Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងយុត្តិធម៌ បើក​កិច្ចពិភាក្សា​ពិគ្រោះ​យោបល់ ស្ដីពី​ការរៀបចំ​យន្តការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ​នៅ​កម្ពុជា​

​ភ្នំពេញ ៖ ក្រសួងយុត្តិធម៌​បាន​ឲ្យ​ដឹងថា កិច្ចពិភាក្សា​នេះ​បានធ្វើ​ឡើង​ក្នុង​សិក្ខាសាលា​ដឹកនាំ​ដោយ​ឯកឧត្តម ជិន ម៉ា​លីន រដ្ឋលេខាធិការ និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ដើម្បី​ពិគ្រោះ​យោបល់ ស្ដីពី​ការរៀបចំ​យន្តការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ​នៅ​កម្ពុជា​។​

​យោងតាម​ក្រសួងយុត្តិធម៌​បាន​បញ្ជាក់ថា​សិក្ខាសាលា​ថ្នាក់ជាតិ​នេះ​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០២១ ក្នុង​គោលបំណង​ជួបពិភាក្សា​ជាមួយ​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​ប្រមូល​មតិយោបល់ ចែករំលែក​បទពិសោធ​ន៍ និង​ទទួល​នូវ​អនុសាសន៍​ល្អៗ ក្នុងទិសដៅ​រៀបចំ​នូវ​ឯកសារ​ទស្ស​ន​ទាន ស្តីពី​ការដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ​នៅ​កម្ពុជា​។ កម្មវិធី​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី គ្រប់​ក្រសួង​-​ស្ថាប័ន គណៈមេធាវី និង​ស្ថាប័ន​តុលាការ សរុប ៥០ នាក់​។​

​ឯកឧត្តម ជិន ម៉ា​លីន រដ្ឋលេខាធិការ បញ្ជាក់ថា​នេះ​ជា​កម្មវិធី​ទី​៣ ហើយ បន្ទាប់ពី​ក្រុមការងារ​បច្ចេកទេស​ក្រសួងយុត្តិធម៌ បានរៀបចំ​កម្មវិធី សិក្ខាសាលា​បើក​ដំបូង និង​សិក្ខាសាលា​ពិគ្រោះ​យោបល់​ផ្ទៃក្នុង​ក្រសួងយុត្តិធម៌​។​

​ក្រសួងយុត្តិធម៌​មាន​លើកឡើងថា ជា​កម្មវិធី​បន្ទាប់​ក្រុមការងារ​បច្ចេកទេស នឹង​រៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​បន្ត​ជាមួយ ដៃគូ​អភិវឌ្ឍន៍ អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ មុននឹង​ឈានទៅ​រៀបចំ​នូវ​ឯកសារ​ទស្ស​នា​ទាន​មួយ ដែលមាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ ឆ្លើយតប​ទៅនឹង​បរិបទ​របស់​សង្គម​ក​ម្ពុ​ជា និង​តម្រូវការ​ពិតប្រាកដរ​បស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ប្រកបដោយ​ប្រសិទ្ធភាព និង​និរន្តរភាព​៕ រក្សា​សិទ្ធិ​ដោយ​៖CEN​

×