ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានស្វាគមន៍ចំពោះការចូលរួមរបស់អង្គការខុមហ្វ្រែល (COMFREL) ដែលបានចេញនូវរបាយការណ៍ស្តីពី “សវនកម្មបញ្ជីបោះឆ្នោត ឆ្នាំ២០២០” ហើយបានរកឃើញថា “ បញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២០ មានគុណភាពអាចទទួលយកបាន”។ លើសពីនេះ COMFREL បានរកឃើញថា ៩៨.៤៥% នៃអ្នកបោះឆ្នោតពិតជាមានវត្តមាននៅទីតាំងដូចគ្នានឹងទីតាំងក្នុងបញ្ជីបោះឆ្នោត គឺជាសូចនាករដែលវាស់ឱ្យឃើញអំពីគុណភាពនៃបញ្ជីបោះឆ្នោតរបស់ គ.ជ.ប ។
គ.ជ.ប បានអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការស្រាវជ្រាវរបស់ COMFREL និងចាត់ទុកលទ្ធផលនេះ គឺជាធាតុចូលសំខាន់មួយរួមចំណែកក្នុងការកែលម្អបញ្ជីបោះឆ្នោតរបស់ គ.ជ.ប ។
ម្យ៉ាងទៀតករណីដែល COMFREL ស្នើសុំ គ.ជ.ប ឱ្យជជែកជាមួយស្ថាប័នរដ្ឋសភា ដើម្បីធ្វើវិសោធនកម្មច្បាប់បោះឆ្នោត គ.ជ.ប ក៏ធ្លាប់បានបំភ្លឺរួចមកហើយដែរថា កិច្ចការទាំងនេះពុំមែនជាសមត្ថកិច្ចរបស់ គ.ជ.ប ទេ ព្រោះ គ.ជ.ប គឺជាស្ថាប័នអនុវត្តច្បាប់ និងបច្ចេកទេសសុទ្ធសាធ ។ យ៉ាងណាក៏ដោយ រាល់សំណើ សំណូមពរ ក្នុងនោះក៏មានសំណើនេះដែរ ដែលបានលើកឡើងក្នុងសន្និបាតបូកសរុបការងារបោះឆ្នោត គ.ជ.ប តែងតែកត់ត្រាក្នុងរបាយការណ៍ និងផ្ញើជូនគ្រប់ភាគីពាក់ព័ន្ធមាន រដ្ឋសភា ព្រឹទ្ធសភា ក្រសួងមហាផ្ទៃ ជាដើម… ។ល។
ទន្ទឹមគ្នានេះដែរ គ.ជ.ប ក៏បានសង្កេតឃើញថា ភាគីពាក់ព័ន្ធនឹងការបោះឆ្នោតមួយចំនួន នៅតែមិនទាន់ជ្រាបច្បាស់អំពីគោលបំណងនៃគម្រោងរៀបចំការបោះឆ្នោតសាកល្បងនៅឆ្នាំ២០២១។ ចំណុចនេះ គ.ជ.ប សូមបញ្ជាក់ជាថ្មីថា ការបោះឆ្នោតសាកល្បងនឹងសាកល្បងអនុវត្តកិច្ចការ ដូចខាងក្រោម ៖
– ប្រើប្រាស់កម្មវិធីចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត តាមប្រព័ន្ធអនឡាញ (Online)
– ប្រើប្រាស់ប៊ិកគំនូសគាំទ្រគណបក្សនយោបាយនៅលើសន្លឹកឆ្នោត
– ប្រើប្រាស់កម្មវិធីត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលនៃការបោះឆ្នោត តាមប្រព័ន្ធអនឡាញ (Online) ដែលគ្របដណ្ដប់លើដំណើរការសំខាន់ៗនៅក្នុងថ្ងៃបោះឆ្នោត តាមកម្មវិធីជាប្រព័ន្ធដូចខាងក្រោម៖
• កម្មវិធីទទួល បញ្ចូល បូកសរុប បញ្ជូន និងប្រកាសលទ្ធផលបឋមនៃការបោះឆ្នោត
• កម្មវិធីត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោត
• កម្មវិធីត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលផ្លូវការនៃការបោះឆ្នោត
• កម្មវិធីបែងចែកអាសនៈ និងស្រង់ឈ្មោះបេក្ខជនជាប់ឆ្នោត។
ចំពោះអ្នកបោះឆ្នោត គឺនៅតែធ្វើការបោះឆ្នោតដោយដៃ ដូចការបោះឆ្នោតអាណត្តិមុនៗដដែល មិនមែនបោះឆ្នោតតាមប្រព័ន្ធអនឡាញ (Online) នោះទេ។ ម្យ៉ាងវិញទៀត ការបោះឆ្នោតសាកល្បងនេះ មិនត្រូវបានរៀបចំនៅទូទាំងប្រទេសទេ ដោយត្រូវធ្វើនៅតាមឃុំ សង្កាត់គោលដៅមួយចំនួនតាមការកំណត់របស់ គ.ជ.ប តែប៉ុណ្ណោះ៕ រក្សាសិទ្ធិដោយៈ ចេស្តារ