បន្ទាយមានជ័យ ៖លំនៅឋានរបស់ប្រជាពលរដ្ឋចំនួន០៧ខ្នង នៅភូមិគោកកឋិន ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានរងនូវការខូចខាតដោយបាតុភូតខ្យល់កន្ត្រាក់ ។
នៅក្នុងហេតុការណ៍គ្រោះខ្យល់កន្ត្រាក់ដែលកើតឡើងនៅវេលាម៉ោង១៧និង៤០នាទី ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ នេះ បើយោងតាមរបាយការណ៍របស់នគរបាលស្រុក ក៏ដូចជាអាជ្ញាធរស្រុក គឺមិនមានរងគ្រោះថ្នាក់ដល់មនុស្ស សត្វនោះទេ ខូចខាតតែផ្ទះចំនួន០៧ខ្នង ក្នុងនោះធ្ងន់ ចំនួន០២ខ្នងនិងជង្រុកស្រូវ ចំនួន០២ខ្នង ។
នៅថ្ងៃទី០១ខែមេសា ឆ្នាំ ២០២១ នេះដែរ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយលោក គឹង វណ្ណៈ អភិបាលរងខេត្ត ជាប្រធានក្រុមចុះពង្រឹងមូលដ្ឋានស្រុថ្មពួក ចុះសួរសុខទុក្ខប្រជាពលរដ្ឋនិង ពិនិត្យមើលលំនៅឋានរបស់ពួកគាត់ ដែលរងនូវការខូចខាតនោះផងដែរ ។
ដោយឡែកនៅថ្ងៃនេះដែរ កងកម្លាំងអធិការដ្ឋាននគរបាលស្រុកថ្មពួកចំនួន៣៧នាក់ និងកម្លាំងយោធាវរសេនាតូច៥១៤ នៃកងពលតូចថ្មើរជើងលេខ៥១ ជាច្រើននាក់ បានចុះជួយរុះរើ និងប្រគល់ស័ង្កសី បានប្រក់ដំបូងស័ង្កសី ដែលរងការរបើកខូចដោយខ្សល់កន្ត្រាក់នោះដែរ ។
នៅក្នុងដំណើរចុះពិនិត្យមើលនោះ អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី ដោយមើលឃើញផ្ទះ១គ្រួសាររងគ្រោះខូចខាតធ្ងន់ធ្ងរ ត្រូវចំណាយថ្លៃទិញសសរឈើ ថ្លៃជាងស្ទួចរៀបចំឡើងវិញ ឯកឧត្តមបានចូលរួមឧបត្ថម្ភថវិកាផ្ទាល់ខ្លួន៥០០ដុល្លារ និងបានឧបត្ថម្ភដល់កម្លាំង ដែលចុះជួយជួសជុលផ្ទះប្រជាពលរដ្ឋ មានកម្លាំងយោធាវរសេនាតូចលេខ៥១៤ចំនួន ១០០ដុល្លារ ,កម្លាំងនគរបាល ស្រុកថ្មពួក ចំនួន១០០ដុល្លារផងដែរ ។ ជាមួយគ្នានោះដែរ ឯកឧត្តម គឹង វណ្ណៈ អភិបាលរងខេត្ត ក៏បានឧបត្ថម្ភភេសជ្ជៈដល់កងកម្លាំងនគរបាលនិងយោធាផងដែរ ។
ទន្ទឹមនោះដែរ ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមឲ្យមានការប្រុងប្រយ័ត្ន នៅពេលមេឃរកកល់ភ្លៀងឬក៏មានផ្គរ រន្ទះ លាយឡំនឹងខ្យល់កន្ត្រាក់ ត្រូវរកទីកន្លែងមានសុវត្ថិភាព ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ