ភ្នំពេញ ៖ភាគហ៊ុនកំពង់ផែស្វយ័តក្រុងភ្នំពេញ (PPAP) នាថ្ងៃពុធម្សិលមិញនេះ បានបំបែកកំណត់ត្រាថ្លៃ ដោយបានបិទនៅថ្លៃខ្ពស់បំផុតលំដាប់ទីពីរ គឺ ១៣.២០០រៀល ជាមួយនឹងកំណើន ១.១៦០រៀល ក្នុងមួយហ៊ុន រាប់ចាប់ពីថ្ងៃជួញដូរដំបូងរបស់ភាគហ៊ុនមួយនេះ។
គួរបញ្ជាក់ផងដែរថា ភាគហ៊ុននេះធ្លាប់បានឡើងដល់ថ្លៃខ្ពស់បំផុត គឺ១៣.៣៨០រៀល នៅឆ្នាំ២០១៩។ ភាគហ៊ុនបីផ្សេងទៀត រួមមាន៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA) តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ
( PPSP) និងផេសថិក (PEPC) ក៏បានឡើងដល់ ៦.០៦០រៀល ១.៥៩០រៀល និង ២.៩៨០រៀលរៀងគ្នាផងដែរ។
ក្រៅពីភាគហ៊ុនកំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) ដែលមានថ្លៃធ្លាក់ចុះមកត្រឹម១៣.៣៦០រៀល ភាគហ៊ុនពីរដែលនៅសល់ បានរក្សាថ្លៃថេរដដែល។ ទោះបីជាមានថ្លៃស្ថិតនៅថេរក៏ដោយ ប៉ុន្តែភាគហ៊ុនPPSP បាននាំមុខគេជាមួយនឹងទំហំជួញដូរភាគហ៊ុនដែលមានចំណែកប្រមាណ៥៦ភាគរយនៃទំហំជួញដូរភាគហ៊ុនសរុប។
កំណើនថ្លៃភាគហ៊ុនភាគច្រើននៅលើទីផ្សារ បានបណ្តាលឱ្យសន្ទស្សន៍ផ.ម.ក.កើនឡើងចំនួន០,៤១ភាគរយ រហូតដល់៦៤១,៨៨ពិន្ទុ ក្នុងថ្ងៃនេះ ជាមួយនឹងទំហំជួញដូរភាគហ៊ុនសរុបចំនួន ១៣៩,៨លានរៀល៕
រក្សាសិទ្ធិដោយ៖CEN