ភ្នំពេញ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១៖ ក្នុងកិច្ចប្រឹងប្រែងដើម្បីធ្វើឲ្យកាន់តែងាយស្រួលសម្រាប់អ្នកបរិច្ចាគឈាម ក្រុមហ៊ុន Facebook បានដាក់ដំណើរការកម្មវិធីបរិច្ចាគឈាមក្នុងប្រទេសកម្ពុជាដោយសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាមរបស់ក្រសួងសុខាភិបាល។ រហូតមកដល់ពេលនេះ មជ្ឈមណ្ឌលផ្តល់ឈាមចំនួន២២ បានបើកដំណើរកានៅក្នុង Facebook ជាផ្នែកមួយនៃគំនិតផ្តួចផ្តើមរួមគ្នានេះ។
នៅទូទាំងពិភពលោក ជីវិតមនុស្សរាប់លាននាក់ពឹងផ្អែកលើលទ្ធភាពទទួលបានការផ្គត់ផ្គង់ឈាមប្រកបដោយសុវត្ថិភាព និងនិរន្តរភាព។ មិនថាជាការផ្តល់ឈាមជាប្រចាំ ឬ ការផ្តល់ឈាមសម្រាប់ការសង្គ្រោះបន្ទាន់នានាដូចជា គ្រោះថ្នាក់តាមដងផ្លូវ ការវះកាត់ស្មុគស្មាញ ឬភាពស្មុគស្មាញផ្នែកជំងឺផ្សេងៗក្តី លទ្ធភាពទទួលបានឈាមមានសារៈសំខាន់ខ្លាំងក្នុងការជួយសង្គ្រោះជីវិតមនុស្សជាពិសេសការផ្តល់ឈាមដោយស្ម័គ្រចិត្តនិងមិនគិតកម្រៃ។
ដោយសារពិចារណាលើបញ្ហាទាំងអស់នេះ កម្មវិធីបរិច្ចាគឈាមរបស់ក្រុមហ៊ុន Facebook ត្រូវបានបង្កើតឡើងដើម្បីណែនាំមហាជនទូទៅចាប់អារម្មណ៍លើកិច្ចបរិច្ចាគឈាមដោយស្ម័គ្រចិត្ដដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាមទូទាំងប្រទេស និងជួយកសាងសហគមន៍មួយដែលចេះជួយគ្នាទៅវិញទៅមក។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាលបានមានប្រសាសន៍ថា៖ «យើងសូមស្វាគមន៍គំនិតផ្តួចផ្តើមនេះ ហើយយើងកំពុងសម្លឹងឆ្ពោះ ទៅរកការពង្រឹងឌីជីថលនីយកម្មប្រព័ន្ធថែទាំសុខភាពរបស់យើង ដោយណែនាំប្រជាជនឲ្យស្គាល់សេវាកម្មជាតិផ្ដល់ឈាមដោយស្ម័គ្រចិត្តនិងមិនគិតកម្រៃ។ យើងលើកទឹកចិត្តប្រជាជពលរដ្ឋដែលចាប់អារម្មណ៍ចុះឈ្មោះដើម្បីបរិច្ចាគឈាមជួយសង្គ្រោះជីវិត។(ប្រសាសន៍ណែនាំរបស់ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលក្នុងពិធីដាក់ឲ្យប្រើប្រព័ន្ធឌីជីថលសុខភាពនៅមន្ទីរពេទ្យព្រះអង្គឌួង)
កម្មវិធីបរិច្ចាគឈាមរបស់ក្រុមហ៊ុន Facebook បានជួយបង្កើនការបរិច្ចាគឈាមដោយស្ម័គ្រចិត្តនៅទូទាំងពិភពលោក។ កម្មវិធីនេះផ្តល់ជម្រើសដល់មនុស្សដែលមានអាយុចាប់ពី ១៨ ទៅ ៥៥ឆ្នាំឱ្យប្រើប្រាស់កម្មវិធីលើ Facebook ដើម្បីចុះឈ្មោះទទួលបានការជូនដំណឹងពីមជ្ឈមណ្ឌលផ្តល់ឈាមដែលនៅក្បែរពួកគេ និងផ្តល់ឱ្យពួកគេនូវឱកាសដើម្បីធ្វើដំណើរ ទៅបរិច្ចាគឈាម។
ក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Facebook បានធ្វើការងារជាមួយក្រសួងសុខាភិបាល និងស្ថាប័នក្នុងស្រុកផ្សេងៗទៀត ដើម្បីធានាថា ប្រជាពលរដ្ឋមានលទ្ធភាពទទួលបានព័ត៌មានផ្នែកសុខាភិបាលដែលអាចទុកចិត្តបានតាមប្រព័ន្ធអនឡាញ។ កត្តានេះក៏នឹងជួយ ទប់ស្កាត់ព័ត៌មានមិនពិតផងដែរដូចជាព័ត៌មានស្តីពីការព្យាបាលថែទាំជំងឺក្លែងបន្លំជាដើម។ល។
លោក ហេង ភក្តី ប្រធានផ្នែកគោលនយោបាយសាធារណៈប្រចាំប្រទេសកម្ពុជារបស់ក្រុមហ៊ុន Facebook បានថ្លែងថា៖ «ក្រុមហ៊ុន Facebook សង្ឃឹមថាក្រុមហ៊ុននឹងអាចជួយបង្កើតសហគមន៍មួយដែលជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាក។ ដោយសារការរាតត្បាតជំងឺកូវីដ ១៩ នៅទូទាំងពិភពលោក មនុស្សកាន់តែច្រើនឡើងកំពុងប្រើប្រាស់ផ្លាតហ្វមឌីជីថលនានាដើម្បីបង្កើតការយល់ដឹងអំពីសុខភាព និងបង្កើតប្រព័ន្ធគាំទ្រនានា។ ក្រុមហ៊ុនមានក្តីរីករាយក្នុងការធ្វើការងារ ជាមួយរដ្ឋាភិបាល និងដៃគូផ្សេងៗដើម្បីធ្វើឱ្យកាន់តែងាយស្រួលក្នុងការបរិច្ចាគឈាម និងធានាថាមនុស្សកាន់តែច្រើនមានលទ្ធភាពទទួលបានការផ្គត់ផ្គង់ឈាមប្រកបដោយសុវត្ថិភាព និងនិរន្តរភាព”។
អ្នកប្រើប្រាស់ Facebook ជាង ៨៥លាននាក់នៅទូទាំងពិភពលោក បានចុះឈ្មោះតាមរយៈកម្មវិធីបរិច្ចាគឈាមនេះ ដើម្បីទទួលបានការជូនដំណឹងពីមជ្ឈមណ្ឌលជាតិផ្តល់ឈាមដែលនៅជិតពួកគេ។ កម្មវិធីនេះបច្ចុប្បន្នមាននៅក្នុងប្រទេសចំនួន ៣០ រួមទាំងកម្ពុជាផងដែរ។
ដើម្បីស្វែងយល់បន្ថែម សូមចូលទៅកាន់ www.facebook.com/donateblood៕