ភ្នំពេញៈ ក្រសួងមហាផ្ទៃបានចេញប្រកាសបណ្តេញនាយកសារព័ត៌មាន Angkor Today (អង្គរ ធូដេ) ចេញពីប្រទេសកម្ពុជាទៅប្រទេសដើមវិញ និងហាមឃាត់ចូលកម្ពុជាជាថ្មី។ ប្រកាសបណ្តេញចេញនេះ បានធ្វើឡើងនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ដែលចុះហត្ថលេខាដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
លោក SHEN KAIDONG ភេទប្រុស កើតថ្ងៃទី២២-១២-១៩៦៩ ជនជាតិចិន មុខរបរនិពន្ធនាយក កាសែតអង្គរធូដេ ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ ពាក់ព័ន្ធនឹងករណីផ្សព្វផ្សាយពត៌មាននៅលើគណនី វីឆាត ឈ្មោះអង្គរធូដេ ដែលមានខ្លឹមសារថា “ការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ១៩ ត្រូវចំណាយថវិការចំនួន១២០ដុល្លារ”។
នាយឧត្តមសេនីយ៍ ឆាយ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ បានមានប្រសាសន៍ថា ការចាប់ខ្លួននាយកសារព័ត៌មាន Angkor Today បានធ្វើឡើងនៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅក្នុងខេត្តសៀមរាប។ ដោយលោកបានបញ្ជាក់ថា “រឿងធំបំផុតគឺសារព័ត៌មាន Angkor Today បានផ្សាយចេញទៅក្រៅប្រទេសតាមប្រព័ន្ធព័ត៍មានជាភាសាចិនតាមអនឡាញ ដោយចែកចាយតៗគ្នាថា នៅកម្ពុជាយើងជំនួយវ៉ាក់សាំងរបស់ចិនត្រូវបានមានលក់”។
នាយឧត្តមសេនីយ៍ ឆាយ ស៊ីណារិទ្ធ បានបញ្ជាក់ថា “បើយើងពិនិត្យមើលរឿងនេះជាបញ្ហាមួយដែលជាអំពើមួយបង្ខូចកិត្តិយសដល់កម្ពុជាខ្លាំងណាស់ ធ្វើឲ្យប៉ះពាល់ដល់នយោបាយរបស់រាជរដ្ឋាភិបាលផង ធ្វើឲ្យម្ចាស់ជំនួយមិនសប្បាយចិត្ត ហើយប្រជាពលរដ្ឋក៏មិនសប្បាយចិត្តដែរ។ នេះជាអំពើញុះញង់មួយធ្ងន់ធ្ងរ”។
នាយឧត្តមសេនីយ៍ ឆាយ ស៊ីណារិទ្ធ បានបន្តថា សមត្ថកិច្ចអនុវត្តច្បាប់ចំពោះនាយកសារព័ត៌មាន Angkor Today នៅខេត្តសៀមរាប ពីព្រោះបានប្រព្រឹត្តបទល្មើសនៅទីនោះ៕ រក្សាសិទ្ធិដោយៈ ចេស្តារ