ខេត្តបាត់ដំបង ៖ ស្គាល់ឈ្មោះជនប្រដាប់អាវុធដែលបើករថយន្ត ទៅតាមបាញ់ជនរងគ្រោះប្រុសស្រី២នាក់ ដល់មុខផ្ទះក្នុងខណ្ឌសែនសុខ កាលពីកន្លងទៅនេះ សមត្ថកិច្ចប៉ូលិសនិងតុលាករថា៖ ជាមន្ត្រីយោធាបម្រើការងារ បម្រើការនៅយោធភូមិភាគទី៥ ក្នុងខេត្តបាត់ដំបងមានឈ្មោះ ប៊ុន តេង អាយុ៣២ឆ្នាំ។
គួរបញ្ជាក់ថា៖ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅនេះ កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការជាមួយកម្លាំងនគរបាលខណ្ឌសែនសុខ និងកម្លាំងនគរបាលខណ្ឌជ្រោយចង្វា ធ្វើការស្រាវជ្រាវតាមប្រមាញ់យ៉ាងប្រកិត រហូតឈានទៅកំណត់មុខសញ្ញាជនដៃដល់ ដោយធ្វើការឡោមព័ទ្ធលំនៅឋានជនដៃដល់ស្ថិតក្នុងបុរីសុភមង្គលផ្ទះលេខ T53A ក្រុម១៣ ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។ ក្នុងប្រតិបត្តិការឆែកឆេរនេះ កម្លាំងនគរបាលដកហូតបានរថយន្តមួយគ្រឿង ម៉ាក Range Rover ពាក់ស្លាកលេខ 2R-6967 ដែលជាមធ្យោបាយប្រព្រឹត្តបទល្មើស និងសម្ភារមួយចំនួនទៀត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចេញដីកាតាមចាប់ខ្លួន។ប្រតិបត្តិការនេះ ស្ថិតនៅក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីលោក ឡុង ជាប ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។
សមត្ថកិច្ចឱ្យដឹងថា ៖ ជនដៃដល់ដែលសមត្ថកិច្ចកំពុងតែតាមចាប់ខ្លួនត្រូវបានស្គាល់គឺឈ្មោះ ប៊ុន តេង ហៅហ្គោ អាយុ៣២ឆ្នាំ ជាមន្ត្រីយោធាភូមិភាគ៥ មានឋានន្តរស័ក្តិអនុសេនីយ៍ត្រី និងជាអ្នករកស៊ីនាំខោអាវពីប្រទេសថៃ មកបោះដុំនៅតាមផ្សារនានាក្នុងរាជធានីភ្នំពេញ។ ជននេះមានស្រុកកំណើតនៅភូមិប្រឡាយធំ ឃុំព្រៃញី ស្រុកសំពៅមាស ខេត្តពោធិ៍សាត់ មានប្រពន្ធឈ្មោះ ចាប វីលី អាយុ៣១ឆ្នាំ និងមានកូន២នាក់។
សមត្ថកិច្ចបានដកស្រង់សម្ដីស្ត្រីជាប្រពន្ធ បានឱ្យដឹងថា ៖ ប្តីរបស់គាត់នេះបានគេចខ្លួនចេញពីផ្ទះ តាំងពីព្រឹកព្រលឹមក្រោយដែលមានការសង្ស័យថា សមត្ថកិច្ចដឹងដោយគាត់ ទំនងជាដឹងខ្លួនមុន ។ សមត្ថកិច្ចបន្តថា ៖លំនៅឋានដែលជនសង្ស័យស្នាក់នៅ មានបំពាក់សុទ្ធតែកាមេរ៉ាសុវត្ថិភាព អាចគេចទៅតាមផ្លូវក្រោយ។ ទាក់ទិនរឿងរ៉ាវថា ប្តីបាញ់សម្លាប់គូស្នេហ៍នោះ ស្ត្រីជាប្រពន្ធបានឆ្លើយថាគាត់ពុំបានដឹងនោះទេ។
មន្ត្រីនគរបាលជំនាញ បានឲ្យដឹងថា ៖ មុន ការឈានទៅដល់ការកំណត់បានមុខសញ្ញាខ្មាន់កាំភ្លើងនេះ ក្រោយពីមានការបាញ់ប្រហារជាច្រើនគ្រាប់ គឺត្រូវបានថតជាប់ដោយកាមេរ៉ាសុវត្ថិភាព ពីរថយន្ត RANGE ROVER ពណ៌ស និងមានស្លាកលេខយ៉ាងច្បាស់ ហើយរថយន្តនេះ ត្រូវម្ចាស់តែងតែបានដឹកស្ត្រីរងគ្រោះមកផ្ទះជួលរបស់នាង តែក្រោយមកប្រហែលជាស្នេហ៍បែកបាក់ នាងក៏មានស្នេហ៍ថ្មី ទើបជននេះគិតខ្លី ក៏តាមព្យាបាទដល់អាយុជីវិតតែម្តង។
គួរបញ្ជាក់ដែរថា ៖ ហេតុការណ៍នេះកាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែកុម្ភៈ ត្រង់ចំណុចមុខផ្ទះជួលនៅតាមបណ្តោយផ្លូវ១៩៧៤ ក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ជនរងគ្រោះដែល ឃាតករតាមបាញ់សម្លាប់នេះទី១៖ ឈ្មោះ គង់ រ៉ាវិន អាយុ៣០ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៣៣កា ផ្លូវលំ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ បានរងរបួសចំនួន៣គ្រាប់ និងទី២៖ ឈ្មោះ សឺង វិន ហៅស្រីលក្ខណ៍ អាយុ២៥ឆ្នាំ មុខរបេរលក់ខោអាវ និងខ្លះអះអាងថា នាងបម្រើការនៅហាងខារ៉ាអូខេមួយ ស្នាក់នៅផ្ទះជួលកន្លែងកើតហេតុខាងលើបានរងរបួសចំនួន២គ្រាប់។
ជនរងគ្រោះ បានសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ក្រោយពីធ្វើការវះកាត់រួចហើយ និងព្យាបាលដោយការលាងមុខរបួសផងដែរ។ រវាងបុរស និងស្រីដែលរងរបួសត្រូវបានគេដឹងថា៖ បុរសជាគូស្នេហ៍រងរបួសធ្ងន់ជាងខាងស្រី ហើយករណីនេះត្រូវបានធ្វើការសន្និដ្ឋានថាជាស្នេហាត្រីកោណ៕ ដោយ ៖ បញ្ញាស័ក្តិ