Friday, January 31, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាងសង់​មជ្ឈមណ្ឌល​សូត្រ ដើម្បី​ផលិត​នូវ​ពង​ដង្កូវនាង​ដែល​គ្មាន​ជំងឺ បំពេញ​តម្រូវការ​ទីផ្សារ​និង​ចែកចាយ​ដល់​កសិករ​

​ភ្នំពេញ ​៖​ បច្ចុប្បន្ន​នេះ​វិស័យ​សូត្រ​នៅ​កម្ពុជា​កំពុង​ជួបប្រទះ​មួយចំនួន​។ ដោយសារ​មាន​តម្រូវការ​ខ្ពស់ យើង​ត្រូវការ​នាំចូល​នូវ​សរសៃសូត្រ​ជាច្រើន ពី​ប្រទេស​ជិតខាង​។ កង្វះខាត​ដង្កូវនាង​ល្អ បច្ចេកវិទ្យា និង​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ប្រកប​ដោយ​វិជ្ជាជីវៈ គឺជា​បញ្ហា​ចម្បង​ធំៗ​ដែល​យើង​កំពុង​ជួបប្រទះ​។​

​បើ​តាម​លោក​បណ្ឌិត ជេ​ត ជាលី សាកលវិទ្យាធិការ នៃ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ដូច្នេះ​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន លើ​ការបង្កើត “​គម្រោង​សាងសង់​មជ្ឈមណ្ឌល​សូត្រ ក្នុង​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​” ត្រូវបាន​ចុះហត្ថលេខា ក្រោម​ជំនួយ​ឥត​សំណង​របស់​រាជរដ្ឋាភិបាល​ជប៉ុន កាលពី​រសៀល​ថ្ងៃ​ទី​២​ខែ​មីនា​ឆ្នាំ​២០១៨ នៅ​ស្ថានទូត​ជប៉ុន​។ លោក​បញ្ជាក់ថា ប្រជាជន​កម្ពុជា​ត្រូវបានគេទទួលស្គាល់​ថា ជា​អ្នក​ផលិត​សូត្រ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​តាំងពី​យូរយារ​ណាស់​មកហើយ​។

​លោក​បណ្ឌិត បាន​លើកឡើង​ថា សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ មាន​ចក្ខុ​វ​ស័យ ប្រែ​ក្លាយខ្លួន​ទៅជា​សាកលវិទ្យាល័យ​ឈានមុខ​នៅ​កម្ពុជា​លើ​ការបង្រៀន ស្រាវជ្រាវ និង​សេវា​សហគមន៍​។ គណៈ​គ្រប់គ្រង​សាកលវិទ្យាល័យ យល់ឃើញ​ពី​តួនាទី​ដ៏​សំខាន់​របស់​ខ្លួន​ក្នុង​ការលើកស្ទួយ​កោសេយ្យ​វប្បកម្ម​តាមរយៈ​ការបង្កើត​មជ្ឈមណ្ឌល​សូត្រ​។ សាស្ត្រាចារ្យ​និង​និស្សិត​មក​ពី​ដេប៉ាតេ​ម៉ង់ ចំនួន​បួន​រួមមាន ៖ ដេ​ប៉ាតេ​ម៉ង់​ជីវវិទ្យា វិស្វកម្ម​ជីវសាស្ត្រ អភិវឌ្ឍ​សហគមន៍ និង​គ្រប់គ្រង​ពាណិជ្ជកម្ម​អន្តរជាតិ បាន​ប្តេជ្ញាចិត្ត​ធ្វើការ​រួមគ្នា​ដោះស្រាយ​បញ្ហា​ដើម្បី​លើកស្ទួយ​វិស័យ​សូត្រ​នៅក្នុង​ប្រទេស​យើង​។​

​លោក​សាកលវិទ្យាធិការ មានប្រសាសន៍​បន្ថែម​ថា រាជរដ្ឋាភិបាល​ជប៉ុន​គឺជា​ដៃគូរ​អភិវឌ្ឍន៍​ដ៏​សំខាន់​របស់​កម្ពុជា​។ គម្រោង​អភិវឌ្ឍន៍​ជាច្រើន​ត្រូវបាន​រាជរដ្ឋាភិបាល និង​ប្រជាជន​នៃ​ប្រទេស​ជប៉ុន ផ្តល់​ជូន​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការអភិវឌ្ឍ​វិស័យសេដ្ឋកិច្ច សង្គម និង​អប់រំ​នៅ​កម្ពុជា ឲ្យមាន​ការរីកចម្រើន ឆ្លើយតប​ទៅ​នឹង​របៀបវារៈ​របស់​រាជរដ្ឋាភិបាល និង​តម្រូវការ​របស់​កម្ពុជា ក្នុង​ការអភិវឌ្ឍ​ធនធានមនុស្ស ប្រកបដោយ​សមត្ថភាព និង​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន​កម្ពុជា​។ ជំ​នួន​ហិរញ្ញប្បទាន​មួយទៀត​ត្រូវបាន​ប្រគល់ជូន​ដោយ​រាជរដ្ឋាភិបាល​និង​ប្រជាជន​នៃ​ប្រទេស​ជប៉ុន​ដល់​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា​គឺ​គម្រោង​សាងសង់​មជ្ឈមណ្ឌល​សូត្រ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។ គម្រោង​នេះ​មាន​រយៈពេល​មួយ​ឆ្នាំ​ដែល​ត្រូវបាន​ចាប់ផ្តើម​ពី​ខែ​មីនា ឆ្នាំ​២០១៨ និង​គ្រោង​ចំណាយ​ថវិកា​ប្រមាណ​៩០.៨៣៤​ដុល្លារ​អាមេរិក​។​

​លោក​បណ្ឌិត សង្ឃឹមថា នេះ​គ្រាន់តែ​ជា​ការចាប់ផ្តើម​ធ្វើ​ការរួម​គ្នា​រវាង​ជប៉ុន​និង​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​លើ​ការស្រាវជ្រាវ​សូត្រ​។ ក្នុង​ពេល​អនាគត យើង​នឹង​ពិនិត្យ​រួម​គ្នា​រក​លទ្ធភាព​ធ្វើការ​ជាមួយគ្នា​ជា​បន្ត លើ​កិច្ចការ​ស្រាវជ្រាវ​សូត្រ​នេះ​។ សូមបញ្ជាក់​ថា សូត្រ​មិន​ត្រឹមតែ​ជា​សេដ្ឋកិច្ច តែ​ជា​វប្បធម៌​របស់​ប្រជាជន​ខ្មែរ​ផងដែរ​។ មជ្ឈមណ្ឌល​សូត្រ​នេះ​នឹង​ដើរតួនាទី​យ៉ាង​សំខាន់ ក្នុង​ការសិក្សា​ស្រាវជ្រាវ​ក្នុង​គោលបំណង​ផលិត​ឲ្យបាន​ដង្កូវនាង​ដែល​មានគុ​ណ​ភាព និង​សុខភាព​ល្អ ដើម្បី​ចែកចាយ​ជូន​ប្រជាកសិករ​យើង​។​

​លោក ហូ​រីណូ​អ៊ូជិ ហ៊ី​ដេ​ហ៊ីសា​(HORINOUCHI Hidehisa) ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា បានឱ្យដឹងថា
គម្រោង​សាងសង់​មជ្ឈមណ្ឌល​សូត្រ ដែល​នឹង​ផលិត​នូវ​ពង​ដង្កូវនាង​ដែល​គ្មាន​ជំងឺ​។ លោក​ឯកអគ្គរាជទូត សង្ឃឹមថា មជ្ឈមណ្ឌល​សូត្រ​នេះ នឹង​ផ្តល់​នូវ​សូត្រ​ដែល​មាន​គុណភាព​ខ្ពស់ បង្កើន​ប្រាក់ បង្កើន​ប្រាក់​ចំណូល​ដល់​កសិករ និង​ធ្វើឲ្យ​វិស័យ​ឧស្សាហកម្ម​សិប្បកម្ម​សូត្រ បែប​ប្រពៃណី​មាន​ការរីកចម្រើន និង​រស់​ឡើង​វិញ​នៅក្នុង​ប្រទេស​កម្ពុជា​៕​ ដោយ​៖​កូឡាប​

×