ភ្នំពេញ ៖ ក្រសួងយុត្តិធម៌លើកឡើងនៅព្រឹកថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២១ដោយបញ្ជាក់ថា សន្ធិសញ្ញាស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌរវាងកម្ពុជា និងកូរ៉េស្តីបានចូលជាធរមាននៅថ្ងៃនេះ។ នេះបើយោងតាមលិខិតលេខ ៩២៥ កបទ-សអ/ច្បក១ ចុះថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។
ក្រសួងយុត្តិធម៌សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា សន្ធិសញ្ញាស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌរវាងកម្ពុជា និងកូរ៉េ នឹងចូលជាធរមាន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២១ ។
សន្និសញ្ញានេះត្រូវបានព្រះករុណា មហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ឡាយព្រះហស្ថលេខានិងចុះហត្ថលេខា ដោយសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកាលពីចុងខែវិច្ឆិកាឆ្នាំ២០២០ និងឯកឧត្តមកើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។
មាត្រា ១ ចែងថា គូភាគីត្រូវជួយគ្នាទៅវិញទៅមកក្នុងវិស័យព្រហ្ឌទណ្ឌ ដោយអនុលោមតាមសន្ធិសញ្ញានេះ។ តាមសន្ធិសញ្ញានេះបានលើកឡើងថា វិស័យព្រហ្មទណ្ឌមានន័យថាការស៊ើបអង្កេត ការចោទប្រកាន់និងនីតិវិធីនានាពាក់ព័ន្ធនឹងបទល្មើស ដែលការផ្តន្ទាទោសត្រូវស្ថិតនៅក្រោមយុត្តាធិកា នៃអាជ្ញាអរមានសមត្ថកិច្ចនៃភាគីធ្វើសំណើរ នៅពេលមានសំណើរសុំជំនួយ។
ចំណែកមាត្រា២ បានលើកឡើងថាសន្ធិសញ្ញានេះ មិនរារាំងគូភាគី ក្នុងការផ្តល់ជំនួយឲ្យគ្នាទៅវិញទៅមក ដោយអនុលោមតាមសន្និសញ្ញាការរៀបចំផ្សេងទៀត ឬប្បញ្ញត្តិនានានៃច្បាប់របស់គូភាគីឡើយ៕ រក្សាសិទ្ធិដោយ៖CEN