ខេត្តព្រៃវែង៖តាមសេចក្តីរាយាការណ៍ពីខេត្តព្រៃវែងបានអះអាងថា រហូតមកដល់ម៉ោង១២ថ្ងៃត្រង់ ថ្ងៃ២៥កុម្ភៈឆ្នាំ២០២១នេះ បានបញ្ជាក់ថា មនុស្ស៧៧នាក់ នៅស្រុកពារាំង ដែលពាក់ព័ន្ធផ្ទាល់និងប្រយោល ជាមួយប្តីប្រពន្ធ១គូ ដែលវិជ្ជមានកូវីដ១៩ ត្រូវបានមន្ត្រីជំនាញនាំយកទៅធ្វើចត្តាឡីស័ក នៅព្រឹកថ្ងៃទី២៥ខែកុម្ភៈនេះ។
មន្ត្រីស្រុកពារាំងបញ្ជាក់ថា អ្នកពាក់ព័ន្ធទាំងអស់បានរកឃើញចំនួន៧៧នាក់ហើយ ក្នុងនោះ ៥៣នាក់បានបញ្ជូនទៅធ្វើចត្តាឡីស័កនៅខេត្ត និង២៤នាក់ទៀតជាសិស្សសាលា ត្រូវដាក់ធ្វើចត្តាឡីស័កនៅក្នុងសាលា ក្នុងស្រុកពារាំង។
យោងតាមលោក ហ៊ី ធួក អភិបាលស្រុកពារាំងប្រាប់សារព័ត៌មានថា មនុស្សជិត៥០នាក់ ដែលពាក់ព័ន្ធដោយប្រយោល និងផ្ទាល់ជាមួយប្ដីប្រពន្ធ១គូ ដែលវិជ្ជមានកូវីដ១៩ ហើយបានមកលេងស្រុកកំណើត នៅភូមិជំនិច ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង ត្រូវបានសមត្ថកិច្ច និងមន្ត្រីជំនាញស្រុកពារាំង ដឹកបញ្ជូនយកទៅធ្វើចត្តាឡីស័កទាំងអស់ នៅព្រឹកថ្ងៃទី២៥កុម្ភៈ២០២១នេះ។
ចំណែកឯកលោកវិជ្ជបណ្ឌិត ហួត កល្យាណ មន្ត្រីសុខាភិបាលស្រុកពារាំង បានថ្លែងប្រាប់សារព័ត៌មាននៅព្រឹកថ្ងៃទី២៥កុម្ភះនេះថា ពិតជាមានប្ដីប្រពន្ធ២នាក់ ដែលនៅភ្នំពេញ មានផ្ទុកកូវីដ១៩ ហើយបានមកលេងស្រុកកំណើត នៅភូមិជំនិច ពិតប្រាដកមែន ដោយស្ត្រីជាប្រពន្ធឈ្មោះ គិន កុលាប អាយុ៣៦ឆ្នាំ និងប្តីឈ្មោះ ស៊ី ថាត់ អាយុ៣៨ឆ្នាំ មុខរបររត់ផាស់អេប មានទីលំនៅក្នុងរាជធានីភ្នំពេញ។
លោកបានបន្តថា តាមការសាកសួរព័ត៌មាន មុនដំបូងប្ដីប្រពន្ធ១គូរនេះ មានអាការៈមិនស្រួលខ្លួនក្ដៅក្អក ដោយសង្ស័យ ពួកគេក៍បានហៅគ្រូពេទ្យនៅភ្នំពេញ ដើម្បីមកយកសំណាកខ្លួនទៅពិនិត្យ រួចទុកលេខទូរស័ព្ទនៅគ្រូពេទ្យ ។
លោកបានលើកឡើងថាបន្ទាប់មកនៅថ្ងៃទី២៤កុម្ភៈឆ្នាំ២០២១ពួកគេបាននាំគ្នាមកលេងស្រុកកំណើត នៅភូមិជំនិច ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង ដោយពេលមកដល់ ក៏មានអ្នកជិតខាងបងប្អូនមកលេង និងសួរសុខទុក្ខផងដែរ លុះក្រោយមកទៀត ទើបក្រុមគ្រូពេទ្យនៅភ្នំពេញ ទូរស័ព្ទមកប្រាប់ពួកគេថា ពួកគេមានលទ្ធផលវិជ្ជមានកូវីដ១៩ ទើបពួកគេចេញពីផ្ទះ វិលត្រឡប់ទៅព្យាបាលនៅភ្នំពេញ នៅល្ងាចថ្ងៃទី២៤ តែម្ដងទៅ។
លោកវិជ្ជបណ្ឌិតបានបញ្ជាក់ថា ព្រោះតែបែបនេះ ទើបអាជ្ញាធរដើររកអ្នកពាក់ព័ន្ធជាមួយប្តីប្រពន្ធនេះ ដើម្បីដឹកយកទៅធ្វើចត្តាឡីស័កទាំងអស់ ដោយក្នុងនោះ១៣នាក់ ដែលពាក់ពន្ធ័ផ្ទាល់ ត្រូវបានដឹកយកទៅខេត្តព្រៃវែង និង៣៦នាក់ទៀតដែលពាក់ពន្ធ័ដោយប្រយោល ដាក់ធ្វើចត្តាឡីស័កនៅស្រុកពារាំង៕ រក្សាសិទ្ធិដោយ៖CEN