ភ្នំពេញ ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ ក្រោយពីជួបជុំផឹកស៊ីនៅផ្ទះមិត្តភក្តិហើយ ជិះម៉ូតូធំយ៉ាងលឿនរេចង្កូតជ្រុលទៅបុកដើមឈើ និងជញ្ជាំងផ្ទះប្រជាពលរដ្ឋពេញទំហឹងនេះ។
ហេតុការនេះបានបង្កការភ្ញាក់ផ្អើលឡើងកាលពីយប់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង១០និង៣០នាទី នៅតាមបណ្តោយផ្លូវលេខ៣២៧ ខាងត្បូងសាលាវិទ្យាល័យឥន្ទ្រេវី ប្រមាណជាង២០ម៉ែត្រ ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ខែប រស្មី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរបុគ្គលិកហាង CK ស្នាក់នៅភូមិទួលគោក សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ និងមានស្រុកកំណើតនៅឃុំញ៉ែងញ៉ង ស្រុកត្រាំងកក់ ខេត្តតាកែវ ។
បើតាមមិត្តភក្តិជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ ពួកគាត់មានគ្នា៥នាក់ បានជួបជុំគ្នានៅផ្ទះមិត្តភក្តិម្នាក់ទៀត នៅម្តុំផ្សារដីហុយ ដោយបានផឹកស្រាបៀរអស់ចំនួនកន្លះកេះ បន្ទាប់មកក៏បែកគ្នាទៅផ្ទះរៀងខ្លួន ដោយរូបគាត់បានជិះម៉ូតូធំមួយគ្រឿងម្នាក់ឯង ចំណែកជនជនរងគ្រោះ បានជិះម៉ូតូមួយគ្រឿងម៉ាក ជីប៊ី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DC-4011 ក្នុងទិសដៅពីត្បូងទៅជើង មួយគ្រឿងផ្សេងគ្នា ដោយបើកបរ មុខនិងក្រោយ លុះបើកបរមកដល់ចំណុចកើតហេតុ ខណៈដែលរូបគាត់ជិះទៅមុនចម្ងាយប្រហែល៤០ម៉ែត្រពីគ្នា ស្រាប់តែលឺសំលេងរោន៍ម៉ូតូពេលនោះ រូបគាត់ក្រឡេកមើលឃើញជនរងគ្រោះជ្រុលទៅបុកនិងដើមឈើហើយបន្តទៅបុកជញ្ជាំងផ្ទះប្រជាពលរដ្ឋមួយកន្លែងទៀត ។ ភ្លាមនោះពួករូបគាត់ក៏បានមកមើលឃើញជនរងគ្រោះដេកលែងដឹងខ្លួនទើបខលហៅរថយន្តសង្គ្រោះមកដឹកសង្គ្រោះទៅមន្ទីរពេទ្យ តែពេលក្រុមគ្រូរពេទ្យមកដល់និងក្រោយពីពិនិត្យទើបដឹងថា ជនរងគ្រោះបានបាក់កស្លាប់បាត់ទៅហើយ។
ក្រោយកើតហេតុ សមត្ថកិច្ច បានធ្វើកាវាស់វែងយកម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក រងចាំសាច់ញាត្តិមកទទួលយកត្រឡប់ទៅផ្ទះវិញ។ ដោយឡែក សពជនរងគ្រោះសមត្ថកិច្ចប្រគល់សាច់ញាត្តិយទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖បញ្ញាស័ក្តិ