ភ្នំពេញ ៖ ក្នុងឱកាសសាទរខួបលើកទី១០៧នៃទិវានារីអន្តរជាតិថ្ងៃទី៨មីនា សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានបញ្ជាក់ថា ប្រមាណ៩០ភាគរយ នៃកម្លាំងពលកម្មសរុបក្នុងវិស័យឧស្សាហកម្ម វាយនភ័ណ្ឌកាត់ដេរ និងផលិតស្បែកជើង ដែលជាវិស័យនាំចេញឈានមុខគេរបស់កម្ពុជា គឺជាស្ត្រី។
នេះបើតាមសេចក្តីថ្លែងការណ៍ GMAC បានបញ្ជាក់ថា ទិវានារីអន្តរជាតិនេះ ត្រូវបានបង្កើតឡើងក្នុងគោល បំណងបង្ហាញពីភាពចាំបាច់ និងជាកាតាលីករដែលមិនអាចខ្វះបានរបស់ស្ត្រីក្នុងតួនាទីរួមចំណែកក្នុងកិច្ចការសង្គម សេដ្ឋកិច្ច នយោបាយ ទំនាក់ទំនងអន្តរជាតិ និងជាពិសេសនោះ គឺក្នុងវិស័យការងារ។ សិទ្ធិរបស់ស្ត្រីនៅកម្ពុជា ត្រូវបានការពារ និងប្រឆាំងយ៉ាងដាច់ខាតពីការរំលោភបំពាន និងកេងប្រវ័ញ្ចគ្រប់ប្រភេទ និងគ្រប់រូបភាព ជាក់ស្តែងសិទ្ធិរបស់ស្ត្រីត្រូវបានបញ្ញត្តិក្នុងច្បាប់រដ្ឋធម្មនុញ្ញ ក្រមព្រហ្មទណ្ឌ ច្បាប់ស្តីពីការបង្ក្រាបអំពើពង្រត់ និងលក់ដូរមនុស្ស និងអំពើធ្វើអាជីវកម្មលើមនុស្ស ច្បាប់ស្តីពីការងារ និងឧបករណ៍គតិយុត្តិជាតិ និងអន្តរជាតិដទៃទៀត។
កម្មករនិយោជិតដែលជាស្ត្រីក្នុងវិស័យនេះ បាននាំចំណូលសម្រាប់ខ្លួនឯង ផ្គត់ផ្គង់ក្រុមគ្រួសារ ជួយពន្លឿនឧស្សាហកម្មគាំទ្រមួយចំនួនទៀត និងបង្កើត បង្កើនសកម្មភាពអាជីវកម្ម ដល់ប្រជាពលរដ្ឋខ្មែរប្រមាណ ២លាននាក់ដទៃទៀត។ ស្ត្រីដែលបំពេញការងារក្នុងវិស័យនេះ គឺត្រូវបានចាត់ទុកជាវីរៈនារីដែលជំរុញសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រមួយផ្នែកនៅកម្ពុជា ចាប់តាំងពីឧស្សាហកម្មអតិពលកម្មនេះចាប់ផ្តើមមានវត្តមាននៅកម្ពុជា។
ក្នុងសេចក្តីថ្លែងការដដែល GMAC បានបន្តទៀតថា “កម្មករនិយោជិតដែលជាស្ត្រីដែលបំពេញការងារក្នុងវិស័យកាត់ដេរគឺជាវីរៈនារីដែលជំរុញសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជាមួយផ្នែកដ៏សំខាន់”។
ច្បាប់ស្តីពីការងារបានបញ្ញតិ្ត និងការពារយ៉ាងដាច់ខាតទៅលើសិទ្ធិការងាររបស់ស្ត្រី និងបានផ្តល់អត្ថប្រយោជន៍យ៉ាងសំខាន់មួយចំនួនសម្រាប់ស្ត្រីដែលបំពេញការងារក្នុងឧស្សាហកម្មដ៏សំខាន់មួយនេះ។ ជាតួយ៉ាង សិទ្ធិរបស់ស្ត្រីក្នុងអំឡុងពេលសម្រាកលំហែមាតុភាពដែលទទួលបានប្រាក់ឈ្នួល និងអត្ថប្រយោជន៍ដទៃទៀត សិទ្ធិក្នុងការឈប់សម្រាកពិសេស សិទ្ធិទទួលប្រាក់ឈ្នួលស្នើគ្នារវាងបុរសនិងស្ត្រី សម្រាប់កម្រិតនៃភាពប៉ិនប្រសប់ខាងវិជ្ជាជីវៈ និងផលដែលធ្វើបានស្នើគ្នា ការធានាការងារប្រឆាំងនឹងការបញ្ឈប់ស្ត្រីក្នុងអំឡុងពេល និងក្រោយពេលសម្រាកលំហែមាតុភាព និងសិទ្ធិរួមទាំង អត្ថប្រយោជន៍ដទៃទៀត ដែលកម្មករនិយោជិតជាស្ត្រីក្នុងវិស័យនេះទទួលបាន។
ក្រៅពីសិទ្ធិដែលមានបញ្ញត្តិក្នុងច្បាប់ស្តីពីការងារ និងបទបដ្ឋានគតិយុត្តិដទៃទៀតដូចខាងលើនេះ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ក៏បានរួមចំណែកក្នុងការលើកតម្កើង និងការពារសិទ្ធិស្ត្រីដែលជាកម្មករ និយោជិតក្នុងវិស័យនេះ តាមរយៈក្រុមការងារមួយចំនួន នៅកន្លែងធ្វើការងារដូចជា៖ ក្រុមការងារសុខភាព និងសុវត្ថិភាពនៅកន្លែងការងារ ក្រុមការងារអេដស៍នៅកន្លែងធ្វើការងារ ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត វេទិកាស្ត្រី និងពង្រីកការយល់ដឹងពីសុខភាពជាច្រើនលើក និងកិច្ចការជាច្រើនទៀត។
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) សូមចូលរួមអបអរសាទរទិវានារីអន្តរជាតិដល់ស្ត្រីដែលជាកម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងផលិតស្បែកជើងនៅកម្ពុជា និងស្ត្រីទាំងឡាយដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កសមិទ្ធផល និងវឌ្ឍនភាពនៃប្រទេសកម្ពុជា។ សមាគមសូមបង្ហាញនូវសុច្ឆន្ទៈរបស់ខ្លួនក្នុងការលើកកម្ពស់សិទ្ធិស្ត្រី និងគាំទ្រនូវរាល់កិច្ចខិតខំប្រឹងប្រែងនានាក្នុងការការពារ និងទប់ស្កាត់ដាច់ខាតរាល់ទម្រង់រំលោភបំពានទៅលើសិទ្ធិរបស់ស្ត្រី៕ ដោយ៖បញ្ញាស័ក្តិ