ភ្នំពេញ៖ បុរសជនជាតិនីហ្សេរីយ៉ា២នាក់ ស្ត្រីជនជាតិហ្វីលីពីនម្នាក់ និងស្ត្រីជនជាតិខ្មែរម្នាក់ ពាក់ព័ន្ធសំណុំរឿងជួញដូរគ្រឿងញៀនជាង២គីឡូក្រាម នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨នេះត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឱ្យឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន។
យោងតាមរបាយការណ៍របស់សមត្ថកិច្ច ជនសង្ស័យទាំង៤នាក់ ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី២០-២២ ខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅ នៅ៤គោលដៅផ្សេងៗគ្នា៖ គោលដៅទី១ នៅចំណុចខាងកើតផ្សារសុវណ្ណា សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ គោលដៅទី២ នៅចំណុចផ្លូវលេខ៤៨៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ គោលដៅទី៣ នៅចំណុចក្នុងបន្ទប់ជួលលេខ៤ ផ្លូវបេតុង ភូមិទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ និងគោលដៅទី៤ នៅចំណុចហាង Big I.Z.Y តាមបណ្តោយផ្លូវលេខ ៥០២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយដកហូតបានគ្រឿងញៀន ប្រភេទមេតំហ្វេតាមីនចំនួន ១.៩៨៨,៩៥ក្រាម និងវត្ថុតាមមួយចំនួនទៀត។
ជនត្រូវចោទទាំង៤នាក់ត្រូវបានលោក ហ៊ឹង ប៊ុនថន ជាតំណាងអយ្យការបានបើកការស៊ើបសួរ និងចោទប្រកាន់ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន យោងតាមមាត្រា៤០ នៃច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន៕ ដោយ៖បញ្ញាស័ក្តិ