កំពង់ស្ពឺ៖ លោកជំទាវ ឆៃ ច័ន្ទរិទ្ធីសូលីដា រដ្ឋលេខាធិការក្រសួងព័ត៌មាន បានអញ្ជើញជាអធិបធីភាព ក្នុង ពិធី បើកសម្ពោធដាក់ឲ្យដំណើរការ នូវគម្រោងអភិវឌ្ឍន៍ស្តុកក្រោលសាងសង់ រោងចក្រកែរច្នៃស្វាយ បន្លែ លំនៅដ្ឋាន ដីឡូតិ៍ ផ្សារ មន្ទីពេទ្យសម្ភព២៤ម៉ោង សាលារៀន និងស្ថានីយ៍ប្រេងឥន្ទនៈ លើផ្ទៃដីសរុបចំនួន ១៥ហិកតា ស្ថិតនៅក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
យោងតាមរបាយការណ៍នៅក្នុងតំបន់អភិវឌ្ឍន៍ស្តុកក្រោលនេះ នឹងបើករោងចក្រមួយមាន១០អគារ ដើម្បីផ្សាភ្ជាប់ជាមួយបណ្តុំសហគ្រាស ដែលមានចក្ខុវិស័យទៅលើការកែច្នៃ និងសម្អាតកសិផលរួមមាន៖ ដូចជា ផ្លែឈើ និងបន្លែ ដែលគ្រោងនឹងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
លោក អ៊ិន ឆាយវ៉ាន ប្រធានសមាគមស្វាយខេត្តកំពង់ស្ពឺ និងជាប្រធានគម្រោងស្តុកក្រោលអភិវឌ្ឍន៍ បានឲ្យដឹងថា ឆ្នាំ២០២២ខាងមុខ តំបន់នេះនឹងក្លាយជាទីប្រជុំជនមួយ ដែលចាប់យកកម្លាំងពលកម្ម ស្រូបទាញយកការ អភិវឌ្ឍក្នុងតំបន់ ដែលបានផ្តោតទៅលើបណ្តុំសហគ្រាសរៀបចំ ការកែច្នៃ ការលាងសម្អាត បន្លែ ផ្លែស្វាយ វេចខ្ជប់ដើម្បីនាំទៅទីផ្សារអន្តរជាតិ។ អ្វីដែលពិសេសទៀតនោះ គម្រោងនេះ គឺផ្តល់ឱកាសការងារជូនពលរដ្ឋក្នុងតំបន់នេះ ប្រមាណ២,៥០០ ដល់៣,០០០នាក់។
គួរបញ្ជាក់ថា ការបោះទុនវិនិយោគអភិវឌ្ឍគម្រោងនេះ គឺជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកម្ពស់សេដ្ឋកិច្ចជាតិ លើផ្នែកឧស្សាហកម្ម និងពាណិជ្ជកម្ម ឲ្យស្របទៅតាមសម័យកាលទំនើបនៃឧស្សាហកម្ម ៤.០ ដែលអាចបង្កើតឱកាសការងារជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងកាត់បន្ថយការចំណាកស្រុក តាមរយៈរោងចក្រសហគ្រាសកែច្នៃកសិផលស្វាយ និងបន្លែ ផ្សារលក់ទំនិញ ចំនួន៣០០តូប សាលារៀនចំណេះទូទៅ កន្លែងកម្សាន្ដ និងមន្ទីពេទ្យជាដើម ដែលផ្តល់អត្ថប្រយោជន៍ជាច្រើនទៀត ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយបានលើកកម្ពស់កម្រិតជីវភាពផ្តល់ប្រាក់ចំណូលជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន៕ រក្សាសិទ្ធិដោយ៖CEN