ខេត្តស្វាយរៀង ៖ វ៉ាក់សាំងកូ-វីដ១៩ ចំនួន៣០០០ដូស ត្រូវបានក្រសួងសុខាភិបាលបញ្ជូនមកកាន់ខេត្តស្វាយរៀង ដោយអនុញ្ញាតឲ្យចាក់ទៅលើមន្ត្រីសុខាភិបាល និងកម្លានគរបាលខេត្ត ដែលមានមន្ទីរពេទ្យចំនួន៦ សម្រាប់ពិគ្រោះ និងចាក់វ៉ាក់សាំងនេះ។
លោកបណ្ឌិត កែរ រដ្ឋា បានថ្លែងប្រាប់អោយដឹងនៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ថា មន្ទីរសុខាភិបាលបានជូនដំណឹងដល់ប្រធានមន្ទីរពេទ្យខេត្ត ប្រធានការិយាល័យស្រុកប្រតិបត្តិទាំង៤ និងលោកប្រធានមន្ទីរពេទ្យបង្អែកទាំង៥ ដោយមានការអនុញ្ញាតពីក្រសួងសុខាភិបាល មន្ទីរពេទ្យខេត្តរៀបចំចាក់វ៉ាក់សាំងកូវីដ ដល់កម្លាំងនគរបាល និងមន្ត្រីសុខាភិបាលនៅដំណាក់កាលទី១ និងជួយផ្ដល់ដំណឹង ដល់មន្ត្រីសុខាភិបាល មន្ត្រីជាប់កិច្ចសន្យា និងអ្នកបើកបរទាំងអស់ ដែលកំពុងបម្រើការងារនៅតាមគ្រឹះស្ថានសុខាភិបាលរដ្ឋទាំងអស់ទូទាំងខេត្ត ឲ្យទៅចាក់វ៉ាក់សាំង ដោយស្ម័គ្រចិត្តព្រមទាំងយក អត្តសញ្ញាណប័ណ្ណ និងប័ណ្ណសម្គាល់ខ្លួនមន្ត្រីរាជការទៅជាមួយផង។
លោកបានបន្តថា ទីតាំងដែលត្រូវចាក់វ៉ាក់សាំងការពារជំងឺកូវីដមានចំនួន៦កន្លែង រួមមាន៖
*ទី១៖ មន្ទីរពេទ្យខេត្តស្វាយរៀង
*ទី២៖ មន្ទីរពេទ្យបង្អែកស្វាយជ្រំ
*ទី៣៖ មន្ទីរពេទ្យបង្អែកស្វាយទាប
*ទី៤៖ មន្ទីរពេទ្យបង្អែកសាមគ្គីរំដួល
*ទី៥៖ មន្ទីរពេទ្យបង្អែកជីភូ
*ទី៦៖ មន្ទីរពេទ្យបង្អែករមាសហែក។
លោកវេជ្ជបណ្ឌិតបានបញ្ចាក់ថា «ការចាក់វ៉ាក់សាំងនេះ អាចមានលទ្ធភាពចាក់ជូនមន្ត្រីនគរបាលចំនួន៥០នាក់ និងមន្ត្រីសុខាភិបាលចំនួន៥០នាក់យ៉ាងច្រើនបំផុត ក្នុងមួយកន្លែងក្នុងមួយថ្ងៃ ដូច្នេះដើម្បីកុំឲ្យមានការរង់ចាំយូរ និងខាតពេលវេលាធ្វើការងារ គឺបានបែងចែកវេនទៅចាក់វ៉ាក់សាំងការពារកូវីដ តាមទីតាំង៦កន្លែង ដែលស្ថិតនៅជិតបំផុតក្នុងមួយថ្ងៃ ៥០នាក់ ចាប់ពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ នៅរៀងរាល់ម៉ោងធ្វើការ និងរហូតដល់អស់អ្នកស្ម័គ្រចិត្តចាក់តែម្តង»៕ រក្សាសិទ្ធិដោយ៖វ៉ៃកូ