Thursday, September 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ជា ចាន់ តូ បាន​ចូលរួម​កិច្ចប្រជុំ​ជាមួយ​ក្រុម​បេសកកម្ម Staff Visit របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF)

​ភ្នំពេញ ៖ លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា បាន​ចូលរួម​កិច្ចប្រជុំ​ជាមួយ​ក្រុម​បេសកកម្ម Staff Visit របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) ដែល​ដឹកនាំ​ដោយ លោក Alasdair Scott ប្រធាន​ក្រុម​បេសកកម្ម IMF សម្រាប់​កម្ពុជា ដើម្បី​ពិភាក្សា​ពី​លទ្ធផល​បេសកកម្ម Staff Visit របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​នៅ​កម្ពុជា ដែល​បាន​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២១ ដល់​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២១ តាមរយៈ​ប្រព័ន្ធ​អន​ឡាញ​។​

​ក្រុម​បេសកកម្ម IMF បាន​វាយតម្លៃ​ខ្ពស់​ពី​វិធាន​ការដែល​រាជរដ្ឋាភិបាល​កម្ពុជា​និង​ធនាគារជាតិ​នៃ​កម្ពុជា​បានដាក់​ចេញ ដោយបាន​ឆ្លើយតប​យ៉ាង​ឆាប់រហ័ស ទាន់ពេលវេលា និង​សមស្រប ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា និង​ជួយ​គាំទ្រ​សកម្មភាព​អាជីវកម្ម កាត់បន្ថយ​ផលប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​-​សង្គម ជាពិសេស​មកលើ​ប្រជាជន​ក្រីក្រ​។​

​រាជរដ្ឋាភិបាល​បាន​បង្វែរ​ទិសដៅ​គោលនយោបាយ​សារពើពន្ធ ទៅរក​ផ្នែក​អាទិភាព​បាន​យ៉ាង​ល្អប្រសើរ ហើយ​ធនាគារជាតិ​នៃ​កម្ពុជា​បាន​កាត់បន្ថយ​ប្រាក់​បម្រុង​កាតព្វកិច្ច​យ៉ាង​ឆាប់រហ័ស និង​បានចេញ​សេចក្តីណែនាំ​ដើម្បី​ជួយ​សម្រួល​ដល់​ការរៀបចំ​ឥណទាន​ឡើងវិញ​។ ក្រុម​បេសកកម្ម IMF បាន​យល់ឃើញ​ស្របតាម​ការវាយតម្លៃ​ស្ថានភាព​ប្រឈម ហានិភ័យ និង​ទស្សនវិស័យ​ម៉ាក្រូសេដ្ឋកិច្ច របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ធនាគារជាតិ​នៃ​កម្ពុជា​។​

​ចំពោះ​កម្ពុជា តម្រូវការ​ខាងក្រៅ​មាន​ភាពមិនច្បាស់លាស់​ខ្លាំង ក៏ប៉ុន្តែ​ក្រុម​បេសកកម្ម​មាន​សុទិដ្ឋិនិយម​ចំពោះ​កំណើន​ក្នុង​វិស័យ​ចម្បងៗ​របស់​សេដ្ឋកិច្ចកម្ពុជា ជាពិសេស វិស័យ​កម្មន្តសាល ខណៈដែល​វិស័យ​ទេសចរណ៍​នឹង​ងើបឡើង​យឺត​។ ក្រុម​បេសកកម្ម បាន​កោតសរសើរ​ពី​ភាពរឹងមាំ​នៃ​វិស័យ​ធនាគារ ទោះ​ជាមាន​សម្ពាធ​ដោយសារ​ការធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច​នៅ​ឆ្នាំ​២០២០​ក៏ដោយ ហើយ​រំពឹងថា នឹង​បន្ត​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការរក្សា​ស្ថិរភាព​ហិរញ្ញវត្ថុ និង​រួមចំណែក​រក្សា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​និង​គាំទ្រ​កំណើន ក្នុងដំណាក់កាល​ស្តារ​សេដ្ឋកិច្ច​ក្រោយ​វិបត្តិ​។​

​ជារួម IMF បានផ្តល់​អនុសាសន៍​ដ​ល់ប​ណ្តា​ប្រទេស​ជាច្រើន ដោយ​បណ្តា​ប្រទេស​ដែល​ទទួលរង​ផលប៉ះពាល់​គួរ​៖ i/- ផ្តល់​អាទិភាព​ទៅលើ​បញ្ហា​សុខភាព​សាធារណៈ​និង​វិធានការ​ការពារ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ii/- ផ្តល់នូវ​គោលនយោបាយ​គាំទ្រ​គ្រប់គ្រាន់​ទាំង​ផ្នែក​សារពើពន្ធ​និង​រូបិយវត្ថុ និង​ចៀសវាង​ការដកចេញ​នូវ​គោលនយោបាយ​គាំទ្រ​ទាំងនេះ​លឿន​ពេក iii/- បន្ត​រក្សា​ស្ថិរភាព​ហិរញ្ញវត្ថុ​និង​តាមដាន​ហានិភ័យ​នៃ​ប្រព័ន្ធ​ហិរញ្ញវត្ថុ និង iv/- កែទម្រង់​បញ្ហា​រចនាសម្ព័ន្ធ​ដោយ​ផ្តោតលើ​ការកាត់បន្ថយ​ផលប៉ះពាល់​និង​ជំរុញ​សក្តានុពល​សម្រាប់​កំណើនសេដ្ឋកិច្ច​។​
​ក្រុម​បេសកកម្ម IMF ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការប្រើប្រាស់​ជំនួយ​បច្ចេកទេស​ដែល​ធនាគារជាតិ​នៃ​កម្ពុជា​ទទួលបាន​ពី​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ថា​មាន​ប្រសិទ្ធភាព​និង​ចំ​គោលដៅ​ល្អ​។ ដូចនេះ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​នឹង​បន្ត​ផ្តល់ជំនួយ​បច្ចេកទេស ក៏ដូចជា​ជួយ​កសាង​សមត្ថភាព​បន្ថែមទៀត ក្នុង​គោលដៅ​ពង្រឹង​ភាព​ធន់​និង​ការអភិវឌ្ឍ​នៃ​វិស័យ​ធនាគារ​កម្ពុជា​៕
​រក្សា​សិទ្ធិ​ដោយ​៖CEN​

spot_img
×