ភ្នំពេញ ៖ សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា កម្ពុជាទទួលរងនូវឥទិ្ធពលពីបាតុភូត ឡានីណា នាំឲ្យមានភ្លៀងធ្លាក់រាយប៉ាយពេញផ្ទៃប្រទេស ហើយក្នុងរដូវប្រាំង ចាប់ពីខែមីនា និងខែមេសា ឆ្នាំ២០១៨នេះ មានសីតុណ្ហភាពអប្បបរមាពី២៣ទៅ២៥អង្សាសេ និងអតិបរមាពី៣៦ទៅ៣៨អង្សាសេ ដែលអាចនឹងមានភ្លៀងកក់ខែច្រើន ពិសេសនៅតំបន់វាលទំនាប និងតំបន់មាត់សមុទ្រ។
សម្រាប់ដើមរដូវវស្សា ចាប់ពីខែឧសភា និងខែមិថុនា ឆ្នាំ២០១៨ នឹងចាប់ផ្តើមនៅដើមសប្តាហ៍ទី១ នៃខែឧសភា។ តំបន់ទំនាបកណ្តាល អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយក្នុងបរិមាណពីបង្គួរទៅច្រើន។ តំបន់ខ្ពង់រាប អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយក្នុងបរិមាណពីបង្គួរទៅច្រើន និងតំបន់មាត់សមុទ្រ អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយក្នុងបរិមាណច្រើន។ បាតុភូតធម្មជាតិ នៅក្នុងខែមេសា ខែឧសភា និងខែមិថុនា ឆ្នាំ២០១៨ អាចនឹងមានបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់កើតឡើងច្រើន ពិសេសនៅតំបន់ទំនាបកណ្តាល ប៉ុន្តែតិចជាងឆ្នាំ២០១៧។
ក្នុងសេចក្តីជូនដំណឹងស្តីពីការព្យាករណ៍ស្ថានភាពអាកាសធាតុលើកទី១ សម្រាប់រដូវប្រាំង និងដើមរដូវវស្សាឆ្នាំ២០១៨។ បន្ទាប់ពីធ្វើការតាមដាន និងព្យាករណ៍លើស្ថានភាពអាកាសធាតុរួចមក នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨នេះ ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងដល់សាធារណជនអំពីការព្យាករណ៍ ស្ថានភាពអាកាសធាតុលើកទី១ សម្រាប់រដូវប្រាំង និងដើមរដូវវស្សា ឆ្នាំ២០១៨ ។ យោងតាមការពិនិត្យលើសីតុណ្ហភាពនៅលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិចខាងលិច និងសមុទ្រចិនខាងត្បូង (ក្បែរខ្សែអេក្វាទ័រ) បានបង្ហាញថា ចាប់ពីខែមីនា ដល់ខែមិថុនា ឆ្នាំ២០១៨ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលរងនូវឥទិ្ធពលពិបាតុភូត ឡានីណា (La Nina)។ ការវិភាគទៅលើរបាយទឹកភ្លៀង និងកម្រិតសីតុណ្ហភាព បានបង្ហាញថា ចាប់ពីខែមីនា ដល់ខែមិថុនា ឆ្នាំ២០១៨ ទឹកភ្លៀងនឹងធ្លាក់រាយប៉ាយច្រើនជាងមធ្យមភាគច្រើនឆ្នាំ រីឯសីតុណ្ហភាពអាចនឹងមានស្ថានភាពទាបជាងមធ្យមភាគច្រើនឆ្នាំ៕ ដោយ៖បញ្ញាស័ក្តិ