ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២១ ខែកុម្ភៈឆ្នាំ២០២១នេះ បានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ចំនួន១៧ករណី គឺជាជនជាតិចិន១៤នាក់ វៀតណាម ១នាក់ និងអ្នកធ្វើដំណើរមកពីក្រៅប្រទេស ២នាក់ និងមានអ្នកជាសះស្បើយ ៣នាក់។ “ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ” កើនដល់ ៤៣នាក់ ។
ក្រសួងសុខាភិបាល បានបញ្ជាក់ថា គិតត្រឹមម៉ោង៧និង០០នាទីព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៥៣៣នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៧៣នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៦០នាក់។
សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលបានបញ្ជាក់ថា អ្នកឆ្លងកូវីដ១៩ ថ្មីទាំង១៧នាក់នេះរួមមាន៖ ជនជាតិឆេកម្នាក់ ដែលអ្នកធ្វើដំណើរមកពីប្រទេសឆេក ជនជាតិចិនចំនួន១៤នាក់ និងវៀតណាមម្នាក់ ដែលជាអ្នកពាក់ព័ន្ធនឹង ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និងបុរសជនជាតិខ្មែរម្នាក់ ដែលបានធ្វើដំណើរមកពីប្រទេសថៃ។
ដោយឡែកសម្រាប់អ្នកជាសះស្បើយ៣នាក់រួមមាន៖ បុរសជនជាតិនីហ្សេរីយ៉ាម្នាក់ និងស្ត្រីជនជាតិចិនម្នាក់ ដែលធ្វើដំណើរមកពីក្រៅប្រទេស និងស្ត្រីជនជាតិខ្មែរម្នាក់ ដែលជាពលករធ្វើដំណើរមកពីប្រទេសថៃ។
ដើម្បីទប់ស្កាត់ការចម្លងបន្តនូវវីរុសកូវីដ១៩ ក្នុងសហគមន៍ទ្រង់ទ្រាយធំ ក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមអនុវត្តន៍វិធានការការពារខ្លួន ឲ្យបានខ្ជាប់ខ្ជួន តាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន គឺ ត្រូវអនុវត្តន៍នូវវិធានការ ៣ការពារ និង៣កុំ ត្រូវចូលរួមធ្វើចត្តាឡីស័ក ឲ្យបានត្រឹមត្រូវ អ្នកពាក់ព័ន្ធ ១៤ថ្ងៃមុនព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ត្រូវមកធ្វើតេស្ត នៅមណ្ឌលសុខភាពចាក់អង្រែ ត្រូវចូលរួមផ្តល់ព័ត៌មានបុគ្គល ដែលជាប់ពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលនៃព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បើមិនចាំបាច់សូមនៅផ្ទះ និងមិនត្រូវរើសអើងអ្នកដែលឆ្លងកូវីដ១៩ នោះឡើយ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ