ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សារលិខិតក្នុងឱកាសប្រារព្ធខួបលើកទី២២ នៃទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ ២០២១។
ក្នុងឱកាសដ៏មហោឡារិកប្រារព្ធខួបលើកទី២២ នៃទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ ២០២១ នេះ ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមសម្តែងនូវក្តីសោមនស្ស រីករាយ និងសូមចូលរួមអបអរសាទរខួបលើកទី២២នៃទិវាជាតិនេះ ដែលប្រារព្ធឡើងដើម្បីរំលឹកដល់បងប្អូន ជនរួមជាតិ ជាពិសេសប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់រងផលប៉ះពាល់ដោយសារមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាមឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់ដែលបង្កឡើងដោយសារគ្រឿងផ្ទុះ ទាំងនោះ ដែលទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំតែងតែចាត់ទុកថា “គ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះ ជា ឃាតករលាក់មុខបំផ្លាញជីវិតប្រជាជន។
សម្តេចតេជោ បានថ្លែងថា សង្គ្រាមបានបន្សល់នូវគ្រាប់មីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាមយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលបណ្តាលឱ្យប្រជាពលរដ្ឋយើងរាប់ម៉ឺននាក់ រងរបួស ធ្លាក់ខ្លួនពិការ និងស្លាប់បាត់បង់ជីវិត ព្រមទាំងបង្កនូវ សោកនាដកម្មដ៏ឈឺចាប់ដែលមិនធ្លាប់កើតមានពីមុនមកនិងរាំងស្ទះដល់ការអភិវឌ្ឍប្រទេស។ ជាមួយនឹងការ បង្រួបបង្រួមជាតិ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យពេញផ្ទៃប្រទេស ក្រោមនយោបាយ ឈ្នះ ឈ្នះ។ នៅចុងឆ្នាំ១៩៩៨ រាជរដ្ឋាភិបាលកម្ពុជា មានលទ្ធភាពដោះស្រាយនូវផលអវិជ្ជមានទាំងនេះ និងសម្រេចបាន នូវសមិទ្ធផលសំខាន់ៗជាបន្តបន្ទាប់សម្រាប់វិស័យសកម្មភាពមីននៅកម្ពុជា ដែលជាផ្នែកមួយចូលរួមដល់កិច្ច គាំពារសន្តិភាព។
គិតចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០២០ រយៈពេល ២៨ឆ្នាំ កន្លងមកនេះ ផ្ទៃដីទំហំ ២ ១៣៨ គីឡូម៉ែត្រក្រឡា ត្រូវបានបោសសម្អាតសម្រាប់យកទៅប្រើប្រាស់និងបង្កបង្កើនផល ក្នុងនោះវិស័យកសិកម្ម ៥៨ភាគរយ ហេដ្ឋារចនាសម្ព័ន្ធ ១២ភាគរយ និងផ្សេងៗ ៣៨ ភាគរយ រួមមានការសាងសង់លំនៅដ្ឋាន ភូមិករ សាលារៀន មណ្ឌលសុខភាព ជាដើម ដោយមានប្រជាពលរដ្ឋទទួលផលចំនួន ៦ ៣៥៧ ៨៥៣នាក់។ មីនប្រឆាំងមនុស្ស ចំនួន ១ ០៩៥ ៧៥០គ្រាប់ មីនប្រឆាំងរថក្រោះ ចំនួន ២៥ ៤៨៨គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមរាប់បញ្ចូល ទាំងគ្រាប់បែកចង្កាមចំនួន ២៨៨៥ ២៩៤ គ្រាប់ ត្រូវបានរកឃើញនិងបំផ្លាញចោល។ ទន្ទឹមនឹងនោះចំនួនជនរងគ្រោះបានថយចុះពី ៤ ៣២០នាក់ ក្នុងឆ្នាំ១៩៩៦ មកត្រឹម ៦៥នាក់ ក្នុងឆ្នាំ២០២០ កន្លងទៅ។ ជោគជ័យថ្មីមួយទៀត ក្នុងឆ្នាំ២០២០ គឺការបញ្ចប់ការស្រាវជ្រាវទិន្នន័យចម្ការមីនជាមូលដ្ឋាន គ្រប់ស្រុក ក្រុង ទូទាំងប្រទេស ដែលនឹងជួយបង្កើនប្រសិទ្ធភាពក្នុងការរៀបចំផែនការបោសសម្អាត។
ក្នុងនាមជាប្រទេសស្រលាញ់សុខសន្តិភាព រាជរដ្ឋាភិបាលកម្ពុជា ក៏តែងតែយកចិត្តទុកដាក់ គិតគូរ និងបានរួមចំណែកយ៉ាងសកម្ម ក្នុងការជួយសម្រាលទុក្ខលំបាករបស់បណ្តាប្រទេសដែលរងផលប៉ះពាល់ដូចគ្នា តាមរយៈការបញ្ជូនកងកម្លាំងរក្សាសន្តិភាពចូលរួមបំពេញបេសកកម្ម ក្នុងក្របខ័ណ្ឌប្រតិបត្តិការរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ ក្នុងប្រទេសចំនួន ៩ រួមមាន ប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ ស៊ីប ស៊ីរី យេម៉ែន ឆាដ ម៉ាលី និងអាហ្វ្រិកណ្តាល សរុបចំនួន ៧ ១២៣នាក់ (នារី ៤១៩នាក់)។
ជាមួយនឹងសមិទ្ធផលគួរជាទីមោទនៈនេះ សម្តេចតេជោ សូមឆ្លៀតយកឱកាសនេះ សម្តែង នូវអំណរគុណយ៉ាងជ្រាលជ្រៅនិងស្មោះស្ម័គ្របំផុតជូនចំពោះប្រទេសម្ចាស់ជំនួយ ដៃគូអភិវឌ្ឍ ប្រតិបត្តិករជាតិ និងអន្តរជាតិ ជាពិសេសប្អូនៗ ក្មួយៗ ជាអ្នកដោះមីន ដែលបានខិតខំចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចការបោសសម្អាតមីនលក្ខណៈមនុស្សធម៌នេះ ដែលទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំបានចាត់ទុកវិស័យ បោសសម្អាតមីន ជាការងារអាទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមផ្តល់សុខសុវត្ថិភាព និង ការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។
ថ្វីបើវិស័យសកម្មភាពមីន បាននិងកំពុងទទួលលទ្ធផលដ៏ធំធេងយ៉ាងណាក៏ដោយ កម្ពុជាត្រូវធ្វើការ បោសសម្អាតផ្ទៃដីដែលមានមីនចំនួន ៨៣៥ គីឡូម៉ែត្រក្រឡា និងសំណល់ជាតិផ្ទុះពីសង្គ្រាមរួមទាំងគ្រាប់បែក ចង្កោម ចំនួន ១ ៣១៦ គីឡូម៉ែត្រក្រឡាបន្ថែមទៀត ដើម្បីសម្រេចបាននូវចក្ខុវិស័យតាមផែនការយុទ្ធសាស្ត្រជាតិ កម្ពុជាមួយគ្មានមីនឆ្នាំ២០២៥។ ជាមួយគ្នានេះ ការងារអប់រំកាត់បន្ថយគ្រោះថ្នាក់ដោយសារ មីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម នៅតែជាកិច្ចការដ៏ចាំបាច់មួយ ក្នុងការកាត់បន្ថយគ្រោះ ថ្នាក់ និងផលប៉ះពាល់អវិជ្ជមាន ដោយសារគ្រឿងផ្ទុះទាំងនេះនៅតាមសហគមន៍។
ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាបន្តការយកចិត្តទុកដាក់ដោះស្រាយបញ្ហាដែលបង្កឡើង ដោយសារមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ២០១៦-២០៣០ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤២០១៨-២០២៣ និងផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨-២០២៥។
ក្នុងឱកាសប្រារព្ធខួបលើកទី២២នៃទិវាជាតិយល់ដឹងអំពីមីន២៤កុម្ភៈ នេះសម្តេចតេជោហ៊ុនសែន សូមធ្វើការអំពាវនាវ ដូចតទៅ៖
ទី១- ក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ប្រតិបត្តិករជាតិ និងអន្តរជាតិ ត្រូវចូលរួមឱ្យបានខ្លាំងក្លាថែមទៀត ក្នុងការផ្សព្វផ្សាយការយល់ដឹង ពីគ្រោះថ្នាក់ដោយសារមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស កុមារា កុមារី និងយុវជនក្រៅសាលា នៅតាមសហគមន៍ដែលរងផលប៉ះពាល់ តាមរយៈសកម្មភាពអប់រំដោយផ្ទាល់នៅតាមសហគមន៍ សាលារៀន និងវត្តអារាម ការអនុវត្ត គោលនយោបាយភូមិ -ឃុំ-សង្កាត់មានសុវត្ថិភាព ការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះនិងគ្រាប់រំសេវ កម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា និងការផ្សព្វផ្សាយទូលាយ តាមវិទ្យុ ទូរទស្សន៍ បណ្តាញសង្គម ផ្ទាំងប៉ាណូ និងខិត្តប័ណ្ណ។
ទី២- អាជ្ញាធរមីន ត្រូវបន្តសម្របសម្រួលជាមួយប្រតិបត្តិករជាតិ និងអន្តរជាតិ និងភាគីពាក់ព័ន្ធ ដើម្បីកំណត់ឱ្យបានជាក់លាក់នូវតំបន់ ឬទីតាំងដែលរងការប្រឈមគ្រោះថ្នាក់ដោយសារមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដើម្បីធ្វើការអប់រំទប់ស្កាត់គ្រោះថ្នាក់បានទាន់ ពេលវេលា ព្រមទាំងរៀបចំសារអប់រំ និងវិធីសាស្ត្រអប់រំឱ្យកាន់តែមានប្រសិទ្ធភាពទៅតាមបរិបទ នៃសហគមន៍ដែលរងផលប៉ះពាល់ និងឥរិយាបថរបស់ជនងាយរងគ្រោះ។
ទី៣- ប្រទេសម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍ សូមបន្តគាំទ្រដល់សកម្មភាពបោសសម្អាតមីន គ្រាប់បែក ចង្កាម និងសំណល់ជាតិផ្ទុះពីសង្គ្រាម អប់រំកាត់បន្ថយគ្រោះថ្នាក់ និងសង្គ្រោះជនពិការដោយសារ គ្រឿងផ្ទុះទាំងនេះ។
សម្តេចសូមអំពាវនាវផងដែរ ដល់បងប្អូនជនរួមជាតិទាំងអស់ មេត្តាចូលរួមអនុវត្តដូចខាងក្រោម ៖
បើបងប្អូនកូនក្មួយឃើញមីន គ្រាប់បែកចង្កោម ឬសំណល់ជាតិផ្ទុះពីសង្គ្រាម សូមកុំប៉ះពាល់ កុំដុត និងកុំគប់លេង ព្រោះវាអាចបង្កឱ្យមានគ្រោះថ្នាក់ ធ្លាក់ខ្លួនពិការ និងបាត់បង់ជីវិត ហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ឬប្រតិបត្តិករបោសសម្អាតមីនដែលនៅជិតបំផុត។
ហាមទិញ លក់ រក្សាទុក កែច្នៃមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលជាអំពើខុសច្បាប់ ។
កុំប្រើប្រាស់ដីនិងកុំចូលក្នុងតំបន់ដែលមិនស្គាល់ច្បាស់ ឬសង្ស័យថាមានមីន គ្រាប់បែកចង្កោមនិងសំណល់ជាតិផ្ទុះពីសង្គ្រាម៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ