ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការរីកចំរើននៃវិស័យទេសចរណ៍កម្ពុជា បានឆ្លុះបញ្ចាំងអំពីសារសំខាន់នៃកត្តាសន្តិសុខ សុវត្ថិភាព ស្ថិរភាពនយោបាយ ដែលជាកត្តាកំណត់ និងជាមូលដ្ឋានគ្រឹះសម្រាប់ធានាចីរភាពនៃកំណើនវិស័យទេសចរណ៍។
នៅរសៀលថ្ងៃពុធ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតការងារទេចរណ៍ឆ្នាំ២០១៧ និងលើកទិសដៅឆ្នាំ២០១៨ អមជាមួយពិធីអបអរសាទរទិវាទីក្រុងស្អាតក្រោមប្រធានបទ “ទីក្រុងស្អាតដើម្បីទាំងអស់គ្នា និងពិធីចែកជ័យលាភីទីក្រុងស្អាតលើកទី២ សម្រាប់ឆ្នាំ២០១៨-២០២១“។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា អង្គសន្និបាតនេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញវិស័យទេសចរណ៍នៅកម្ពុជាឲ្យមានលក្ខណៈកាន់តែល្អប្រសើរឡើងបន្ថែមទៀត។ ក្នុងឆ្នាំ២០១៧ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួនជាង ៥,៦លាននាក់ កើនឡើង ១១,៨% និងភ្ញៀវទេសចរក្នុងស្រុកមានចំនួន ១១លាននាក់ បានរួមចំណែកប្រមាណ ១៣% នៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា និងតំណាងឱ្យប្រមាណ ៣០% នៃវិស័យសេវាកម្មនៅកម្ពុជា។ ការសម្រេចបាននូវកំណើននៃការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ក្នុងឆ្នាំ២០១៧នេះ ក៏ព្រោះដោយសារតែ រាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីនយោបាយ និងមានយុទ្ធសាស្ត្រត្រឹមត្រូវ ច្បាស់លាស់ប្រកបដោយភាពប្រាកដនិយម ពិសេសមានច្បាប់ស្តីពីទេសចរណ៍ និងផែនការជាតិយុទ្ធសាស្ត្រអភិវឌ្ឍទេសចរណ៍២០១២-២០២០។
ក្នុងអង្គសន្និបាតនេះ សម្តេចតេជោ ហ៊ុន សែន បានផ្តល់នូវអនុសាសន៍សំខាន់ចំនួន៣ចំនុចដល់អង្គសន្និបាតដើម្បីជំរុញវិស័យទេសចរណ៍ឲ្យកាន់តែមានសក្តានុពល និងរីកចម្រើនឈានឡើង ៖ ១)ត្រូវចូលរួមរក្សាសន្តិភាពអោយបានគង់វង្សពីព្រោះអ្នកទេសចរណ៍អាចធ្វើដំណើរកម្សាន្តទៅមកបាន គឺអាស្រ័យដោយកត្តាមានសន្តិសុខ សន្តិភាព សណ្ដាប់ធ្នាប់សង្គម ដូច្នេះសូមចូលរួមថែរក្សាសន្តិសុខ សន្តិភាព សណ្ដាប់ធ្នាប់សង្គមឲ្យបានល្អប្រសើរ។ ជាមួយគ្នានោះរាជរដ្ឋាភិបាលបានតាំងចិត្តថាទោះក្នុងតំលៃណាក៏ដោយគឺកម្ពុជាត្រូវតែរក្សាសន្តិភាពអោយបាន ដើម្បីសេចក្តីសុខប្រជាពលរដ្ឋ និងប្រទេសជាតិទាំងមូល។ ២)ត្រូវចាត់ទុកឆ្នាំ២០១៨ជាឆ្នាំនៃទេសចរណ៍បៃតងដូច្នេះត្រូវរួមគ្នាថែរក្សាប្រាង្គប្រាសាទនានាដែលកម្ពុជាមានជាពិសេសសម្បត្តិធម្មជាតិទាំងឡាយជាមួយគ្នានោះត្រូវរួមគ្នាក្នុងការក៏សាងហេដ្ឋារចនាសម្ព័ន្ធនានាដើម្បីបំរើក្នុងវិស័យទេសចរណ៍។ ៣)បន្តរួមគ្នាទាក់ទាញភ្ញៀវទេសចរណ៍ឲ្យកាន់តែច្រើនឡើងបន្ថែមទៀត។ ត្រូវរួមគ្នាបង្កើតផលិតផលទេសចរណ៍ សេវាទេសចរណ៍ ផ្សេងៗ ជាពិសេសត្រូវត្រៀមខ្លួនទទួលភ្ញៀវទេសចរណ៍ចិន ដែលនឹងមកប្រទេសកម្ពុជានាពេលខាងមុខ។ចូលរួមថែរក្សាកេរិ៍្តឈ្មោះប្រទេសកម្ពុជាដែលត្រូវបានប្រសិទ្ធនាមថាព្រះរាជាណាចក្រអាច្ឆរិយៈ ក្នុងនោះខេត្តដែលទទួលបានចំណាត់ថ្នាក់ល្អ ក្នុងការប្រកួតប្រជែងត្រូវខិតខំប្រឹងប្រែងអោយចំណាត់ថ្នាក់ឡើងមួយកំរិតថែមទៀតឬ យ៉ាងហោចណាស់ត្រូវរក្សាអោយនៅលើលំដាប់ថ្នាក់ដដែល ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានស្នើឲ្យអង្គសន្និបាតបន្តអនុវត្តន៍ផែនការថ្មីដែលបានដាក់ចេញ សម្រាប់ឆ្នាំ២០១៨ អោយមានប្រសិទ្ធិភាព និងរីកចម្រើនជាបន្តបន្ទាប់ទៀត។
នាឱកាសនេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បានអញ្ជើញផ្តល់កិត្តិយសបំពាក់គ្រឿងឥស្សរិយយសដល់មន្ត្រីទេសចរណ៍ដែលមានស្នាដៃល្អ និងអញ្ជើញប្រគល់ជ័យលាភី ទីក្រុងស្អាតលើកទី២ សម្រាប់ឆ្នាំ ២០១៨-២០២១ ដល់ទីក្រុងដែលទទួលបានចំណាត់ថ្នាក់ល្អ ក្នុងការប្រកួតប្រជែងទីក្រុងស្អាតកន្លងមកនេះ ដែលមានដូចជា ក្រុងបាត់ដំបង ក្រុងកែប ក្រុងកំពត ក្រុងសៀមរាប ក្រុងភ្នំពេញ ក្រុងកំពង់ចាម និងក្រុងព្រះសីហនុ ៕ ដោយ៖បញ្ញាស័ក្តិ