Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកជំនាញ ៖ ទីតាំង​សក្តានុពល​ខេត្ត​ចំនួន​៤ កំពុង​ទាក់ទាញ​សម្រាប់​ការវិនិយោគ​ផ្ទះ​សម្រាក​លម្ហែកាយ ដែល អំណោយផល​ពី​អាកាសធាតុ និង​សម្រស់​ធម្មជាតិ​

​ភ្នំពេញ​៖ លោក ច្រឹ​ក សុខ​នី​ម អ្នកជំនាញ​អចលនទ្រព្យ និង​ជា​ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នា​ក់ ងារ​អចលនវត្ថុ​កម្ពុជា បាន​ប្រាប់​បណ្តាញ​ព័ត៌មាន​ថា ខេត្ត​ព្រះសីហនុ ខេត្តកំពត ខេត្តមណ្ឌលគិរី និង ខេត្តពោធិ៍សាត់ នឹង​ក្លាយជា​ទីតាំង​ដ៏​ពេញនិយម​ជាងគេ សម្រាប់​ការវិនិយោគ​ផ្ទះ​សម្រាក​លម្ហែកាយ ដោយសារ​ទីតាំង​ទាំងនេះ មាន​អំណោយផល​អាកាសធាតុ និង​សម្រស់​ធម្មជាតិ​ស្រស់ស្អាត​។​

​អ្នកជំនាញ​វិស័យ​អចលនទ្រព្យ​រូបនេះ បាន​លើកឡើងថា ខេត្តកំពត ជា​ទិសដៅ​ឈានមុខ​គេ ក្នុងចំណោម​ទីតាំង​សក្តានុពល​ទាំង​បួន​ខាងលើ សម្រាប់​ការទាក់ទាញ​វិនិយោគ​ផ្ទះ​សម្រាក​លម្ហែកាយ ឬ​ផ្ទះ​ទី​ពីរ កំពុង​ពេញនិយម ក្នុងចំណោម​អ្នកមាន​ជីវភាព​ធូ​ធារ និង​ជនជាតិ​បរទេស ដែល កំពុង​ប្រកបការងារ និង​រស់នៅក្នុង​ប្រទេស​កម្ពុជា​។​

​លោក​ថ្លែងថា​៖ «​កំពត​ជា​ខេត្ត ដែលមាន​សក្តានុពល​ពិសេស​ជាងគេ ព្រោះ​នៅទីនេះ​មាន​ទាំង​មាត់សមុទ្រ សម្រស់​ធម្មជាតិ​ព្រៃភ្នំ រួមទាំង​តំបន់​ទេសចរណ៍​ជាច្រើន​ផ្សេងទៀត​។ ម្យ៉ាងវិញទៀត ការធ្វើដំណើរ​វិលត្រឡប់​រវាង​រាជធានី​ភ្នំពេញ និង​ខេត្តកំពត កាន់តែ​ឆាប់រហ័ស​ជាង​មុន ដោយសារ​ផ្លូវ​ត​ភ្ជាប់​ទៅ​ខេត្ត​នេះ ត្រូវបាន​ស្ថាបនា​កាន់តែ​ប្រសើរឡើង ស្របពេល​ដែល​ផែ​ទេសចរណ៍​អន្តរជាតិ​កំពត​ត្រៀម បើក​ដំណើរការ​នាពេលខាងមុខ​នេះ​ផងដែរ​»​។​

​លោក ច្រឹ​ក សុខ​នី​ម បានបញ្ជាក់​បន្ថែមថា​៖ «​រយៈពេល​ប្រាំ​ឆ្នាំ​ទៀត ខេត្តកំពត នឹងមាន​ការរីកចម្រើន​ខ្លាំង​លើ​វិស័យ​អចលនទ្រព្យ ជាពិសេស​ការវិនិយោគ​ផ្ទះ​លម្ហែកាយ ព្រោះថា នៅទីនេះ​នៅមាន​ទីតាំង​ដី​ទូលំទូលាយ​ដែល​អាច​សាង​សង់ផ្ទះ​លម្ហែ​បាន​ច្រើន​។​»

​គួរ​បញ្ជាក់ថា បើតាម​អ្នកជំនាញ​អចលនទ្រព្យ តំបន់​ខាងលើ​ទាំង​បួន​នេះ មាន​សក្តានុពល​ពិសេស​ផ្សេងៗ​គ្នា​។ ខេត្ត​ព្រះសីហនុ និង​ខេត្តកំពត មាន​ទីតាំង​ស្ថិតនៅ​ជាប់មាត់​សមុទ្រ ដែល​អាច​ទាក់ទាញ ភ្ញៀវទេសចរ​ទៅ​កម្សាន្ត ដោយ​ងូតទឹក​សមុទ្រ និង​ហូប​គ្រឿង​សមុទ្រ​ជាដើម ចំណែកឯ​ខេត្ត​មណ្ឌល គិរី និង​ស្រុក​វាលវែង នៃ​ខេត្តពោធិ៍សាត់​វិញ ក៏​ជា​តំបន់​ដែលមាន អំណោយផល​សម្រស់​ធម្ម​ជាតិ​ដ៏ ស្រស់ស្អាត ក្នុងការ​ទាក់ទាញ​អ្នក​ទេសចរណ៍​ទៅ​កម្សាន្ត​លេង និង​វិនិយោគ​ផងដែរ​៕ រក្សា​សិទ្ធិ​ដោយ​៖CEN​

 

×