ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុនបានឯកភាពក្នុងការបន្តផ្តល់ជំនួយឥតសំណងចំនួន២០៩លានយ៉េន ប្រមាណជា២លានដុល្លាអាមេរិក ដល់ព្រះរាជាណាចក្រកម្ពុជា តាមរយៈកម្មវិធីស្បៀងអាហារពិភពលោក ក្នុងគោលបំណងស្តារឡើងវិញនូវផលប៉ះពាល់ពីគ្រោះទឹកជំនន់នាខែតុលាឆ្នាំ២០២០ ដែលបានបង្កជាការខូចខាតដល់មនុស្ស និងទ្រព្យសម្បត្តិយ៉ាងធ្ងន់ធ្ងរនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
ពិធីចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីជំនួយឥតសំណងនៃរដ្ឋាភិបាលជប៉ុននៅថ្ងៃទី២២ ខែកុម្ភៈឆ្នាំ២០២១ នៅក្រសួងមហាផ្ទៃ, នៅក្នុងពិធីប្រគល់ជំនួយឥតសំណង ឯកឧត្តម មិកាមិ មាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និង លោកស្រី ឃ្លែរ កូណាន់ តំណាង និងជានាយិកាកម្មវិធីស្បៀងអាហារពិភពលោកប្រចាំព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខា ដោយមានវត្តមានឯកឧត្តម ង៉ាន់ ចំរើន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ចូលរូមជាសាក្សី។
ឯកឧត្តម មិកាមិ មាសាហ៊ីរ៉ូ បានថ្លែងថា គម្រោងនេះនឹងធ្វើការវាយតម្លៃសន្តិសុខស្បៀង និងអាហារូបត្ថម្ភដ៏ទូលំទូលាយនៅក្នុងតំបន់ដែលរងផលប៉ះពាល់ ហើយតាមរយៈជំនួយនេះ គម្រោងនឹងធ្វើការគាំទ្រដល់ការស្តារឡើងវិញរបស់សហគមន៍តាមរយៈការធ្វើឲ្យប្រសើរឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតដូចជាប្រព័ន្ធធារាសាស្ត្រ និងផ្លូវតាមទីជនបទ។ ឯកឧត្តម មិកាមិ មាសាហ៊ីរ៉ូ សង្ឃឹមថា គម្រោងនេះនឹងកាត់បន្ថយនូវផលប៉ះពាល់ជាអវិជ្ជមានទៅលើសន្តិសុខស្បៀង សម្រាប់ក្រុមគ្រួសារនិងសហគមន៍ដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ ហើយរួមចំណែកលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
ក្នុងឱកាសនោះ ឯកឧត្តម ង៉ាន់ ចំរើន រដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប បានមានប្រសាសន៍ថា ប្រទេសកម្ពុជាបានរងឥទ្ធិពលពីគ្រោះទឹកជំនន់កាលពីខែតុលាឆ្នាំ២០២០កន្លងទៅ និងបានធ្វើឲ្យប៉ះពាល់ជាច្រើនគ្រួសារនៅខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា ដែលក្នុងនោះបានប៉ះពាល់យ៉ាងខ្លាំងដល់ ផ្ទះ ហេដ្ឋារចនាសម្ព័ន្ធ និងដីកសិកម្មរបស់ប្រជាពលរដ្ឋ។ ឯកឧត្តម បានបញ្ជាក់បន្តថា តាមរយៈគម្រោងនេះ កម្មវិធីស្បៀងអាហារពិភពលោកនេះនឹងសហការយ៉ាងជិតស្និទ្ធជាមួយ គ.ជ.អ.ប និងដៃគូនានា ដើម្បីធ្វើការវាយតម្លៃគ្រប់ជ្រុងជ្រោយ ទៅលើសន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅក្នុងតំបន់រងគ្រោះដោយទឹកជំនន់ និងគាំទ្រដល់ការស្តារសហគមន៍ឡើងវិញ តាមរយៈការស្តារហេដ្ឋារចនាសម្ព័ន្ធដែលខូចខាត និងការពង្រឹងសមត្ថភាពធ្វើផែនការ និងចំណេះដឹងមូលដ្ឋានស្តីពីសន្តិសុខស្បៀង ការត្រៀមបង្ការ និងការកាត់បន្ថយគ្រោះមហន្តរាយ ដែលគម្រោងនេះ បានកំណត់គោលដៅនៅក្នុងឃុំចំនួន១៦ នៅក្នុងខេត្តបាត់ដំបង ពោធី៍សាត់ កំពង់ឆ្នាំង និងកំពង់ធំ។
ឯកឧត្តម Mikami Masahiro ឯកអគ្គរដ្ឋជប៉ុនប្រចាំកម្ពុជា មានប្រសាសន៍ថា «កាលពីឆ្នាំមុន ប្រទេសកម្ពុជាបានទទួលរងនូវភ្លៀងធ្លាក់យ៉ាងខ្លាំងជាបន្តបន្ទាប់ ដែលប៉ះពាល់ដល់ប្រជាជនមួយចំនួនធំ ដូចជា បង្កឲ្យមានការបាត់បង់ជីវិត និងការខូចខាតផ្នែករូបវ័ន្តទៅលើទ្រព្យសម្បត្តិជាច្រើន។ ក្នុងនេះផងដែរ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏ផ្តល់ក្តីសង្ឃឹមដោយស្មោះថា គម្រោងនេះនឹងកាត់បន្ថយផលប៉ះពាល់ទៅលើសន្តិសុខស្បៀងរបស់ក្រុមគ្រួសារ និងសហគមន៍ដែលរងគ្រោះដោយទឹកជំនន់»។
ឆ្លៀតឱកាសនោះដែរ លោកស្រី Claire CONAN បានលើកឡើងថា «យើងខ្ញុំសូមថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុន ដែលបានគាំទ្រដល់កិច្ចការកាត់បន្ថយផលប៉ះពាល់ដោយសារទឹកជំនន់កាលពីឆ្នាំមុន។ ជំនួយនេះមានសារៈសំខាន់ណាស់សម្រាប់ក្រុមគ្រួសារងាយរងគ្រោះដែលរស់នៅក្នុងសហគមន៍ដែលងាយជន់លិចដោយទឹកជំនន់ និងបានប៉ះពាល់ទៅលើជីវភាព និងប្រព័ន្ធស្បៀងរបស់ពួកគាត់ ហើយជំនួយនេះនឹងជួយការពារពួកគាត់ពីវិបត្តិនាពេលអនាគត»។ លោកស្រីបន្ដថា ក្នុងអំឡុងពេលមួយទសវត្សកន្លងមកនេះ ប្រទេសកម្ពុជាបានរងផលប៉ះពាល់ដោយសារទឹកជំនន់យ៉ាងធ្ងន់ធ្ងរចំនួន៤លើក។ លើកចុងក្រោយបង្អស់នៅក្នុងខែតុលាឆ្នាំមុន ទឹកជំនន់បានបង្កឱ្យក្រុមគ្រួសារ ចំនួន១៤.២៩៩គ្រួសារ ផ្លាស់ប្ដូរទីលំនៅ និងប៉ះពាល់ដោយផ្ទាល់ទៅលើក្រុមគ្រួសារចំនួន១៧៦.០០០គ្រួសារ (ជិត ៨០០.០០០ នាក់) ក្នុងខេត្តចំនួន១៤។ លំនៅដ្ឋាន ហេដ្ឋារចនាសម្ព័ន្ធ និងដីកសិកម្មរងការជន់លិច និងខូចខាតយ៉ាងដំណំផងដែរ។
សូមរំលឹកថា ចាប់តាំងពីឆ្នាំ១៩៩៨មក រដ្ឋាភិបាលជប៉ុន គឺជាដៃគូដ៏សំខាន់របស់កម្មវិធីស្បៀងអាហារពិភពលោក ដែលបានចូលរួមវិភាគទានចំនួន២២លានដុល្លារអាមេរិកក្នុងអំឡុងពេល១០ឆ្នាំកន្លងមកនេះតាមរយៈជំនួយជាសម្ភារៈ (អង្ករ និងត្រីកំប៉ុង) និងជំនួយជាទឹកប្រាក់ ក្នុងការគាំទ្រលើវិស័យសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ។ ដោយឡែក នៅឆ្នាំ២០១៩ ប្រទេសជប៉ុនបានចូលរួមវិភាគទានចំនួន២,៧លានដុល្លារអាមេរិកដល់កម្មវិធីស្បៀងអាហារពិភពលោក ដើម្បីលើកកម្ពស់កសាងភាពធនធានរបស់សហគមន៍នៅកម្ពុជាដើម្បីទប់ទល់នឹងវិបត្តិ និងកសាងសមត្ថភាពស្ថាប័នក្នុងការត្រៀមលក្ខណៈទប់ទល់នឹងគ្រោះអាសន្ន៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ