កោះកុង ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង ការពារជាតិ នៅថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ បានអញ្ជើញជាអធិបតីក្នុងយុទ្ធនាការចាក់វាក់វ៉ាក់សាំងបង្ការកូវីដ១៩ ជូនចំពោះ នាយ នាយរង ពលទាហាន និងនគរបាល ការពារព្រំដែនគោកនិងទឹក ប្រចាំការជួរមុខ ទិសយោធភូមិភាគទី៣ នៅក្នុងខេត្តកោះកុង។
សម្តេចពិជ័យសេនា ទៀ បាញ់ បានពិនិត្យដោយផ្ទាល់នូវសកម្មភាពចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ទៅលើនាយ ពលទាហាន និងនគរបាល ការពារព្រំដែន ដែលជាអ្នកជួរមុខក្នុងការការពារ ទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។ យុទ្ធនាការចាក់វ៉ាក់សាំងនេះ ធ្វើឡើងចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២១ ដោយចាក់ទៅលើនាយ ពលទាហាន និងនរគបាល ការពារព្រំដែន នៅទិសយោធភូមិភាគទី ៣ ប្រមាណ ១២០០ នាក់។
សម្តេចពិជ័យសេនា ទៀ បាញ់ មានមោទនភាព និងសប្បាយចិត្តយ៉ាងខ្លាំងដែលកងទ័ពបានចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ព្រោះកងទ័ពជាអ្នកមានហានិភ័យខ្ពស់ នៃការឆ្លងជំងឺដ៏កាចសាហាវនេះ។ សម្តេចបន្ថែមថា ប្រមុខរាជរដ្ឋាភិបាល ពោលគឺសម្តេចតេជោ បានយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះសុខុមាលភាពរបស់កងទ័ព ដែលជាអ្នកជួរមុខជួយដល់ប្រជាពលរដ្ឋ និងជាតិទាំងមូល ដោយ សម្តេចតេជោ បានអនុញ្ញាតឲ្យកងទ័ពក្នុងក្របខណ្ឌក្រសួងការពារជាតិទទួលបានវ៉ាក់សាំង ដែលជាជំនួយរបស់រដ្ឋាភិបាលចិនចំនួន ៣០ ម៉ឺនដូស។
រដ្ឋមន្ត្រីការពារជាតិកម្ពុជា ឲ្យដឹងទៀតថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ – ១៩ ដល់នាយ ពលទាហាននិងនគរបាលការពារព្រំដែនជួរមុខ នៅក្នុងខេត្តកោះកុង នៅពេលនេះ គឺជាការឈ្វេង យល់បន្ថែមពីដំណើរការចាក់វ៉ាក់សាំងទៅលើកងទ័ព ដើម្បីរៀបចំឲ្យបានល្អប្រសើរនិងដំណើរការចាក់ទៅដោយរលូន ព្រមទាំងបានលឿន សម្រាប់យុទ្ធនាការចាក់នៅតាមទីកន្លែងដទៃទៀត។
សម្តេចពិជ័យសេនា បញ្ជាក់ថា នៅថ្ងៃនេះ វ៉ាក់សាំងបង្ការកូវីដ១៩ បានដឹកផ្លូវឆ្ងាយចេញពីរាជធានីភ្នំពេញជាលើកដំបូង ដោយមានការរៀបចំបានល្អតាមបទដ្ឋានសុខាភិបាល និងរក្សាបាននៅប្រសិទ្ធភាពដដែល ដែលជាជំហាននិងជាបទពិសោធន៍សម្រាប់ដឹកទៅចាក់ជូនទាហាននៅខេត្តផ្សេងៗទៀត បន្ទាប់ពីការចាក់នៅខេត្តកោះកុងនេះរួច៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ