Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ធារាសាស្ត្រ បាន​ផ្តល់​ទឹក​សម្រាប់​ការស្រោចស្រព​លើ​ផ្ទៃដី​ស្រែ​រាប់ម៉ឺន​ហិកតា ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ

ភ្នំពេញ​ ៖​ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី ១ ខែ​មីនា ឆ្នាំ ២០១៨ នៅ​ទីស្តីការក្រសួង លោក លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានអនុញ្ញាត​ឱ្យ​លោក​សាស្ត្រាចារ្យ CHON Kyun Soo ប្រធានស្តីទី​ក្រុមហ៊ុន​ទីប្រឹក្សា Yooshin Engineering Corporation នៃ​សាធារណៈរដ្ឋ​កូរ៉េ ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ។​

​លោក​រដ្ឋមន្ត្រី បាន​ថ្លែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រុមហ៊ុន Yoosin ដែល​ក្នុង​ពេល​កន្លងមក ក៏ដូចជា​បច្ចុប្បន្ន បាន​ធ្វើ​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ល្អប្រសើរ ជាមួយ​ក្រសួង​ធនធានទឹក និង​ឧតុនិយម ក្នុង​ការសិក្សា​លើ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ធារាសាស្ត្រ​នានា ។ តាមរយៈ​ការសិក្សា​នេះ មាន​គម្រោង​មួយចំនួន​ត្រូវបាន​អនុវត្ត​ដោយ​ជោគជ័យ​រួចហើយ ដូចជា​គម្រោង​ទំនប់​ការពារ​ទឹកជំនន់ បាធាយ ស្ថិតក្នុង​ស្រុក​បាធាយ ខេត្ត​កំពង់ចាម ។ គម្រោង​មួយចំនួន បាន និង​កំពុង​អនុវត្ត ដូចជា ប្រព័ន្ធធារាសាស្ត្រ ដំណាក់​ឈើ​ក្រំ ស្ថិតក្នុង​ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ គម្រោង​សាងសង់​អាងទឹក ដូន​ទ្រី ដែល​មាន​តួនាទី​តម្កល់​ទឹក​ប្រមាណ ១៩០ លាន​ម៉ែត្រគូប សម្រាប់​ផ្គត់ផ្គង់​ឱ្យ​ស្ទឹង​មោង និង​ប្រព័ន្ធ​ធារាសាស្ត្រ​នៅ​តំបន់​នោះ និង​គម្រោង​សាងសង់ ទំនប់​សាលា​តា​អន ដែល​មាន​តួនាទី​សម្រាប់​ស្រោចស្រព​ផង និង​ផ្គត់ផ្គង់​ទឹក​សម្រាប់​ការផលិត​ទឹកស្អាត​ក្នុង​ក្រុង​បាត់ដំបង​ផង ។ ទន្ទឹមនឹងនេះ ក៏​មាន​គម្រោង​មួយចំនួន​ទៀត ក៏បាន និង​កំពុង​ដំណើរការ​សិក្សា ។

លោក​រដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់ថា គម្រោង​អភិវឌ្ឍន៍​ទាំងនេះ បាន​ផ្តល់​ទឹក​សម្រាប់​ការស្រោចស្រព​លើ​ផ្ទៃដី​ស្រែ​រាប់ម៉ឺន​ហិកតា ការប្រើប្រាស់​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ហើយក៏​បាន​ជួយ​ការពារ និង​កាត់បន្ថយ​ទឹកជំនន់​ផងដែរ ។ ទាំងនេះ គឺជា​អ្វី​ក្រុមហ៊ុន​បាន​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការជួយ​បំពេញ​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ ។​

​លោក​សាស្ត្រាចារ្យ CHON Kyun Soo បាន​ជម្រាប​ថា ក្រុមហ៊ុន Yoosin ពិតជា​មាន​មោទនភាព ដោយ​បាន​ទទួល​នូវ​ការគាំទ្រ​យ៉ាង​កក់ក្តៅ និង​ការ​វា​តម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ការងារ​ពី​លោក​រដ្ឋមន្ត្រី ដែល​នេះ​គឺជា​ថាមពល​មួយ ជម្រុញ​លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន​លោក បង្កើន​សកម្មភាព​កាន់តែ​ខ្លាំងក្លា​បន្ថែមទៀត លើ​ការងារ​សិក្សា​ដើម្បី​ឈាន​ទៅ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ធារាសាស្ត្រ​ធំៗ​នៅ​កម្ពុជា ៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

×