
៦- សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ពលរដ្ឋនៅភ្នំពេញ និងតំបន់ដទៃទៀត ត្រូវបង្កើនការប្រុងប្រយ័ត្ន ហើយរឹតបន្តឹងក្នុងការអនុវត្តវិធានការ៣ការពារ និង៣កុំ ឲ្យបានជាប់លាប់ល្អតាមការណែនាំរបស់ក្រសួងសុខាភិបាល៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ