ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុនបានឯកភាពផ្តល់ថវិកាសរុបចំនួន៣៨៤.៨១៧ដុល្លារអាមេរិកដល់អង្គភាពទទួលជំនួយចំនួន៤ ក្រោមគ្រោងការជំនួនឧបត្ថម្ភឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (ជំនួយគូសាណូណិ) ដើម្បីគាំទ្រគម្រោងការសាងសង់មជ្ឈមណ្ឌលសូត្រ ការសាងសង់មជ្ឈមណ្ឌលប្រមូលផ្តុំត្រួតពិនិត្យនិងចែកចាយបន្លែ ការស្តារនិងជួសជុលប្រព័ន្ធធារាសាស្ត្រ និងការកែលំអផ្លូវថ្នល់។
កិច្ចសន្យាជំនួយឥតសំណង ត្រូវបានចុះហត្ថលេខានៅរសៀលថ្ងៃទី២ខែមីនា នៅស្ថានទូតជប៉ុន។ លោក ហូរីណូអ៊ូជិ ហ៊ីដេហ៊ីសា(HORINOUCHI Hidehisa) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានឱ្យដឹងថា ជំនួយឥតសំណងក្រោមគម្រោងទ្រង់ទ្រាយតូចសម្រាប់សន្តិសុខមនុស្សជាតិរបស់រដ្ឋាភិបាលប្រទេសជប៉ុននេះ គឺជាការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា ពិសេសជីវភាពរបស់ប្រជាជនឱ្យកាន់តែប្រសើរឡើងថែមទៀត។
ជំនួយឥតសំណងទាំងនេះ នឹងគាំទ្រដល់គម្រាងចំនួន៤នៅកម្ពុជា ក្នុងនោះរួមមាន៖
គម្រោងទី១៖ គម្រោងសាងសង់មជ្ឈមណ្ឌលសូត្រ ក្នុងសកលវិទ្យាល័យភូមិន្ទភ្នំពេញ នូវទឹកប្រាក់ចំនួន៩០.៨៣៤ដុល្លារអាមេរិក (អង្គភាពទទួលជំនួយ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ)។
លោកបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការ នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ បានថ្លែងថា គម្រោងនេះត្រូវបានរំពឹងថានឹងរួចចំណែកក្នុងការសូត្រ ដែលមានគុណភាពខ្ពស់ បង្កើនប្រាក់ចំណូលដល់កសិករ និងធ្វើឲ្យវិស័យឧស្សាហកម្មសិប្បកម្មសូត្រ បែបប្រពៃណីមានការរីកចម្រើន និងរស់ឡើងវិញនៅក្នុងប្រទេសកម្ពុជា។
គម្រោងទី២៖ គម្រោងសាងសង់មជ្ឈមណ្ឌលប្រមូលផ្តុំត្រួតពិនិត្យ និងចែកចាយបន្លែ ខេត្តកណ្តាល នូវថវិការចំនួន ១១៤.៨២១ដុល្លារ (អង្គភាពទទួលជំនួយ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកណ្តាល)។
លោក ប៊ុនទួន ស៊ីម៉ូណា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកណ្តាល បានថ្លែងថា តាមរយៈគម្រោងនេះ មជ្ឈមណ្ឌលប្រមូលផ្តុំត្រួតពិនិត្យ និងចែកចាយបន្លែថ្មីមួយនឹងត្រូវបានសាងសង់នៅក្រុងតាខ្មៅ ខេត្តកណ្តាល ដែលជាកន្លែងដាំដុះបន្លែធំទី២ នៅកម្ពុជា។ គម្រោងនេះនឹងរួមចំណែកក្នុងការផ្គត់ផ្គង់ផលិតផលកសិកម្មប្រកបដោយសុវត្ថិភាព និងទំនុកចិត្តទៅកាន់ទីផ្សារហើយ និងបង្កើតនូវស្លាកយីហោបន្លែរបស់ខេត្តកណ្តាល។ គេប៉ាន់ស្មានថាកសិករប្រមាណ ២ពាន់នាក់ នឹងអាចនាំចចេញបន្លែរបស់ពួកគេតាមរយៈមជ្ឈមណ្ឌលនេះ។
គម្រោងទី៣៖ គម្រោងសាងសង់ទ្វារទឹក និងជួសជុលសំណង់លូទោលសម្រាប់ប្រព័ន្ធធារាសាស្ត្រដំរែក ខេត្តកំពង់ឆ្នាំង នូវថិការចំនួន ៨៩.០០០ដុល្លារ (អង្គភាពទទួលជំនួយ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង)
លោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង បានលើកឡើងថា តាមរយៈគម្រោងនេះ ទំនប់ទឹកប្រវែង ១.៥០០ម៉ែត្រ នឹងត្រូវស្តារ និងជួសជុលឡើងវិញនៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ហើយគម្រោងនេះនឹងត្រូវគេរំពឹងថាមានប្រជាពលរដ្ឋប្រហែល៣ពាន់នាក់ ទទួលបានទឹកជាប្រចាំដើម្បីស្រោពស្រព ហើយទំនប់ទឹកនេះនឹងត្រូវប្រើប្រាស់ជាផ្លូវថ្នល់ក្រោយពេលបញ្ចប់គម្រោង។
គម្រោងទី៤៖ គម្រោងសាងសង់ផ្លូវបេតុង នៅឃុំថ្មស ស្រុកបទុមសាគរ ខេត្តកោះកុង នូវថវិកាចំនួន ៨៩.២៦២ដុល្លារ (អង្គភាពទទួលជំនួយ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង)។ លោក អន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង បានលើកឡើងថា តាមរយៈគម្រោងនេះ ផ្លូវដែលមានស្រាប់ប្រវែង ៤៥៣ម៉ែត្រ នឹងត្រូវអភិវឌ្ឍទៅជាផ្លូវបេតុងដែលមានប្រព័ន្ធបង្ហូរទឹកនៅក្នុងស្រុកបទុមសាគរ ខេត្តកោះកុង។ គម្រោងនេះ ត្រូវបានរំពឹងថា នឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាកសិករជិត ១៥.៧០០នាក់ នៅក្នុងតំបន់។ រំពឹងផងដែរថាផ្លូវនេះនឹងផ្តល់ភាពងាយស្រួលដល់ប្រជាជនក្នុងតំបន់ ក្នុងការទៅសាលារៀន មន្ទីរពេទ្យ ផ្សារ ជាពិសេសជួយលើកកម្ពស់ការដឹកជញ្ជូនគ្រឿងសមុទ្រស្រស់ៗ ពីទីផ្សារគ្រឿងសមុទ្រ ទៅកាន់តំបន់គោលដៅចែកចាយ៕ ដោយ៖កូឡាប