ភ្នំពេញ៖ សម្តេចពិជ័យសេនា ៖ ក្រុមអ្នកនយោបាយក្រៅច្បាប់ អំពាវនាវឲ្យសហគមន៍អន្តរជាតិកាត់ជំនួយ និងការលុបការបញ្ជាទិញទំនិញរបស់កម្ពុជា ជាទង្វើបំផ្លិចបំផ្លាញផលប្រយោជន៍របស់ប្រជាពលរដ្ឋខ្មែរ។
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទរខួបលើកទី១០៧ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៨ ក្រោមប្រធានបទ «ស្ត្រីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍនភាព» នៅសាកលវិទ្យាល័យការពារជាតិ នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៨នេះ។
សម្តេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍ថា ការអំពាវនាវរបស់អ្នកនយោបាយក្រៅច្បាប់ ឲ្យក្រុមអ្នកវិនិយោគ ពីបរទេសមិនឲ្យបញ្ជាទិញទំនិញ ការអំពាវនាវឲ្យអន្តរជាតិកាត់ជំនួយ ការដាក់ទណ្ឌកម្មអន្តរជាតិ ការអនុគ្រោះពន្ធ ឬការរឹតត្បិតអ្វីផ្សេងៗទៀតរបស់អន្តរជាតិ គឺជាទង្វើបំផ្លិចបំផ្លាញជាតិ ក្បត់ផលប្រយោជន៍របស់ជាតិមាតុភូមិ និងប្រជាពលរដ្ឋទាំងមូល។
សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងថា ក្រុមអ្នកប្រឆាំងក្រៅច្បាប់មិនដែលគិតគូរពីសុខទុក្ខរបស់ប្រជាជន និងប្រទេសជាតិប៉ុណ្ណោះទេ ថែមទាំងដើរអំពាវនាវឲ្យអន្តរជាតិដាក់ទណ្ឌកម្ម លើប្រទេសរបស់ខ្លួន ក្នុងពេលដែលជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកំពុងលើកកម្ពស់ជាបណ្តើរៗ ហើយនោះ។
លោកស្រី ដាំ ដារិនី រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានធ្វើសេចក្តីរាយការណ៍ពីស្ថានភាពស្ត្រីក្នុងជួរ កងយោធពលខេមរភូមិន្ទថាបច្ចុប្បន្នស្ត្រីក្នុងជួរកងយោធពលខេមរភូមិន្ទត្រូវបានផ្តល់ឱកាស យកចិត្តទុកដាក់ និងលើកទឹកចិត្តពីប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន ក្នុងការបំពេញការងារ ព្រមទាំងបានផ្តល់ឋានន្តរសក្តិដល់នារីតាមសមត្ថភាព និងជំនាញ និងបានចូលរួមយ៉ាងសកម្ម នៅក្នុងការការពារសន្តិភាព ប្រឆាំងដាច់ខាតចលនាបដិវត្តន៍ពណ៌ ដែលនាំកម្ពុជាធ្លាក់ក្នុងភ្លើងសង្គ្រាម ការបង្ករចលាចល អសន្តិសុខ បំផ្លិចបំផ្លាញសង្គមជាតិ។
មានប្រសាសន៍ក្នុងឱកាសនោះដែរ លោកស្រីវេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានសម្តែងនូវការដឹងគុណ និងអរគុណយ៉ាងជ្រាលជ្រៅ ចំពោះនាយទាហាន ពលទាហាន នៃកងយោធពលខេមរភូមិន្ទ ជាពិសេសចំពោះយុទ្ធនារី នៃកងយោធពលខេមរភូមិន្ទ ទាំងអស់ ដែលបានពុះពារលះបង់អាយុជីវិតដ៏អង់អាចក្លាហ៊ាន នៅក្នុងបុព្វហេតុការពារជាតិ អធិបតេយ្យបូរណៈភាពទឹកដី និងសុខសន្តិភាពដែលកើតមានរហូតមកសព្វថ្ងៃនេះ។ លោកស្រី បានគូសបញ្ជាក់ថា ជារៀងរាល់ឆ្នាំប្រទេសកម្ពុជា បានរៀបចំរំលឹកខួបទិវាអន្តរជាតិ ៨មីនានេះឡើង ដើម្បីរំលឹកដឹងគុណ និងពិនិត្យសមិទ្ធផល វឌ្ឍនភាពនានារបស់ស្ត្រី ក្នុងកិច្ចការចូលរួមការពារ កសាង និងអភិវឌ្ឍជាតិមាតុភូមិ។
ក្នុងនាមថ្នាក់ដឹកនាំក្រសួងការពារជាតិ កងយោធពលខេមរភូមិន្ទ សម្តេចពិជ័យសេនា ទៀ បាញ់ បានឧទ្ទិសដល់ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៨ ថាដើម្បីចលនាទូទាំងប្រទេស សំដៅបន្តការលើកកម្ពស់សិទ្ធរបស់ស្ត្រីកម្ពុជា និយាយរួម និងនិយាយដោយឡែកចំពោះស្ត្រីក្នុងកងយោធពលខេមរភូមិន្ទ ។ សម្តេចពិជ័យសេនា បានថ្លែងនូវការកោតសរសើរចំពោះយុទ្ធនារីគ្រប់រូប ដែលកន្លងមកបានបំពេញបេសកកម្មប្រកបដោយភាពអំណត់ព្យាយាម ពុះពារគ្រប់ឧបសគ្គ ដើម្បីចូលរួមចំណែកក្នុងបុព្វហេតុការឯករាជ្យ សន្តិភាព ការពារបូរណភាពដែនដី និងសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាពលរដ្ឋ ព្រមទាំងចូលរួមបំពេញភារកិច្ចក្នុងកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។
សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានផ្តាំផ្ញើដល់មេបញ្ជាការគ្រប់កងឯកអង្គភាពត្រូវចូលរួមគាំទ្រស្ត្រីស្របតាមប្រធានបទ ស្ត្រីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍនភាពជាតិ ក្នុងនោះត្រូវយកចិត្តទុកដាក់ដល់ស្ត្រីនៅក្នុងអង្គភាពរបស់ខ្លួន ត្រូវផ្តល់ឱកាស និងបង្កលក្ខណៈងាយស្រួលឲ្យនារីបង្កើនសមត្ថភាព ចំណេះដឹងជំនាញលើកទឹកចិត្ត និងត្រូវផ្តល់ឱកាសក្នុងការទទួលឋានន្តរសក្តិតួនាទីសមស្របទៅតាមសមត្ថភាពបទពិសោធន៍ ដោយមិនរើសអើង៕ ដោយ៖បញ្ញាស័ក្តិ