ភ្នំពេញ៖ មន្ត្រីអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ និងមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាល១០៥សង្កាត់ រាជធានីភ្នំពេញ ចំនួន ៣៩៩នាក់ ទទួលបានការបណ្តុះបណ្តាលលើកិច្ចការពារកុមារដើម្បីពង្រឹងសមត្ថភាពមន្ត្រីនគរបាលអនុវត្តច្បាប់ក្នុងការគាំពារកុមារតាមផ្លូវច្បាប់ និងចូលរួមបង្ការទប់ស្កាត់ និងបង្ក្រាបរាល់ទម្រង់ប្រព្រឹត្តបទល្មើសទៅលើកុមារដូចជាការជួញដូរកុមារ ការធ្វើអំពើហឹង្សា ការកេងកម្លាំងពលកម្មនិងការបំពានផ្លូវភេទលើកុមារជាដើមនោះ។
វគ្គបណ្តុះបណ្តាលបានរៀបចំធ្វើឡើងនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ប្រព្រឹត្តទៅក្រោមវត្តមានលោកឧត្តមសេនីយ៍ទោ គឹម សុទ្ធី អនុប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍នគររដ្ឋបាល និងលោកឧត្តមសេនីយ៍ត្រី ស៊ុម សុឃីម ស្នងការរងទទួលផែនការងារសេនាធិការតំណាងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ត្រី ស៊ុម សុឃីម ស្នងការរងទទួលផែនការងារសេនាធិការ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានលើកឡើងថា វគ្គបណ្តុះបណ្តាលស្តីពីកិច្ចការពារកុមារនេះមានសសារៈសំខាន់សម្រាប់មន្ត្រីនគរបាលអនុវត្តច្បាប់ដើម្បីទទួលបានចំណេះដឹងពិតប្រាកដពីរបៀបធ្វើកិច្ចការងារពាក់ព័ន្ធនិងកុមារ។
កិច្ចការងារការពារកុមារគឺមានការយកចិត្តទុកដាក់ជាខ្លាំងពីក្រសួងមហាផ្ទៃនិងអគ្គស្នងការដ្ឋាននគរបាលជាតិ។ រាជធានីភ្នំពេញដែលមានការអភិវឌ្ឍន៍រីកចម្រើនគ្រប់វិស័យនិងមានមនុស្សជាច្រើនបាននឹងប្រកបមុខរបរនិងធ្វើការងារដែលជះឥទ្ធិពលទៅលើបញ្ហាបទល្មើសគ្រប់ប្រភេទ។ ដោយឡែកពាក់ព័ន្ធនិងការងារប្រឆាំងជួញដូរមនុស្សនិងការពារអនីតិជន នៅរាជធានីភ្នំពេញនៅឆ្នាំ២០២០កន្លងទៅនេះរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបង្ហាញឱ្យដឹងថាកម្លាំងនគរបាលរាជធានីភ្នំពេញបង្ក្រាបបទល្មើស២១ករណីឃាត់ខ្លួនជនសង្ស័យ២៣នាក់។
លោកឧត្តមសេនីយ៍ទោ គឹម សុទ្ធី អនុប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាលនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានលើកឡើងថា ពិតណាស់ហើយអស់លោកលោកស្រីមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលនិងនៅអធិការដ្ឋាននគរបាលខណ្ឌកន្លងមកបានមានបទពិសោធន៍ធ្វើការងារជាមួយនឹងបញ្ហាកុមារបានច្រើនមកហើយ។ ប៉ុន្តែវគ្គបណ្តុះបណ្តាលនេះបានបង្រៀនឱ្យមន្ត្រីនគរបាលអនុវត្តច្បាប់ចេះនូវជំនាញចំណេះថ្មីៗបន្ថែមទៀតក្រៅពីអ្វីដែលពុំទាន់ធ្លាប់ជួបប្រទះ។ ដូច្នេះកិច្ចការងារនេះទាមទារត្រូវពង្រីកចំណេះដឹងឱ្យកាន់ទូលំទូលាយពីព្រោះបញ្ហាទម្រង់លើការប្រព្រឹត្តបទល្មើសទៅលើកុមារមានច្រើនរូបភាពដែលចាំបាច់ត្រូវតែស្វែងយល់ឱ្យបានច្បាស់លាស់ពីបញ្ហានេះ។បញ្ហាការប្រព្រឹត្តបទល្មើសលើកុមារតាមបទពិសោធន៍ដែលលោកធ្លាប់ជួបប្រទះមានមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលនៅតាមបណ្តាខេត្តខ្លះអនុវត្តមិនទាន់បានត្រឹមត្រូវនៅឡើយនោះទេដោយសារមិនទាន់យល់ច្បាស់។
សូមជម្រាបថា វគ្គបណ្តុះបណ្តាលស្តីពីកិច្ចការពារកុមារជូនមន្ត្រីអធិការដ្ឋាននគរបាលខណ្ឌទាំង១៤និងមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៥សង្កាត់នឹងសិក្សារៀនសូត្ររយៈពេល១៥ថ្ងៃដែលមានគ្រូបង្គោលមកពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនិងនាយកដ្ឋានទទួលកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល។ សិក្ខាកាមរៀនសូត្រនូវមេរៀនដូចជា៖នីតិវិធីកុមារមេត្រី,នីតិវិធីសម្រាប់ធ្វើការងារជាមួយកុមារទំនាស់នឹងច្បាប់ ការអនុវត្តការងារនគរបាលសហគមន៍ឆ្លើយតបកិច្ចការងារកុមារ បញ្ហានិងភាពងាយរងគ្រោះរបស់កុមារ បង្ការទប់ស្កាត់បទល្មើសនិងការរៀបចំរបាយការណ៍និងការចងក្រងឯកសារ៕ រក្សាសិទ្ធិដោយៈ ចេស្តារ