ការចម្រើនលូតលាស់ឬក៏វឌ្ឍភាពសេដ្ឋកិច្ច-សង្គមកម្ពុជា នារយ:ពេលពីរទសវត្សរ៍ចុងក្រោយនេះ គឺពិតជាបានមកពីការខិតខំប្រឹងប្រែងរបស់អ្នកដឹកនាំប្រទេសអស់ពីកម្លាំងកាយបញ្ញានៃ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ប្រធាន CPP និងជានាយរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចេញមកពីការបោះឆ្នោត តាមអាណត្តិ ៥ឆ្នាំម្តងៗ តាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស។
ទោះបីជាមានការចម្រើនលូតលាស់ តែយើងក៏ត្រូវតែទទួលស្គាល់ដែរថា អវិជ្ជមាន អសកម្ម ស្ពឹកស្រពន់ ឬ ប្រជាជនកម្ពុជាហៅយ៉ាងចំៗថា ពុករលួយ មន្ត្រីពុករលួយ អំពើពុករលួយ អាងខ្នង អាងខ្សែ បក្ខពួកនិយម ខ្សែគេ ខ្សែយើង ។ល។ គឺពិតជាការបង្កើតឡើងនូវភាពថ្នាំងថ្នាក់របស់ពលរដ្ឋមកលើការដឹកនាំរបស់បក្សកាន់អំណាច CPP ដោយចៀសពុំបានឡើយ រីឯអំពើពុករលួយនោះទៀតសោត ក៏បានធ្វើឲ្យមហាជន ប្រជាជន រអើម ព្រមទាំងក្លាយទៅជាលេស សម្រាប់អគតិជន និងមជ្ឍដ្ឋានជំទាស់នឹងការដឹកនាំគ្រប់គ្រងប្រទេស របស់ រាជរដ្ឋាភិបាលកម្ពុជា យកទៅ បំប៉ោងបន្ថែម វាយប្រហារយ៉ាងចាស់ដៃមកលើអ្នកខិតខំធ្វើ ដែលរមែងតែទទួលនូវកំហុសជាដរាប។
ប្រសិនបើអ្នកនោះ អង្គុយចាំតែមើលនៅក្នុងស្ថានភាពរិះគន់ដើម្បីកំទេចប្រហារ មិនមែនរិះគន់ដើម្បីចូលរួមកែលម្អស្ថាបនាទេនោះ ពួកគេ ឬក្រុមជំទាស់ និង អគតិជននិយមទាំងនោះ នឹងនៅតែបន្តវាយប្រហាររឿងសេដ្ឋកិច្ចសង្គមកម្ពុជា ដោយលើកយកតែជ្រុងអសកម្មខ្លះនៃសង្គមជាតិ តាមរបៀបមើលតែដើមឈើមួយដើមៗ ដោយពុំមើលព្រៃទាំងមូលនោះឡើយ។
តាមលក្ខណៈវិទ្យាសាស្ត្រសេដ្ឋកិច្ច និងការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងស្ថានភាពមុនវិបត្តិកូវីដ-១៩ នាដើមឆ្នាំ២០១៩ សេដ្ឋកិច្ចកម្ពុជាមានកំណើនខ្ពស់ដល់ទៅ ៧,១% ប៉ុន្តែនៅឆ្នាំ២០២០ ការរីករាលដាលនៃជំងឺកូវីដ-១៩ បាននាំឱ្យពិភពលោកជួបវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ ហើយសេដ្ឋកិច្ចកម្ពុជាក៏ធ្លាក់ចុះដែរ បន្ទាប់ពីសម្រេចកំណើនខ្ពស់ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ។
ក្នុងស្ថានភាពដែលសេដ្ឋកិច្ចធ្លាក់ចុះបែបនេះ យើងកាន់តែត្រូវប្រុងប្រយ័ត្ននឹងបាតុភាព មិនស្អាតស្អំ មិនសុចរិតភាព របស់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កាតព្វកិច្ចបង់ពន្ធដារ របស់ ក្រុមហ៊ុនឯកជនក្នុងស្រុក និងអន្តរជាតិ ព្រមទាំងកាន់តែត្រូវប្រុងប្រយ័ត្នបន្ថែមទៀតនូវការកែបន្លំ យកទ្រព្យសម្បត្តិរដ្ឋទៅធ្វើជាទ្រព្យសម្បត្តិឯកជន រឹតតែធ្វើឱ្យក្រុមមនុស្សដែលបង្កហានិភ័យ វាយប្រហារមកលើថ្នាក់ដឹកនាំរាជរដ្ឋាភិបាលបន្ថែមទៀត បន្ទច់បង្អាក់ដល់ដំណើការ អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម។
យើងសូមរំលឹកឡើងវិញនូវប្រសាសន៍របស់ សម្តេចក្រឡាហោម ស ខេង អនុប្រធាន គណបក្សប្រជាជនកម្ពុជា ឧបនាយករដ្ឋមន្ត្រី មន្ត្រីក្រសួងមហាផ្ទៃ ដែលលោកធ្លាប់បានលើកឡើងនៅឯពិធីបិទសន្និបាទប្រចាំឆ្នាំ២០១៩ និងទិសដៅឆ្នាំ២០២០ របស់ខេត្តព្រះស៊ីហនុថា “ ទ្រព្យសម្បត្តិរដ្ឋ ត្រូវទុកបម្រើប្រយោជន៍រដ្ឋ និងប្រជាជន ” ប្រសាសន៍នេះបានឆ្លុះបញ្ចាំងអំពីបរិបទសង្គម ដែលថាកន្លងមក ពិតជាមានការគប់គិតគ្នា ជាប្រព័ន្ធ ជាក្រុម ក្នុងការបន្លំយកទ្រព្យ សម្បត្តិរដ្ឋ ជាពិសេសដីធ្លី អចលទ្រព្យ ជាសម្បត្តិផ្ទាល់ខ្លួន ទាំងនោះហើយដែលជាផ្នែកមួយនៃ អំពើពុករលួយរបស់បុគ្គលដែលផ្ទុយទាំងស្រុងពីកម្មវិធីនយោបាយរស់ CPP ក្នុងការសន្យាជាមួយនឹងម្ចាស់ឆ្នោត។
ការរឹតបន្តឹងដោយប្រើគ្រប់វិធីសាស្ត្រដើម្បីឲ្យមនុស្សរាងចាលក្នុងការប្រព្រឹត្តអំពើពុករលួយ គឺត្រូវតែធ្វើឡើងតាមយន្តការច្បាប់ជាធរមាន ដែលបានប្រគល់ដាវអជ្ញាសឹកទៅកាន់ក្រសួងអធិការកិច្ច ដែលមាន លោកជំទាវ ម៉ែន សំអន ស្ត្រីទី១នៃ CPP និងជាឧបនាយករដ្ឋមន្ត្រី ស្ត្រីតែមួយរូបគត់ក្នុងរាជរដ្ឋាភិបាលកម្ពុជាព្រមទាំងជារដ្ឋមន្ត្រីក្រសួងនេះ, ឯកឧត្តម តុប សំ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ និងស្ថាប័នអនុវត្តន៍ច្បាប់ប្រឆាំងអំពើពុករលួយ ដែលមាន ឯកឧត្តមទេសរដ្ឋមន្ត្រី ឳម យ៉ិនទៀង ជាប្រធានអង្គភាព។
គណៈបក្សប្រជាជនកម្ពុជាដែលចាប់បដិសន្ធិឡើង កាលពីប្រមាណជិត៧០ឆ្នាំមុន ពីសំណាក់វរជនស្នេហាជាតិ ស្អាតស្អំនិយម រស់នៅដឹងសុខ ដឹងទុក្ខ ជាមួយប្រជាជននាគ្រប់ សម័យកាល ជាពិសេស សម្តេចតេជោហ៊ុន សែន ប្រមុខដឹកនាំ CPP បច្ចុប្បន្ន ដែលបានប្រសូតចេញពីចលនាស្នេហាជាតិ សង្គ្រោះជាតិ ចេញពីរបបប្រល័យពូជសាស៍ ហើយបានកសាងជាតិឡើងវិញ តាមមាគ៌ា តម្កើងសុចរិតភាព តម្កើងភាពស្អាតស្អំ តម្កើងមន្ត្រីបក្សស្អាតស្អំ ដាក់ទណ្ឌកម្មមន្ត្រីបក្ស មិនស្អាតស្អំ មិនសុចរិត បាននិងកំពុងកំណត់ចេញនូវទិសដៅការងាររបស់ខ្លួននាឆ្នាំ២០២១ ក្នុងរឿងកំណែទម្រង់យុត្តិធម៌ ដោយឈរលើមូលដ្ឋានប្រកាន់ខ្ជាប់នូវភាពម៉ឺងម៉ាត់ និងសុចរិតភាព តាមឋានានុក្រមការងារ “ ធ្វើរឿងត្រឹមត្រូវ យុត្តិធម៌ និងមិនពុករលួយ ” ។
ការលើកតម្កើងភាពស្អាតស្អំ សុចរិតភាព គប្បីធ្វើឡើងដោយកម្លាំងសង្គមសរុបគ្មានការលើកលែង អត់ឳន អភ័យឯកសិទ្ធិ រួចផុតពិការស៊ើបអង្កេតប្រឆាំងអំពើពុករលួយចំពោះជនណាក៏ដោយចុះ ប៉ុន្តែការលើកតម្កើងនេះ ត្រូវធ្វើឡើងតាមរបៀបភ្លៀងរលឹម មិនមែនតាមរបៀបភ្លើងចំបើង ឬក៏៏ធ្វើឡើងតែតាមរដូវកាល ឬឱ្យតែការឆ្នោតខិតជិតមកដល់ បានធ្វើនោះទេ។
យើងទាំងអស់គ្នាពោល គឺកម្លាំងសរុបនៃសង្គមជាតិ ត្រូវតែប្រែក្លាយការស្អប់ខ្ពើមអំពើពុករលួយតាមបែបទ្រឹស្តីនិយម និយាយឲ្យពីរោះស្តាប់ យកចិត្តថ្លើមបែបប្រជាភិថុត ទៅជាការរួមកម្លាំងសាមគ្គីភាព ឯកភាពជាតិជាធ្លុងមួយ អនុវត្តនិន្នាការស្នូលទាំង៣នៃការប្រឆាំងនឹងអំពើពុករលួយនោះ គឺមួយការអប់រំ ពីរគឺការបង្ការ និងបី គឺការទប់ស្កាត់, ដូចពាក្យស្លោកអប់រំ ថា ” បង្ការ និងទប់ស្កាត់អំពើពុករលួយ ” គប្បីយកពាក្យស្លោកនេះបិទនៅតាមទីសាធារណៈ ស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជននានា ដូចជាពាក្យស្លោក ” អរគុណសន្តិភាព ” អ៊ីចឹងដែរ។ មន្ត្រីធំត្រូវធ្វើគំរូស្អាតស្អំជូនមន្ត្រីមធ្យម ហើយបន្តបន្ទាប់មកទៀត គឺបុគ្គលសាធារណៈត្រូវធ្វើគំរូស្អាតស្អំដល់ពលរដ្ឋទូទៅ ដែលមិនមែនជាបុគ្គលសាធារណៈ។
យើងសូមថ្លែងនូវការកោតសរសើរ ជូនចំពោះអង្គភាពប្រឆាំងអំពើពុករលួយដែល មានសកម្មភាពរស់រវើកក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនាឆ្នាំ២០២០កន្លងមក ដោយបានវះកាត់ស្រាយនូវសកម្មភាពអសកម្មនានា ជាអាទិ៍ ករណីរំលោភបំពានសិទ្ធិអំណាចធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រជាជន ត្រូវបានជំរុញអនុវត្តន៍យ៉ាងម៉ឺងម៉ាត់ ដោយមិនមានការរើសអើង និងមិនមានការលើកលែង ក្នុងនោះមានមន្ត្រីរាជការមួយចំនួនទទួលនូវការព្រមាន ដកហូតមុខតំណែង ឬ បញ្ជូនទៅតុលាកា ដូចជា ករណីនៅ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ស្រុកកោះរ៉ុង ស្រុកកោះញែក និងផ្នែកផ្សេងៗទៀតជាច្រើន, រីឯការប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់មន្ត្រីដែលជាប់កាតព្វកិច្ចត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល ក៏ត្រូវបានរំលឹក និងអនុវត្តន៍យ៉ាងទៀងទាត់ជាប់ជាប្រចាំផងដែរ។
ការដាក់ទណ្ឌកម្មលើមន្ត្រី ឬ បុគ្គលពុករលួយតាមគ្រប់បែបបទ និងគ្រប់វិធីសាស្ត្រ ដើម្បីឲ្យគេរាងចាល កែប្រែខ្លួនមកជាមន្ត្រីស្អាតស្អំ សុចរិត មានកេរ្តិ៍ឈ្មោះល្អវិញនោះ ជារឿងមួយដែលត្រូវតែធ្វើហើយ, ប៉ុន្តែចំពោះមន្ត្រីល្អ សុចរិត វិញ យើងគួរតែស្វះស្វែងរកវិធីសាស្ត្រនានា ក្នុងការលើកតម្កើងកេរ្តិ៍ឈ្មោះ មន្ត្រីស្អាតស្អំសុចរិត ដែលខិតខំបម្រើប្រយោជន៍ជាតិ សាសនា ព្រះមហាក្សត្រ តាមរយៈការជូនរង្វាន់លើកសរសើរ ជាប្រាក់កាស សម្ភារៈ ដំណើរសម្រាកកម្សាន្ត តម្លើងយសស័ក្កិ ផ្សព្វផ្សាយកេរ្តិ៍ឈ្មោះដ៏ល្អរបស់ពួកគាត់តាមរយៈប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ តាមតែ អាចធ្វើទៅបាន។
អ្នកសារពត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ត្រូវយកចិត្តទុកដាក់ផ្សព្វផ្សាយការកោតសរសើរ មន្ត្រីស្អាតស្អំ ទន្ទឹមគ្នានឹងធ្វើជាកញ្ចក់ដ៏ល្អសម្រាប់ឲ្យសង្គម ឆ្លុះបង្ហាញក្នុងដំណើរការវែកមុខ បកអាក្រាតជនពុករលួយតាមក្រមសីលធម៌ វិជ្ជាជីវៈសារពត៌មាន ដ៏ថ្លៃថ្នូរនេះផង ពោលគឺពុំមែនជាការវាយប្រហារដាក់មួយលេខជាថ្នូរនឹងការរកលាភសក្ការៈផ្ទាល់ខ្លួន ឬផ្ទាល់ក្រុមខ្លួននោះទេ។
តាមបទពិសោធន៍ជាក់ស្តែង នៃការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ គឺមានតែប្រព័ន្ធផ្សព្វផ្សាយនៃសុចរិតស្អាតស្អំនោះទេ ដែលជនពុករលួយញញើតខ្លាចរអា ប៉ុន្តែសូមកុំភ្លេចថា ផ្លូវ នៃការប្រយុទ្ធប្រឆាំងអំពើពុករលួយនៅវែងឆ្ងាយប្រកបដោយឧបស័គ្គ ដោយត្រូវតែធ្វើតាមរបៀប បំផុសឲ្យចលនាមហាជនចូលរួមដោយសុទ្ធចិត្តឲ្យបានគ្រប់ៗគ្នា ស្រុះស្រួលមូលមតិគ្នា ដោយឥតមើលបំណាំតាមរបៀបប្រើពាក្យពេចន៍ ដៀលត្មះ ឳនថយ ឧត្បាតបំផ្លាញសង្គមជាតិថា “ ទូលផែនដីម្នាក់ ឯងមិនរួចទេ “ នោះឡើយ។
មានតែការបន្តប្រយុទ្ធប្រឆាំងអំពើពុករលួយ បន្តពង្រឹង និងពង្រីកវិសាលភាពនៃការផ្សព្វផ្សាយអប់រំ និងការអនុវត្តន៍ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ដើម្បីធ្វើឲ្យសង្គមជាតិមាន ភាពស្អាតស្អំ និងសុចរិតភាព យើងទាំងអស់គ្នា ត្រូវរកគ្រប់វិធីសាស្ត្រដើម្បីដោះបំណុលជាតិ តាមបែបមិនព្រមដូរ អធិបតេយ្យភាពជាតិ ទៅនឹងគំនាបបរទេសនោះឡើយ, បែបនេះ នឹងបង្កើនជំនឿទុកចិត្តរបស់ប្រជាជនមកលើបក្សកាន់អំណាចដែលកំពុងដឹកនាំរាជរដ្ឋាភិបាលផង និងកិត្យានុភាពរបស់បក្សកាន់អំណាចលើផ្ទៃរាបជាតិ និងផ្ទៃរាបអន្តរជាតិផង៕ រក្សាសិទ្ធិដោយ ៖ មជ្ឈមណ្ឌលព័ត៌មាន CEN